លោកលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវឱ្យអ្នកលក់ផលិតផលឡេលាបឱ្យស្បែកសទាំងអស់ គិតគូរដល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ ដោយកុំដើម្បីតែភាពជោគជ័យក្នុងជំនួញខ្លួន ធ្វើឱ្យប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹងថា កន្លងមក ធ្លាប់មានមន្ត្រីទាហានម្នាក់ បានរងគ្រោះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល បន្ទាប់ពីរូបគាត់បានប្រើប្រាស់ឡេលាបឱ្យស្បែកសលឿន។
ករណីនេះ លោកអំពាវនាវដល់អ្នកផលិត និងអ្នកលក់ផលិតផលឡេលាបស្បែកទាំងតាមអនឡាញ និងនៅលើទីផ្សារទាំងអស់ ត្រូវគិតគូរពីសុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាជាងការលក់ផលិតផលដែលគ្មានគុណភាព សុវត្ថិភាព ហើយលក់ដើម្បីតែភាពជោគជ័យក្នុងជំនួញរបស់ខ្លួនឯង។
លោកថ្លែងថា៖ «សូមគិតគូរអំពីការប្រើប្រាស់ ខ្ញុំមានកូនទាហានខ្ញុំម្នាក់យកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ធម្មជាតិម៉ែបង្កើតមកយ៉ាងមិច យកហ្នឹងទៅ[…] ហើយបងប្អូនដែលលក់ផលិតផល សូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ផលិតផលយើងជោគជ័យតែត្រូវមានទំនួលខុសត្រូវ ហើយអ្នកប្រើសូមឱ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាននី មានប្រសាសន៍ថា ជាទូទៅ ផលិតផលគ្រឿងសំអាងនៅលើទីផ្សារ មានខ្លះគុណភាពល្អ និងខ្លះមិនសូវល្អ ប៉ុន្តែអ្នកប្រើប្រាស់គួរតែមានការស្វែងយល់ពីផលិតផលទាំងនោះឱ្យបានច្បាស់ មុននឹងប្រើប្រាស់។
លោកថ្លែងថា៖ «ជាទូទៅផលិតផល គឺមិនមានខុស ឬត្រូវទេ វាគឺជាការប្រើប្រាស់ខុសដោយអ្នកប្រើប្រាស់មួយចំនួន ដូចជា ការប្រើជ្រុល ឬការប្រើប្រាស់ដោយគ្មានការពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ម៉្យាងវិញទៀត វាគឺជាការខ្វះការយល់ដឹងលើផលិតផល មុនពេលចាប់ផ្តើមប្រើប្រាស់»។
លោកបន្តថា ការអប់រំសុខភាព និងការលើកកម្ពស់សុខភាព គឺជាអាទិភាពមួយរបស់ក្រសួងសុខាភិបាល ហើយក្រសួងកំពុងបង្កើនការយល់ដឹងជាសាធារណៈ លើបញ្ហាជាច្រើនអំពីការថែទាំសុខភាព និងការបង្ការ។ លោកក៏បានអំពាវនាវដល់អ្នកដែលប្រើប្រាស់ផលិតផលគ្រឿងសំអាង និងផលិតផលទាក់ទងនឹងសុខភាព ក៏ដូចជាផលិតផលអាហារបំប៉នជាដើម សូមស្តាប់តាមការណែនាំរបស់គ្រូពេទ្យ និងអានការណែនាំនៅក្នុងផលិតផលនោះឱ្យបានត្រឹមត្រូវ ហើយកុំប្រើប្រាស់លើសកម្រិត។
