មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា កម្ពុជា ត្រៀមស្នើដាក់​បញ្ចូល «អាពាហ៍ពិពាហ៍ខ្មែរ» ​ក្នុង​បញ្ជីបេតិកភណ្ឌវប្បធម៌​អរូបី​នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។​

អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ីយ៉ុន សុភារិទ្ធិ មានប្រសាសន៍នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះថា ការដែលកម្ពុជា ​គ្រោងស្នើដាក់បញ្ចូល អាពាហ៍​ពិពាហ៍​ខ្មែរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនេះ ក្នុងគោលបំណង​ដើម្បី​រក្សាទុក​នូវ​វប្បធម៌ ប្រពៃណីដ៏សម្បូរ​​បែប ដែល​ប្រជាពលរដ្ឋកម្ពុជា ខិតខំថែរក្សាតាំងពីបូរាណកាល​រហូតមកដល់សព្វថ្ងៃនេះ។

លោកបានថ្លែង​ថា៖ «នៅក្នុងវប្បធម៌ នៅស្រុកណាក៏មានវប្បធម៌របស់ខ្លួន ហើយតែងតែមានលក្ខណៈពិសេសខុសប្លែកពីគ្នា។ នៅក្នុងការចុះបញ្ជីនេះ គឺយើងចង់បង្ហាញពីការខិតខំប្រឹងប្រែងរបស់អ្នកស្រុក អ្នក​ភូមិ ដែល​បាន​ថែរក្សាប្រពៃណីរបស់ដូនតារបស់ពួកគាត់ បាន​គង់រង្សមកដល់ថ្ងៃហ្នឹង […] ហើយយើងក៏ចង់បង្ហាញពីតម្លៃហ្នឹងទៅកាន់អន្តរជាតិ ថានេះស្រុកខ្មែរ មានការថែរក្សាប្រពៃណីបានល្អហើយ ហើយដើម្បីជាការបង្ហាញថារដ្ឋភាគីកម្ពុជា ដែលមានសហគមន៍នៅក្នុងការការពារហ្នឹង គាត់នឹងខិតខំតទៅទៀត វាដូចជាកិច្ចសន្យាអន្តរជាតិ»។

លោក ស៊ីយ៉ុន សុភារិទ្ធិ បានបន្តទៀតថា ក្រសួងវប្បធម៌ បានប្រមូលនូ​វឯកសារចាំបាច់ពាក់ព័ន្ធ និងធាតុផ្សំសំខាន់នាន​ដែលចាំបាច់ នៅក្នុងការស្នើទៅកាន់អង្គការយូណេស្កូ ក្នុងនោះ​​រួមមាន វីដេអូប្រមាណ​ជា​ ១០នាទី ដែលនិយាយអំពីអាពាហ៍ពិពាហ៍ខ្មែរ និង​ការគាំទ្រផ្សេងៗពីសំណាក់ភាគីអ្នកពាក់​ព័ន្ធ។

លោកថា៖ «ប្រមូលធាតុចូលបានច្រើនហើយ ហើយយើងក៏បានរៀបចំទៅតាមតម្រូវការរបស់ខាងយូណេស្កូ គេឱ្យ​​មានវីដេអូខ្លី​ ១០នាទី មានវីដេអូគាំទ្រផ្សេងៗ មានការបំពេញសំណុំឯកសារ មានព័ត៌​មាន […] ហើយមានការរៀបចំដោយមានការចូលរួមពីអ្នកភូមិដែលជាម្ចាស់មរតក និងអ្នកដែលជាប្រតិ​បត្តិករ កន្លងមក យើងបានធ្វើការជាមួយពួកគាត់​ជាច្រើននៅតាមបណ្តាខេត្ត»។

ពិធីរៀបអាពាហ៍ពិពាហ៍ ឬមង្គលការ ​មានដើមកំណើត​ចាប់តាំងពី​សតវត្សន៍ទី១ ដែលកើតចេញពីរឿងព្រេង​និទាន​ខ្មែរ «ព្រះថោងតោងស្បៃនាងនាគ»។

