ចៅក្រម​ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី​ ឡេង ចាន់ណា និងបក្ខពួក​ ២នាក់​ទៀត នៅពន្ធនាគារ​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងសម្អាតប្រាក់។

អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទៅ​តាមដីកាបញ្ជា​ឱ្យចូលខ្លួន​របស់​តំណាង​អយ្យការអមសាលាដំបូងខេត្ត ដោយផ្អែក​​តាមបណ្តឹង​របស់​ប្រជាពលរដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា​ បន្ទាប់ពីបាន​សួរចម្លើយជនត្រូវចោទ ​ពិនិត្យភស្តុតាង​ក្នុងសំណុំរឿង ព្រមទាំងការ​ពិចារណាលើអង្គហេតុ និងអង្គច្បាប់​រួចមក ចៅក្រមស៊ើបសួរបានសម្រេច​ឃុំខ្លួន​ជនត្រូវចោទទាំង៣រូប ដាក់ពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ 

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។

ជនត្រូវចោទទាំង៣នោះ រួមមាន អ្នកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ មានងារជាឧកញ៉ា និងជាអ​គ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក, លោក ចាន់ ឃីន​ អាយុ ៣០ឆ្នាំ និងលោក ផិន សាមាន​ អាយុ ៣១ឆ្នាំ​​ ត្រូវបាន​​ចោទ​ប្រកាន់​ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការ​ចាត់តាំង)» តាមមាត្រា ៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលា​ដំបូងខេត្ត។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះដែរ ប្រមុខរដ្ឋស្តីទី លោកសាយ ឈុំ ក៏​បានចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា នេះផងដែរ។ 

លោក នួន នឿត អះអាងថាជាជនរងគ្រោះពីការឆបោករបស់ក្រុមអ្នកស្រី​ឡេង ចាន់ណា បាន​​​បង្ហាញ​ការគាំទ្រចំពោះចំណាត់ការ​របស់​តុលាការទៅលើ​ជនត្រូវចោទទាំង៣រូប។ ប៉ុន្តែលោកថា អាជ្ញាធរមានសមត្ថកិច្ច គួរតែមានចំណាត់ការ​ច្បាប់ទៅលើ​​បក្ខពួកឆបោកទាំងអស់នៅក្នុង​​ក្រុមរបស់​ ឧកញ៉ា ឡេង ចាន់ណា ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកថា៖ «បើយើងឃាត់ខ្លួនចឹងក៏ល្អដែរ ព្រោះត្រូវឃាត់ខ្លួនទាំង ២៥នាក់​ទៀត​​​[សមាជិកឆបោក]នោះដែរ ព្រោះអា ២៥នាក់នោះ ក៏ទាក់ទងនឹងរឿងហ្នឹងដែរ» 

បើតាម លោក នួន នឿត គឺរូប​លោកបាន​ដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនប្រ៊ីលាន​ស៊ីធី​វើលដ៍​តាំងពីឆ្នាំ​២០២២ ហើយ​ការដាក់វិនិយោគនេះ​ធ្វើឡើង៣ដំណាក់កាល ដោយ​លោក​​បានខាតបង់ទឹកប្រាក់សរុបចំនួន ៥ ៥០០០ដុល្លារ។

លោក​បាន​សំណូមពរដល់តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច​​រឹបអូស​ទ្រព្យសម្បត្តិរបស់​អ្នកស្រី ឡេង ចាន់ណា មកដោះស្រាយ​ជូន​​ពលរដ្ឋទាំងអស់​​ដែល​​រង​គ្រោះពីការឆបោកនេះ ទោះ​ជា​មិនបានប្រាក់ការដែលក្រុមឧកញ៉ា ឡេង ចាន់ណា ធានាផ្តល់ជូនក៏ដោយ តែលោកចង់បាន​នូវ​សំណងប្រាក់ដើម​របស់​លោក​មក​វិញ។ 

