សកម្មជនដែលតែងតែផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន គ្រោង​​ដាក់​ពាក្យ​​បណ្តឹង​​​ប្តឹង​​មន្ទីរបរិស្ថានខេត្តសៀមរាប ទៅតុលាការ ពីបទ​បរិហាកេរ្តិ៍ជា​សាធារណៈ បន្ទាប់ពីមន្ទីរបរិស្ថានខេត្ត បានចេញសេចក្តីប្រកាសព័ត៌មាន​មួយចោទរូបលោក និងក្រុមការងារ ថាបានបំផុសចលនាឱ្យ​ពលរដ្ឋរំលោភយកដីរដ្ឋដោយខុសច្បាប់។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយ​លើកឡើង​ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ មានទំព័រហ្វេសបុកឈ្មោះ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្តីពីកម្ពុជា ដែលបានរៀបចំដោយបុគ្គល ឈ្មោះ ស្រ៊ុន ស្រ៊ន
និង កញ្ញា ភឺង សោភា បានធ្វើការផ្សាយព័ត៌មាន ដែលមានចេតនាបំផុសឱ្យមានការប្រព្រឹត្តបទ​ល្មើស​រំលោភ​ដី​រដ្ឋ​ ដែលកាន់កាប់ដោយសហគមន៍នៅ​​តំបន់ការពារធម្មជាតិព្រៃធំពពេល ភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

មន្ទីរបរិស្ថាន​ខេត្ត​ បន្តថា បុគ្គល ឈ្មោះ ស៊្រុន ស៊្រុន និងកញ្ញា ភឹង សោភា បានលើកឡើងថា បុគ្គលឈ្មោះ ពុំ សែន បានប្រកាសប្រគល់ដីរបស់គាត់ ប្រមាណ ៤ហិកតា ឱ្យ​អ្នក​​ទាំង​២ សម្រាប់​ធ្វើជា «ភូមិឃុំពាណិជ្ជកម្ម» និងសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន ដើម្បី​រៀបចំ​ជាក​ន្លែង​សិក្សាស​ង្គម​ច្បាប់។ល។ មន្ទីរបរិស្ថាន បញ្ជាក់ទៀតថា ដីនោះស្ថិតនៅទី​តាំង​ដីរដ្ឋ គ្រប់​គ្រង​ដោយ​សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ដែលបានបង្កើតឡើង​តាំងពីឆ្នាំ២០០៨ តាមលិខិតរបស់ក្រសួងបរិស្ថាន ហើយបុគ្គលឈ្មោះ ពុំ សែន ពុំកម្មសិទ្ធិដូចការប្រកាស​នោះទេ ខណៈបុគ្គលរូបនេះធ្វើកិច្ចសន្យាឈប់កាប់រានដីសហគមន៍ធ្វើជាកម្មសិទ្ធ​ផង​ដែរ។

ជុំវិញករណីនេះ សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស លោក ស្រ៊ុន ស្រ៊ន មាន​ប្រសាសន៍​ប្រាប់ Newsroom Cambodia នៅថ្ងៃទី១១ ខែមីនាថា លោក​មិនអាចទទួលយក​បាន​ឡើយ​ចំពោះ​​ការចេញសេចក្តីប្រកាសព័ត៌មាន​របស់​មន្ទីរបរិស្ថាន​ខេត្ត ដែលមានលក្ខណៈចោទប្រកាន់​ និងបរិហារកេរ្តិ៍​​ទៅលើ​រូបលោក និង​ក្រុមការងារ ដោយពុំមានការសួរនាំសាច់រឿង​ឱ្យ​បានច្បាស់​ជាមុន។ លោកបញ្ជាក់​ថា លោកមិនមានចេតនា និងមិនបានទៅញុះញង់ប្រជាពលរដ្ឋឱ្យ​ទន្ទ្រានយកដីរដ្ឋនោះទេ ហើយ​ការបង្កើត​ភូមិឃុំ​ពាណិជ្ជកម្ម​នៅសហគមន៍នោះ ក៏ធ្វើឡើង​គោល​បំណង​ចែករំលែក​ចំណេះដឹង ពាក់ព័ន្ធនឹងការដាំដុះ កា​រ​បង្កបង្កើនផល និងចំណេះដឹងផ្សេង​ៗ​ទៀត ទៅដល់ប្រជាពលរដ្ឋ ដើម្បីជួយ​បង្កើន​ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ប៉ុណ្ណោះ​​។

ករណីនេះ លោកថា រូបលោក​​នឹង​រៀបចំពាក្យបណ្តឹង ប្តឹងមន្ទីរបរិស្ថានខេត្តសៀមរាប ទៅកាន់តុលាការ​ខេត្តសៀមរាប ពាក់ព័ន្ធនឹងបទបរិហារកេរ្តិ៍ជាសាធារណៈ។

