លោកលោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត អំពាវនាវ​ឱ្យអ្នកលក់ផលិតផល​ឡេ​លាប​ឱ្យ​ស្បែក​ស​ទាំង​អស់ គិតគូរដល់សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដោយ​កុំ​ដើម្បីតែភាពជោគជ័យ​​ក្នុង​ជំនួញខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់។​

​​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» កាលពី​​ថ្ងៃ​ទី​១៣ ខែមី​នា ឆ្នាំ២​០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឱ្យដឹង​ថា កន្លងមក ធ្លាប់មាន​មន្ត្រីទាហានម្នាក់ បាន​​រងគ្រោះ និង​ត្រូវបាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល បន្ទាប់ពីរូបគាត់បានប្រើប្រាស់​ឡេលាប​​​ឱ្យ​ស្បែកស​លឿន។

ករណីនេះ លោក​អំពាវនាវ​ដល់​​អ្នកផលិត​ និងអ្នកលក់ផលិត​ផល​ឡេលាបស្បែក​ទាំងតាមអនឡាញ និងនៅលើទីផ្សារទាំង​អស់ ត្រូវ​គិត​គូរ​ពីសុខភាព និង​សុវត្ថិភាពអ្នកប្រើប្រាស់ ជាជាង​ការ​លក់ផលិត​ផល​ដែល​គ្មានគុណភាព សុវត្ថិភាព​ ហើយលក់ដើម្បីតែភាពជោគ​ជ័យក្នុងជំនួញ​​របស់ខ្លួន​ឯង​។

លោកថ្លែងថា៖ «សូមគិតគូរអំពីការប្រើប្រាស់ ខ្ញុំមានកូនទាហានខ្ញុំម្នាក់​យកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ធម្មជាតិម៉ែបង្កើត​មក​យ៉ាងមិច យកហ្នឹងទៅ[…] ហើយបងប្អូនដែលលក់ផលិតផល សូមគិតគូរពីបញ្ហាសុខភាព​របស់អ្នកប្រើប្រាស់ នេះ​ជា​ការ​ធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាប​ឱ្យ​គាត់ ផលិតផល​យើង​ជោគ​ជ័យ​តែត្រូវ​មានទំនួល​ខុស​ត្រូវ ហើយ​អ្នកប្រើ​សូម​ឱ្យ​មាន​ការ​គិតគូរ ការអប់រំ​សុខភាព ព្រោះអត់ស្រួលទេ»

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក​ កុយ វ៉ាននី មានប្រសាសន៍​ថា ជាទូទៅ ផលិតផលគ្រឿង​សំអាង​នៅលើទីផ្សារ មានខ្លះគុណភាព​ល្អ និងខ្លះ​មិនសូវល្អ​ ប៉ុន្តែអ្នកប្រើប្រាស់គួរតែមានការស្វែង​​យល់​ពី​ផលិត​ផលទាំង​​នោះ​ឱ្យបាន​ច្បាស់ ​មុន​នឹង​​ប្រើ​ប្រាស់។

លោកថ្លែងថា៖ «ជាទូទៅផលិតផល គឺមិនមាន​ខុស ឬត្រូវទេ វាគឺជាការប្រើប្រាស់ខុស​ដោយអ្នកប្រើប្រាស់មួយចំនួន ដូច​ជា ​ការ​ប្រើជ្រុល ឬការប្រើប្រាស់ដោយគ្មានការពិគ្រោះយោបល់​ជាមួយគ្រូពេទ្យ ម៉្យាងវិញទៀត​ វាគឺជាការខ្វះការយល់ដឹង​លើផលិត​​ផល​ មុនពេលចាប់ផ្តើមប្រើប្រាស់»។

លោកបន្ត​ថា ការអប់រំសុខភាព និងការលើកកម្ពស់សុខភាព គឺជាអាទិភាពមួយ​របស់ក្រសួងសុខាភិបាល ហើយក្រសួង​កំពុងបង្កើនការយល់ដឹងជាសាធារណៈ លើបញ្ហាជាច្រើនអំពីការថែទាំសុខ​ភាព និងការបង្ការ​​។ លោក​ក៏បានអំពាវនាវ​ដល់​​អ្នកដែលប្រើប្រាស់ផលិតផលគ្រឿងសំអាង និងផលិតផលទាក់ទងនឹងសុខភាព ក៏ដូចជាផលិតផលអាហារបំប៉ន​ជាដើម សូម​ស្តាប់តាម​ការ​ណែនាំ​របស់គ្រូពេទ្យ និង​​​អាន​ការណែនាំនៅក្នុងផលិត​ផលនោះ​ឱ្យ​​បានត្រឹមត្រូវ​ ហើយកុំ​ប្រើប្រាស់​​លើ​ស​​កម្រិត។

