សកម្មជនដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន គ្រោងដាក់ពាក្យបណ្តឹងប្តឹងមន្ទីរបរិស្ថានខេត្តសៀមរាប ទៅតុលាការ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ បន្ទាប់ពីមន្ទីរបរិស្ថានខេត្ត បានចេញសេចក្តីប្រកាសព័ត៌មានមួយចោទរូបលោក និងក្រុមការងារ ថាបានបំផុសចលនាឱ្យពលរដ្ឋរំលោភយកដីរដ្ឋដោយខុសច្បាប់។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ មានទំព័រហ្វេសបុកឈ្មោះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្តីពីកម្ពុជា ដែលបានរៀបចំដោយបុគ្គល ឈ្មោះ ស្រ៊ុន ស្រ៊ន
និង កញ្ញា ភឺង សោភា បានធ្វើការផ្សាយព័ត៌មាន ដែលមានចេតនាបំផុសឱ្យមានការប្រព្រឹត្តបទល្មើសរំលោភដីរដ្ឋ ដែលកាន់កាប់ដោយសហគមន៍នៅតំបន់ការពារធម្មជាតិព្រៃធំពពេល ភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ទីរបរិស្ថានខេត្ត បន្តថា បុគ្គល ឈ្មោះ ស៊្រុន ស៊្រុន និងកញ្ញា ភឹង សោភា បានលើកឡើងថា បុគ្គលឈ្មោះ ពុំ សែន បានប្រកាសប្រគល់ដីរបស់គាត់ ប្រមាណ ៤ហិកតា ឱ្យអ្នកទាំង២ សម្រាប់ធ្វើជា «ភូមិឃុំពាណិជ្ជកម្ម» និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីរៀបចំជាកន្លែងសិក្សាសង្គមច្បាប់។ល។ មន្ទីរបរិស្ថាន បញ្ជាក់ទៀតថា ដីនោះស្ថិតនៅទីតាំងដីរដ្ឋ គ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ តាមលិខិតរបស់ក្រសួងបរិស្ថាន ហើយបុគ្គលឈ្មោះ ពុំ សែន ពុំកម្មសិទ្ធិដូចការប្រកាសនោះទេ ខណៈបុគ្គលរូបនេះធ្វើកិច្ចសន្យាឈប់កាប់រានដីសហគមន៍ធ្វើជាកម្មសិទ្ធផងដែរ។
ជុំវិញករណីនេះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោក ស្រ៊ុន ស្រ៊ន មានប្រសាសន៍ប្រាប់ Newsroom Cambodia នៅថ្ងៃទី១១ ខែមីនាថា លោកមិនអាចទទួលយកបានឡើយចំពោះការចេញសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្ត ដែលមានលក្ខណៈចោទប្រកាន់ និងបរិហារកេរ្តិ៍ទៅលើរូបលោក និងក្រុមការងារ ដោយពុំមានការសួរនាំសាច់រឿងឱ្យបានច្បាស់ជាមុន។ លោកបញ្ជាក់ថា លោកមិនមានចេតនា និងមិនបានទៅញុះញង់ប្រជាពលរដ្ឋឱ្យទន្ទ្រានយកដីរដ្ឋនោះទេ ហើយការបង្កើតភូមិឃុំពាណិជ្ជកម្មនៅសហគមន៍នោះ ក៏ធ្វើឡើងគោលបំណងចែករំលែកចំណេះដឹង ពាក់ព័ន្ធនឹងការដាំដុះ ការបង្កបង្កើនផល និងចំណេះដឹងផ្សេងៗទៀត ទៅដល់ប្រជាពលរដ្ឋ ដើម្បីជួយបង្កើនជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណោះ។
ករណីនេះ លោកថា រូបលោកនឹងរៀបចំពាក្យបណ្តឹង ប្តឹងមន្ទីរបរិស្ថានខេត្តសៀមរាប ទៅកាន់តុលាការខេត្តសៀមរាប ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ។
លោកថា៖ «ការដែលមន្ទីរ[បរិស្ថានខេត្តសៀមរាប]ចោទយ៉ាងនេះ ពួកយើងអត់សុខចិត្តទេ ព្រោះពួកយើងមិនបានប្រព្រឹត្តបទល្មើសទាំងឡាយ ហើយក៏មិនមានចេតនា ឬក៏ជំរុញឱ្យខ្មែរទាំងឡាយណាទៅយកដីរដ្ឋទេ ហើយសាក្សីពួកយើងមិនខ្វះទេ សាក្សីផ្ទាល់ដែលនៅទីនោះប្រមាណជាជិត១០០រូប សួរទៅពួកគាត់មើលថាតើប៉ុន្មាននាក់ដែលលឺសូរថាពួកយើងញុះញង់ឱ្យពួកគាត់ទៅយកដីហ្នឹង»។