នាយកប្រតិបត្តិគ្លីនីកមិត្តភាពកំពង់ឆ្នាំង និងជាប្រធានផ្នែកផែនការយុទ្ធសាស្ត្រនៃគ្លីនីករួមមិត្តលោកវេជ្ជបណ្ឌិត សុខ រ៉ាផុន គាំទ្រនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រី ព្រោះលោកសង្កេតឃើញថា អ្នកប្រើប្រាស់អាយុចន្លោះពី ១៨ឆ្នាំ ទៅ៤៥ឆ្នាំ គឺជាវ័យដែលមានតម្រូវការខ្លាំងក្នុងការប្រើប្រាស់គ្រឿងសម្អាងគ្រប់បែបយ៉ាង។
លោកថ្លែងថា៖ «អ្នកលក់ដែលមានវិជ្ជាជីវៈ អ្នកលក់ដែលមានក្រមសីលធម៌អ្នកលក់ អីចឹងត្រូវគិតថា ប្រសិនបើរបស់នោះល្អច្បាស់ណាស់ ជាគាត់ហ៊ានប្រើដោយខ្លួនឯងដែរ អ្នកខ្លះគាត់មិនហ៊ានប្រើរបស់ដែលគាត់នាំចូលទេ ព្រោះគាត់ដឹងថាផលិតផលនោះ មានផលប៉ះពាល់ផ្សេងៗ។ យើងបារម្ភបំផុតរាល់ថ្ងៃអ្នកលក់ឡេ លក់គ្រឿងសម្អាងគ្រប់ប្រភេទ សម្រាប់ខ្ញុំផ្ទាល់ក្នុងនាមជាគ្រូពេទ្យម្នាក់ សូមឱ្យគិតអំពីគុណភាព សុខភាព ប្រសិទ្ធិភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់»។
លោកបញ្ជាក់ថា ការប្រើប្រាស់នូវផលិតផលដែលមានការពិសោធន៍ និងវាយតម្លៃពីគុណភាពត្រឹមត្រូវ ហើយមានការណែនាំច្បាស់លាស់ នឹងមិនមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេ ។ ករណីនេះ លោកស្នើដល់អ្នកនាំចូល ត្រូវនាំចូលតែផលិតផលណាដែលល្អចំពោះសុខភាព និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់បានហើយ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងចង់លើកទឹកចិត្តទៅដល់អ្នកនាំចូលនោះ គឺសូមនាំតែផលិតផលដែលមានគុណភាព មានប្រសិទ្ធភាព សុវត្ថិភាពចំពោះអ្នកប្រើប្រាស់នោះពិសេស និងល្អបំផុត»។
ឡេ និងឡេលាយ គឺជាវត្ថុធាតុរាវ ដែលផ្សំឡើយដោយសារធាតុគីមីផ្សេងៗ សម្រាប់លាបស្បែកដងខ្លួន ស្បែកមុខ ជើង និងដៃ ជាដើម។ ការប្រើប្រាស់ឡេ និងឡេលាយ ដើម្បីលាបលើស្បែក ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាមធ្យោបាយបាយដើម្បីធ្វើឱ្យស្បែកសស្អាត និងទទួលបានភាពទាក់ទាញ។
លោកវេជ្ជបណ្ឌិត ហេង យូសេង បម្រើការងារនៅផ្នែកជំងឺស្បែកនៃមន្ទីរពេទ្យព្រះកុសុមៈ ធ្លាប់ប្រាប់គេហទំព័រ Hello គ្រូពេទ្យថា ការប្រើប្រាស់ឡេលាយពិតជាមានផលប៉ះពាល់ ហើយផលប៉ះពាល់នោះ មិនមែនឃើញភ្លាមៗនោះទេ។ លោកថ្លែងថា៖ «ប្រើឡេលាយផលប៉ះពាល់ មិនមែនលេចចេញភ្លាមៗទេ ប្រើពេលយ៉ាងតិចពី ១-២ខែ អាហ្នឹងយើងអាចចាត់ជារយៈពេលខ្លីហើយ។ អ្នកខ្លះគាត់ប្រើដំបូងអ៊ីចឹងទៅ មុខសស្អាត ប៉ុន្តែមានសម្គាល់អត់បន្ទាប់ពីប្រើមួយរយៈ មុខយើងប្រែជាស្តើង ចេញសរសៃក្រហមៗ ប៉ុន្តែពេលយើងខានឬឈប់ប្រើវា ស្រាប់តែផ្ទៃមុខយើងឡើងរមាស់ ខ្មៅស្រអាប់ ឡើងមុន ប៉ុន្តែមុននោះ មិនមានគ្រាប់ទេ គ្រាន់តែក្រហមកន្ទួលៗ»៕