លោកបន្ថែមថា៖ «អចលនទ្រព្យដែលគាត់​ [ឧកញ៉ា ឡេង ចាន់ណាទិញគាត់ធ្វើអីៗទាំងអស់ប៉ុន្មានហ្នឹង តើមានប៉ុន្មាននៅក្នុងខ្លួនគាត់ ដែលលុយកាក់គាត់អីនៅកន្លែងណាខ្លះហ្នឹង ឃាត់ខ្លួនគាត់ដើម្បីចង់ឱ្យ​គាត់ហ្នឹងរកដំណោះស្រាយឱ្យ​យើងហ្នឹងឯង តើមានអ្វីខ្លះដែលត្រូវដោះស្រាយជូនប្រជាជនដែលគ្នាកំពុងរង់ចាំយូរហើយ ទាំងគេទាំងខ្ញុំ» 

ចំណែក ជនរងគ្រោះពីការឆបោក​ម្នាក់ទៀត អ្នកស្រី លន់ ស៊ីថា មានប្រសាសន៍ស្រដៀងគ្នា​នេះដែរ​​ថា ក្រៅពីការចាប់​ខ្លួន​ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកហើយ អ្នកស្រីចង់ឱ្យ​មានការបើកបង្ហាញទ្រព្យសម្បត្តិរបស់​ឧកញ៉ា ឡេង ចាន់ណា ជាសាធារណៈ និងលក់ទ្រព្យសម្បត្តិ​ទាំង​នោះ​ ដើម្បី​ជា​សំណងជូន​ពលរដ្ឋរងគ្រោះវិញ។ 

អ្នកស្រីថា៖ «ដំណោះស្រាយជូនពួកខ្ញុំ ក្រោយពីការឃាត់ខ្លួនហើយគឺបើកបង្ហាញពីទ្រព្យសម្បត្តិដែលយកលុយពីពួកយើងទៅទិញទាំងប៉ុន្មានដាក់លើតុ ហើយលក់ទៅ ឡៃឡុងទៅ បានប៉ុន្មានយកមកចែកពួកយើងខ្លះៗមក កុំឱ្យ​អត់ឈឹងចឹង [] ខ្ញុំចង់បានលុយខ្លះៗយកមកដោះស្រាយជីវភាព ព្រោះយើងជំពាក់លុយធនាគារ ខ្ញុំប្រហែល ២៨០០(ដុល្លា) បង់ធនាគារ ចឹងបើឱ្យ​​គ្រាន់តែគាត់ជាប់ទោសជាប់ទណ្ឌទៅ​ ពួកយើងអត់មានបានលុយសោះ ពួកខ្ញុំអត់ចង់បានចឹងទេ ចង់បានដំណោះស្រាយឱ្យ​បានលុយខ្លះមកវិញ» 

នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ដំណើរ​ការ​បន្ទាប់ពីការចោទប្រកាន់ និងឃុំខ្លួន​​ជាបណ្តោះអាសន្ន​ទៅលើ​ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកហើយ តុលាការ និងអាជ្ញាធរមានសមត្ថកិច្ច គួរតែមានការប្រមូល​ទ្រព្យ​សម្បត្តិ​របស់​ជន​ត្រូវចោទ សងត្រឡប់ទៅ​ប្រជាពលរដ្ឋរងគ្រោះវិញ។  

លោក​ថា៖ «ទាក់ទងនឹងបញ្ហាលុយកាក់ ឬក៏ការឆបោកទាំងអស់ហ្នឹងតុលាការ​គេអាចពិនិត្រមើលចុងក្រោយទៅលើការលក់ឡៃឡុង ទៅលើទ្រព្យសម្បត្តិ ទៅលើអចលនទ្រព្យ ដើម្បីសងទៅប្រជាពលរដ្ឋ ប៉ុន្តែអាហ្នឹងវាទាល់តែមានការស៊ើបអង្កេតប្រមូលភស្តុតាងអំពីទ្រព្យសម្បត្តិរបស់ឧកញ៉ា ឡេង ចាន់ណា»