សាស្ត្រាចារ្យផ្នែក​ប្រវត្តិសាស្ត្រសិល្បៈ និងគទានុរក្សសិល្បៈ លោក យាន រស្មី បានថ្លែងថា បេតិកភណ្ឌ​​វប្បធម៌​​អរូបី មានសារសំខាន់ណាស់នៅក្នុងសង្គមជាតិ និងជាការ​​ថែ​​រក្សានូវអត្តសញ្ញាណវប្បធម៌ ព្រមទាំង​ជាកា​រផ្សាភ្ជាប់​ពីអតីតកាល មកបច្ចុប្បន្នភាព និងទៅ​អនាគតកាលផងដែរ។

លោក​ថា៖ «ការយល់នូវបេតិកភណ្ឌអរូបី​ហ្នឹង​ វាជួយឱ្យ​​យើង​មានទំនាក់ទំនងជាមួយគ្នា ឱ្យ​​មានការផ្លាស់ប្តូរគ្នា​ជា​អន្តរ​វប្បធម៌ ហើយលើកទឹកចិត្តឱ្យ​មានការគោរព និងយល់ពីគ្នាទៅវិញទៅមក […] សារសំខាន់របស់វប្បធម៌អរូបី មិនមែនត្រឹមតែកិច្ចពិធី​ដែលយើងឃើញនៅនឹងមុខ នៅក្នុងពិធីដែល​គេប្រារព្ធ​នោះ​ទេ យើងអា​ចនិ​យាយថា​វាជាធន​ធាន ឬជាសម្បត្តិនៃចំណេះដឹង ដែលចែកតពីគ្នាពីជំនាន់មួយ​ទៅជំនាន់មួយ»

លោកបន្តទៀតថា​៖ «ពិធីមង្គលការនេះ ជាពិធីមួយដែលមានប្រណិតភាព និងភាពសម្បើមខ្លាំងមែនទែន បើធៀបជាមួយនឹងកិច្ចពិធីផ្សេងៗទៀត ព្រោះវាជាកិច្ចពិធីមួយដែលនាំមនុស្សឱ្យ​ទៅដល់ទំព័រមួយផ្សេងទៀតនៃជីវិត ហើយក៏ជាការប្រកាសផងដែរនូវកិត្តិយស ក៏ដូចជាភាពថ្លៃថ្នូររបស់គេ […] ក្នុងកិច្ចពិធីរបស់ខ្មែរយើងមួយចំនួនដូចជា បង្វិលពពិល ព្រះថោងតោងស្បៃនាងនាគ គឺសុទ្ធតែជាកិច្ចពិធីដែលពាក់ព័ន្ធជាមួយនឹងទម្លាប់ចាស់ៗរបស់ខ្មែរយើងផង និងសាសនាផង ក៏ដូចជាប្រវត្តិសាស្ត្រខ្មែរផងដែរ»។

ចំណែក ប្រធានសមាគម​ចាប៉ីអមតៈ លោក ពេជ្រ សារ៉ាត់ យល់​ឃើញថា ការដាក់បញ្ចូលពិធី​រៀបអាពាហ៍​ពិពាហ៍​ក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ គឺជាការឆ្លើយតបទៅនឹងបុព្វបុរសខ្មែរ និងជាការធានា​ដើម្បីធ្វើយ៉ាងណាឱ្យ​មានទំនៀមទម្លាប់នេះបន្តទៅមុខទៀត។

លោកមានប្រសាសន៍ថា៖ «នេះជាការឆ្លើយតបទៅនឹងបុព្វបុរសខ្មែរយើង ដែលគាត់បានបន្សល់ទុកមក ហើយបច្ចុប្បន្នយើងធានា យើងធានាធ្វើម៉េចឱ្យ​​មានពិធីនេះតទៅមុខទៀត។ […] ស្ថិតនៅក្នុងសម័យ​ឌីជីថល យើងអាចធានាបានតាមរយៈការចុះបញ្ជី​ហ្នឹង​ឯង។ ថ្វីត្បិតតែវាមិនស្ថិតក្នុងបន្ទាត់ក្រហមនៃការបាត់បង់ តែវាជាកាតព្វកិច្ចក្នុងនា​មជាជនជាតិខ្មែរ មិនចាំបាត់ទាល់តែគេលែងការ គេ​នាំតែគ្នាសែន បានយើងដាក់ចូលជាបេតិកភណ្ឌទេ អំឡុង​ពេលហ្នឹងយើងត្រូវពញ្ញាក់​ស្មារតីផងដែរ»