នាយកប្រតិបត្តិគ្លីនីកមិត្តភាពកំពង់ឆ្នាំង​ និងជាប្រធាន​ផ្នែកផែនការ​យុទ្ធសាស្ត្រ​នៃ​គ្លីនីក​រួមមិត្ត​លោកវេជ្ជបណ្ឌិត សុខ រ៉ាផុន គាំទ្រនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រី ព្រោះលោកសង្កេតឃើញថា អ្នកប្រើប្រាស់អាយុចន្លោះពី ១៨ឆ្នាំ ទៅ៤៥ឆ្នាំ គឺជាវ័យដែលមានតម្រូវការខ្លាំងក្នុងការប្រើប្រាស់គ្រឿងសម្អាងគ្រប់បែបយ៉ាង។

លោកថ្លែងថា៖ «អ្នកលក់ដែលមានវិជ្ជាជីវៈ អ្នកលក់ដែលមានក្រមសីលធម៌អ្នកលក់ អីចឹងត្រូវគិតថា ប្រសិនបើរបស់នោះល្អច្បាស់ណាស់ ជាគាត់ហ៊ានប្រើដោយខ្លួនឯងដែរ អ្នកខ្លះគាត់មិនហ៊ានប្រើរបស់ដែលគាត់នាំចូលទេ ព្រោះគាត់ដឹងថាផលិតផលនោះ មានផលប៉ះពាល់ផ្សេងៗ។ យើងបារម្ភបំផុតរាល់ថ្ងៃអ្នកលក់ឡេ លក់គ្រឿងសម្អាងគ្រប់ប្រភេទ សម្រាប់ខ្ញុំផ្ទាល់​ក្នុងនាមជាគ្រូពេទ្យម្នាក់ សូមឱ្យគិតអំពី​គុណភាព សុខភាព ប្រសិទ្ធិភាព និងសុវត្ថិ​ភាពសម្រាប់អ្នកប្រើប្រាស់»។

លោកបញ្ជាក់ថា ការប្រើប្រាស់នូវផលិត​ផល​ដែលមានការពិសោធន៍ និងវាយតម្លៃ​ពីគុណភាពត្រឹម​ត្រូវ ហើយមានការ​ណែនាំច្បាស់លាស់ នឹង​មិន​មានផលប៉ះពាល់ដល់អ្នកប្រើប្រាស់នោះទេ ។ ករណីនេះ លោកស្នើដល់អ្នកនាំចូល ត្រូវ​​នាំចូលតែផលិតផលណាដែលល្អចំពោះសុខភាព និង​មានសុវត្ថិភាពដល់អ្នកប្រើប្រាស់​បានហើយ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងចង់លើកទឹកចិត្តទៅដល់អ្នកនាំចូលនោះ គឺសូមនាំតែផលិតផលដែលមានគុណភាព មានប្រសិទ្ធភាព សុវត្ថិភាពចំពោះអ្នកប្រើប្រាស់នោះពិសេស និងល្អបំផុត»។

ឡេ និង​ឡេ​លាយ គឺ​ជា​វត្ថុ​ធាតុ​រាវ ដែល​ផ្សំ​ឡើយ​ដោយ​សារធាតុ​គីមី​ផ្សេងៗ សម្រាប់​លាប​ស្បែក​ដង​​ខ្លួន ស្បែក​មុខ ជើង និង​ដៃ ជាដើម។ ការ​ប្រើប្រាស់​ឡេ និង​ឡេ​លាយ ដើម្បី​លាប​លើ​ស្បែក ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ចាត់​ទុក​ថា ជា​មធ្យោបាយ​បាយ​ដើម្បី​ធ្វើ​ឱ្យ​​ស្បែក​ស​ស្អាត និង​ទទួល​បាន​​ភាព​ទាក់ទាញ។

លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែកនៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ធ្លាប់ប្រាប់គេហទំព័រ Hello គ្រូពេទ្យថា ការប្រើប្រាស់ឡេលាយ​ពិតជាមានផលប៉ះពាល់ ហើយផលប៉ះពាល់នោះ មិនមែនឃើញភ្លាមៗនោះទេ។ លោកថ្លែង​ថា៖ «ប្រើ​​ឡេ​លាយ​​ផល​ប៉ះពាល់ ​មិន​មែន​លេច​ចេញ​ភ្លាមៗ​ទេ ប្រើ​ពេល​យ៉ាង​តិច​ពី ១-២ខែ អាហ្នឹង​យើង​អាច​ចាត់​ជា​រយៈពេល​ខ្លី​ហើយ។ អ្នក​ខ្លះ​គាត់​ប្រើ​ដំបូង​អ៊ីចឹង​ទៅ មុខ​ស​ស្អាត ប៉ុន្តែ​មាន​សម្គាល់​អត់​បន្ទាប់​ពី​ប្រើ​មួយ​រយៈ មុខ​យើង​ប្រែ​ជា​ស្តើង ចេញ​សរសៃ​ក្រហមៗ ប៉ុន្តែ​ពេល​យើង​ខាន​ឬ​ឈប់​ប្រើ​វា ស្រាប់​តែ​ផ្ទៃ​មុខ​យើង​ឡើង​រមាស់ ខ្មៅ​ស្រអាប់ ឡើង​​មុន ប៉ុន្តែ​មុន​នោះ​ មិនមាន​គ្រាប់​ទេ គ្រាន់​តែ​ក្រហម​កន្ទួលៗ»៕