មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា កម្ពុជា ត្រៀមស្នើដាក់បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះថា ការដែលកម្ពុជា គ្រោងស្នើដាក់បញ្ចូល អាពាហ៍ពិពាហ៍ខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនេះ ក្នុងគោលបំណងដើម្បីរក្សាទុកនូវវប្បធម៌ ប្រពៃណីដ៏សម្បូរបែប ដែលប្រជាពលរដ្ឋកម្ពុជា ខិតខំថែរក្សាតាំងពីបូរាណកាលរហូតមកដល់សព្វថ្ងៃនេះ។
លោកបានថ្លែងថា៖ «នៅក្នុងវប្បធម៌ នៅស្រុកណាក៏មានវប្បធម៌របស់ខ្លួន ហើយតែងតែមានលក្ខណៈពិសេសខុសប្លែកពីគ្នា។ នៅក្នុងការចុះបញ្ជីនេះ គឺយើងចង់បង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកស្រុក អ្នកភូមិ ដែលបានថែរក្សាប្រពៃណីរបស់ដូនតារបស់ពួកគាត់ បានគង់រង្សមកដល់ថ្ងៃហ្នឹង […] ហើយយើងក៏ចង់បង្ហាញពីតម្លៃហ្នឹងទៅកាន់អន្តរជាតិ ថានេះស្រុកខ្មែរ មានការថែរក្សាប្រពៃណីបានល្អហើយ ហើយដើម្បីជាការបង្ហាញថារដ្ឋភាគីកម្ពុជា ដែលមានសហគមន៍នៅក្នុងការការពារហ្នឹង គាត់នឹងខិតខំតទៅទៀត វាដូចជាកិច្ចសន្យាអន្តរជាតិ»។
លោក ស៊ីយ៉ុន សុភារិទ្ធិ បានបន្តទៀតថា ក្រសួងវប្បធម៌ បានប្រមូលនូវឯកសារចាំបាច់ពាក់ព័ន្ធ និងធាតុផ្សំសំខាន់នានដែលចាំបាច់ នៅក្នុងការស្នើទៅកាន់អង្គការយូណេស្កូ ក្នុងនោះរួមមាន វីដេអូប្រមាណជា ១០នាទី ដែលនិយាយអំពីអាពាហ៍ពិពាហ៍ខ្មែរ និងការគាំទ្រផ្សេងៗពីសំណាក់ភាគីអ្នកពាក់ព័ន្ធ។
លោកថា៖ «ប្រមូលធាតុចូលបានច្រើនហើយ ហើយយើងក៏បានរៀបចំទៅតាមតម្រូវការរបស់ខាងយូណេស្កូ គេឱ្យមានវីដេអូខ្លី ១០នាទី មានវីដេអូគាំទ្រផ្សេងៗ មានការបំពេញសំណុំឯកសារ មានព័ត៌មាន […] ហើយមានការរៀបចំដោយមានការចូលរួមពីអ្នកភូមិដែលជាម្ចាស់មរតក និងអ្នកដែលជាប្រតិបត្តិករ កន្លងមក យើងបានធ្វើការជាមួយពួកគាត់ជាច្រើននៅតាមបណ្តាខេត្ត»។
ពិធីរៀបអាពាហ៍ពិពាហ៍ ឬមង្គលការ មានដើមកំណើតចាប់តាំងពីសតវត្សន៍ទី១ ដែលកើតចេញពីរឿងព្រេងនិទានខ្មែរ «ព្រះថោងតោងស្បៃនាងនាគ»។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រសិល្បៈ និងគទានុរក្សសិល្បៈ លោក យាន រស្មី បានថ្លែងថា បេតិកភណ្ឌវប្បធម៌អរូបី មានសារសំខាន់ណាស់នៅក្នុងសង្គមជាតិ និងជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌ ព្រមទាំងជាការផ្សាភ្ជាប់ពីអតីតកាល មកបច្ចុប្បន្នភាព និងទៅអនាគតកាលផងដែរ។
លោកថា៖ «ការយល់នូវបេតិកភណ្ឌអរូបីហ្នឹង វាជួយឱ្យយើងមានទំនាក់ទំនងជាមួយគ្នា ឱ្យមានការផ្លាស់ប្តូរគ្នាជាអន្តរវប្បធម៌ ហើយលើកទឹកចិត្តឱ្យមានការគោរព និងយល់ពីគ្នាទៅវិញទៅមក […] សារសំខាន់របស់វប្បធម៌អរូបី មិនមែនត្រឹមតែកិច្ចពិធីដែលយើងឃើញនៅនឹងមុខ នៅក្នុងពិធីដែលគេប្រារព្ធនោះទេ យើងអាចនិយាយថាវាជាធនធាន ឬជាសម្បត្តិនៃចំណេះដឹង ដែលចែកតពីគ្នាពីជំនាន់មួយទៅជំនាន់មួយ»។
លោកបន្តទៀតថា៖ «ពិធីមង្គលការនេះ ជាពិធីមួយដែលមានប្រណិតភាព និងភាពសម្បើមខ្លាំងមែនទែន បើធៀបជាមួយនឹងកិច្ចពិធីផ្សេងៗទៀត ព្រោះវាជាកិច្ចពិធីមួយដែលនាំមនុស្សឱ្យទៅដល់ទំព័រមួយផ្សេងទៀតនៃជីវិត ហើយក៏ជាការប្រកាសផងដែរនូវកិត្តិយស ក៏ដូចជាភាពថ្លៃថ្នូររបស់គេ […] ក្នុងកិច្ចពិធីរបស់ខ្មែរយើងមួយចំនួនដូចជា បង្វិលពពិល ព្រះថោងតោងស្បៃនាងនាគ គឺសុទ្ធតែជាកិច្ចពិធីដែលពាក់ព័ន្ធជាមួយនឹងទម្លាប់ចាស់ៗរបស់ខ្មែរយើងផង និងសាសនាផង ក៏ដូចជាប្រវត្តិសាស្ត្រខ្មែរផងដែរ»។