ក្នុងនាមជាអ្នកអភិរក្សឧបករណ៍ភ្លេងបុរាណខ្មែរមួយរូប លោកបានសំណូមពរដល់​ក្រសួងពាក់ព័ន្ធ ជាពិសេស​ក្រសួងវប្បធម៌ និងក្រសួងអប់រំ​ ជួយ​​ពង្រឹងការយល់ដឹងបន្ថែម​អំពីប្រពៃណីនេះ ​តាមរ​យៈ​ការដាក់​នូវមុខវិជ្ជាសិល្បៈ​នេះ ​នៅតាមគ្រឹះស្ថានសិក្សាតាំងពីថ្នាក់តូចៗ។

លោកថា៖​​ «យើងចង់ឱ្យ​​ក្មេងជំនាន់ក្រោយ គាត់ដឹងថាវង់ភ្លេងបុរាណខ្មែរ ដែលមាននៅក្នុងពិធី​រៀបអាពាហ៍​ពិពាហ៍ហ្នឹង​វាមាន​អ្វីខ្លះ? ហើយធ្វើម៉េចបានស្គាល់? នៅតាមសាលាហ្នឹង ដាក់ឱ្យ​​មានឧបករណ៍ខ្លះទៅ យើងមានគ្រូស្រាប់ហ្នឹង […] ក្មេងៗគាត់ដឹងថាមានភ្លេងការ ប៉ុន្តែបើឱ្យ​ដឹងថាមាន​ឧបករ​ណ៍​អ្វីខ្លះគឺគាត់អត់ស្គាល់ទេ ចំណុចហ្នឹងហើយដែលយើងព្រួយបារម្ភ យើងចូលជាបេតិកភណ្ឌហើយ សួរថាយើងយក​អី​មក​ពង្រឹង ឱ្យ​សាកសមថាជាសម្បត្តិបេតិកភណ្ឌ»

លោក ពេជ្រ សារ៉ាត់ ក៏បានកត់សម្គាល់ឃើញដែរថា ការរៀប​អាពាហ៍ពិពាហ៍បច្ចុប្បន្ន មាន​ការ​កាត់ពិធី​ខ្លីទៅៗ ដែលអាចប្រឈម​នឹង​ការ​បាត់​នូវ​អត្តសញ្ញាណនៃពិធីសំខាន់ៗមួយចំនួន។ លោកក៏បានទទូចឱ្យ​​ប្រជាពលរដ្ឋ នៅពេលដែលរៀបមង្គលការ ធ្វើ​ទៅតាមប្រពៃណីដើម​របស់​ខ្មែរ ដើម្បីជា​ចំណែកមួយ​នៅក្នុងការជួយថែរក្សា។​

កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏​បានរៀបចំសិក្ខាសាលា ស្តីពី «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ» នៅទីស្តីការក្រសួងផងដែរ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំក្រសួង​ អ្នក​ស្រាវជ្រាវ អ្នក​ភ្លេង​ការ អ្នក​ភ្នួង សិស្សនិស្សិត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

បើតាមមន្ត្រីក្រសួងវប្បធម៌រូបនេះ សិក្ខាសាលា​នេះ ធ្វើឡើងក្នុងគោលបំណង​រួមគ្នាគិតអំពីយន្តការអភិរក្ស​មរតកវប្បធម៌ ពោលគឺ «អាពាហ៍ពិពាហ៍ក្នុងសង្គមខ្មែរ» ឱ្យ​​បានគង់វង្សទៅអនាគត ហើយ​ការ​​​​រួមគ្នាគិត​នោះ គឺមិនសំដៅតែម្ចាស់មរតក ឬអ្នកប្រតិបត្តិ ដូចជា អាចារ្យ អ្នកភ្លេង និងអ្នកភ្នួង​​នោះទេ គឺត្រូវ​មាន​ការចូលរួ​ម​ពីគ្រប់ភាគីទាំងអស់៕