លោក ស៊្រុន ស្រ៊ន បញ្ជាក់ថា កន្លងមក រូបលោក និងក្រុមការងារ ក៏ធ្លាប់រៀបចំ «ភូមិឃុំពាណិជ្ជកម្ម» នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដូចជា នៅខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ឆ្នាំងជាដើម។
ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ បានបដិសេធអត្ថាធិប្បាយ។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបដិសេធអត្ថាធិប្បាយដែរជុំវិញការរៀបចំបណ្តឹងរបស់លោក ស៊្រុន ស្រ៊ន ប្តឹងមន្ទីរបរិស្ថានខេត្តសៀមរាប ដោយថា លោកពុំទាន់ឃើញបណ្តឹងនោះនៅឡើយ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ដីដែលលោក ពុំ សែន ថាប្រគល់ឱ្យក្រុមការងារលោក ស៊្រុន ស៊្រន នោះគឺជាដីរបស់រដ្ឋ ដែលប្រគល់ឱ្យសហគមន៍គ្រប់គ្រង មិនមែនជាដីកម្មសិទ្ធិរបស់លោក ពុំ សែន នោះទេ។
លោកថា៖ «ដីដែលសហគមន៍គ្រប់គ្រងនេះ គឺយើងបានផ្តល់ឱ្យសហគមន៍ធ្វើការថែទាំ គឺជាដីរដ្ឋដែលគ្រប់គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល អីញ្ចឹងនៅក្នុងនេះយើងមានឯកសារថាដីនោះជាដីរបស់សហគមន៍ មិនមែនជាដីរបស់លោក ពុំ សែន ដែលត្រូវឱ្យក្រុមការងារ[លោក ស៊្រុន ស៊្រន] ធ្វើការអភិវឌ្ឍន៍នោះទេ»។
លោកបន្ថែមថា៖ «យើងមានភស្តុតាងដែលលោក ពុំ សែន ធ្វើកិច្ចសន្យាប្រគល់ដីនេះឱ្យ[រដ្ឋ]វិញ ហើយកន្លងមកសហគមន៍ក៏បាននាំគ្នាដាំដើមឈើឡើងវិញផងដែរ នៅតំបន់ដែលគាត់ធ្លាប់កាប់ទន្ទ្រានកាលពីឆ្នាំ២០២១នោះ អីចឹងមន្ទីរមិនចង់ឱ្យមានការផ្សព្វផ្សាយ និងមិនចង់ឱ្យមានការអភិវឌ្ឍ ព្រោះដីហ្នឹងជាដីរដ្ឋគ្រប់គ្រងដោយសហគមន៍»។
នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍ថា ក្នុងករណីដីនោះជាដីរបស់រដ្ឋ ឬជាដីតំបន់ការពារធម្មជាតិ បុគ្គលគ្រប់រូបមិនអាចចូលទៅទន្រ្ទាមកាន់កាប់បានទេ គឺត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។
តែយ៉ាងណា លោកថា ភាគីទាំងពីរ គួរជជែកពិភាក្សាគ្នា និងស្វែងយល់ពីគ្នា ព្រោះអាចមានការយល់ច្រឡំ ពីការប្រើប្រាស់ដីក្នុងសហគមន៍ដែលរដ្ឋបានឱ្យពលរដ្ឋគ្រប់គ្រង។ លោកមានប្រសាសន៍ថា៖ «ពីព្រោះពេលខ្លះអ្នកយកដី ឬក៏ទៅទិញដី គាត់អត់ដឹងប្រភពហើយគាត់ក៏អាចនឹងមិនបានស្វែងយល់ស៊ីជម្រៅពីប្រវត្តិនៃដី ដូច្នេះអាជ្ញាធរមូលដ្ឋានត្រូវតែធើ្វការអប់រំផ្សព្វផ្សាយជាមុន ឬក៏ស្វែងរកភាគីពាក់ព័ន្ធមកជជែកជាមុន និងធានាថានឹងមិនមានការភាន់ច្រលំ តែប្រសិនជារកអត់ឃើញអត្តនោម័តនៃបទល្មើស ប្រសិនជាបុគ្គលគាត់មានចេតនាបំពាន ទោះបីជាដឹងហើយឬក៏យល់ហើយ លឺហើយ ឬក៏មានការអប់រំពីអាជ្ញាធរហើយ នៅតែបំពាន ខ្ញុំយល់ថាជាការទទួលខុសត្រូវរបស់បុគ្គលដែលពាក់ព័ន្ធនោះ»៕