ចំណែក ប្រធានសមាគមចាប៉ីអមតៈ លោក ពេជ្រ សារ៉ាត់ យល់ឃើញថា ការដាក់បញ្ចូលពិធីរៀបអាពាហ៍ពិពាហ៍ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ គឺជាការឆ្លើយតបទៅនឹងបុព្វបុរសខ្មែរ និងជាការធានាដើម្បីធ្វើយ៉ាងណាឱ្យមានទំនៀមទម្លាប់នេះបន្តទៅមុខទៀត។
លោកមានប្រសាសន៍ថា៖ «នេះជាការឆ្លើយតបទៅនឹងបុព្វបុរសខ្មែរយើង ដែលគាត់បានបន្សល់ទុកមក ហើយបច្ចុប្បន្នយើងធានា យើងធានាធ្វើម៉េចឱ្យមានពិធីនេះតទៅមុខទៀត។ […] ស្ថិតនៅក្នុងសម័យឌីជីថល យើងអាចធានាបានតាមរយៈការចុះបញ្ជីហ្នឹងឯង។ ថ្វីត្បិតតែវាមិនស្ថិតក្នុងបន្ទាត់ក្រហមនៃការបាត់បង់ តែវាជាកាតព្វកិច្ចក្នុងនាមជាជនជាតិខ្មែរ មិនចាំបាត់ទាល់តែគេលែងការ គេនាំតែគ្នាសែន បានយើងដាក់ចូលជាបេតិកភណ្ឌទេ អំឡុងពេលហ្នឹងយើងត្រូវពញ្ញាក់ស្មារតីផងដែរ»។
ក្នុងនាមជាអ្នកអភិរក្សឧបករណ៍ភ្លេងបុរាណខ្មែរមួយរូប លោកបានសំណូមពរដល់ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ និងក្រសួងអប់រំ ជួយពង្រឹងការយល់ដឹងបន្ថែមអំពីប្រពៃណីនេះ តាមរយៈការដាក់នូវមុខវិជ្ជាសិល្បៈនេះ នៅតាមគ្រឹះស្ថានសិក្សាតាំងពីថ្នាក់តូចៗ។
លោកថា៖ «យើងចង់ឱ្យក្មេងជំនាន់ក្រោយ គាត់ដឹងថាវង់ភ្លេងបុរាណខ្មែរ ដែលមាននៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ហ្នឹងវាមានអ្វីខ្លះ? ហើយធ្វើម៉េចបានស្គាល់? នៅតាមសាលាហ្នឹង ដាក់ឱ្យមានឧបករណ៍ខ្លះទៅ យើងមានគ្រូស្រាប់ហ្នឹង […] ក្មេងៗគាត់ដឹងថាមានភ្លេងការ ប៉ុន្តែបើឱ្យដឹងថាមានឧបករណ៍អ្វីខ្លះគឺគាត់អត់ស្គាល់ទេ ចំណុចហ្នឹងហើយដែលយើងព្រួយបារម្ភ យើងចូលជាបេតិកភណ្ឌហើយ សួរថាយើងយកអីមកពង្រឹង ឱ្យសាកសមថាជាសម្បត្តិបេតិកភណ្ឌ»។
លោក ពេជ្រ សារ៉ាត់ ក៏បានកត់សម្គាល់ឃើញដែរថា ការរៀបអាពាហ៍ពិពាហ៍បច្ចុប្បន្ន មានការកាត់ពិធីខ្លីទៅៗ ដែលអាចប្រឈមនឹងការបាត់នូវអត្តសញ្ញាណនៃពិធីសំខាន់ៗមួយចំនួន។ លោកក៏បានទទូចឱ្យប្រជាពលរដ្ឋ នៅពេលដែលរៀបមង្គលការ ធ្វើទៅតាមប្រពៃណីដើមរបស់ខ្មែរ ដើម្បីជាចំណែកមួយនៅក្នុងការជួយថែរក្សា។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរៀបចំសិក្ខាសាលា ស្តីពី «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ» នៅទីស្តីការក្រសួងផងដែរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អ្នកស្រាវជ្រាវ អ្នកភ្លេងការ អ្នកភ្នួង សិស្សនិស្សិត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។
បើតាមមន្ត្រីក្រសួងវប្បធម៌រូបនេះ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាគិតអំពីយន្តការអភិរក្សមរតកវប្បធម៌ ពោលគឺ «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ» ឱ្យបានគង់វង្សទៅអនាគត ហើយការរួមគ្នាគិតនោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិ ដូចជា អាចារ្យ អ្នកភ្លេង និងអ្នកភ្នួងនោះទេ គឺត្រូវមានការចូលរួមពីគ្រប់ភាគីទាំងអស់៕