លោកថា៖ «ការដែលមន្ទីរ[បរិស្ថាន​ខេត្តសៀមរាប​]ចោទយ៉ាងនេះ ពួកយើងអត់សុខចិត្តទេ ព្រោះពួកយើងមិនបានប្រព្រឹត្តបទល្មើស​ទាំងឡាយ ហើយក៏មិនមានចេតនា ឬក៏ជំរុញឱ្យខ្មែរទាំងឡាយណាទៅយក​ដីរដ្ឋទេ ហើយសាក្សីពួកយើងមិនខ្វះទេ សាក្សីផ្ទាល់ដែលនៅទីនោះប្រមាណជាជិត១០០រូប សួរទៅពួកគាត់មើលថាតើប៉ុន្មាននាក់ដែលលឺសូរថាពួកយើងញុះ​ញង់​ឱ្យ​ពួកគាត់​ទៅ​យកដីហ្នឹង»។

លោក ស៊្រុន ស្រ៊ន បញ្ជាក់ថា កន្លងមក រូបលោក និងក្រុមការងារ ​ក៏ធ្លាប់​រៀបចំ​ «ភូមិឃុំ​ពាណិជ្ជ​កម្ម» នៅតាមបណ្តាខេត្តមួយចំនួន​ផងដែរ ដូចជា នៅខេត្តកំពង់ស្ពឺ តាកែវ និងកំពង់ឆ្នាំងជាដើម។​

ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ បានបដិសេធអត្ថាធិប្បាយ។

ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបដិសេធអត្ថាធិប្បាយដែរ​ជុំវិញការរៀបចំបណ្តឹងរបស់លោក ស៊្រុន ស្រ៊ន ប្តឹង​​មន្ទីរបរិស្ថាន​ខេត្តសៀមរាប ដោយថា លោកពុំទាន់​​ឃើញ​​បណ្តឹងនោះនៅឡើយ។

អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា ដីដែលលោក ពុំ សែន ថាប្រគល់ឱ្យក្រុមការងារលោក ស៊្រុន ស៊្រន​ នោះគឺ​ជាដីរបស់រដ្ឋ ដែលប្រគល់ឱ្យសហគមន៍គ្រប់គ្រង មិនមែនជាដីកម្មសិទ្ធិរបស់​លោក ពុំ សែន នោះទេ។

លោកថា៖ «​ដីដែលសហគមន៍គ្រប់គ្រងនេះ គឺយើងបានផ្តល់ឱ្យ​សហគមន៍​ធ្វើការថែទាំ គឺជាដីរដ្ឋ​ដែលគ្រប់គ្រងដោយ​សហគមន៍​​តំបន់​ការពារ​ធម្មជាតិ​ព្រៃធំពពេល​ អីញ្ចឹង​នៅក្នុងនេះ​យើងមានឯកសារថាដីនោះជាដីរបស់សហគមន៍ មិនមែនជាដីរបស់លោក ពុំ សែន ដែលត្រូវឱ្យក្រុម​ការងារ[លោក ស៊្រុន ស៊្រន] ធ្វើការ​អភិវឌ្ឍន៍នោះទេ»។

លោកបន្ថែម​ថា៖ «យើងមានភស្តុតាង​ដែល​លោក ពុំ សែន​ ធ្វើកិច្ចសន្យា​ប្រគល់​ដី​នេះ​ឱ្យ[រដ្ឋ​]​​​​វិញ ហើយ​កន្លង​មក​សហគមន៍​ក៏បាននាំគ្នា​ដាំដើម​ឈើ​ឡើង​វិញ​ផងដែរ នៅតំបន់ដែលគាត់ធ្លាប់កាប់ទន្ទ្រាន​កាល​ពីឆ្នាំ២០២១នោះ អីចឹង​មន្ទីរមិន​ចង់​ឱ្យ​មានការផ្សព្វផ្សាយ និងមិនចង់ឱ្យ​មានការអភិវឌ្ឍ ព្រោះដីហ្នឹង​ជាដីរដ្ឋគ្រប់គ្រង​ដោយសហគមន៍»។

នាយកប្រតិបត្តិបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍ថា ក្នុងករណីដី​នោះ​ជាដីរបស់រដ្ឋ ឬជាដីតំបន់​ការពារធម្មជាតិ​ បុគ្គល​គ្រប់​រូប​មិន​អាច​ចូល​ទៅ​ទន្រ្ទាមកាន់​កាប់បាន​ទេ គឺត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។

តែយ៉ាងណា លោកថា ភាគីទាំងពីរ គួរជជែកពិភាក្សា​គ្នា និងស្វែងយល់ពីគ្នា ព្រោះអាចមានការ​យល់ច្រឡំ ពីការប្រើប្រាស់ដីក្នុងសហគមន៍ដែលរដ្ឋបានឱ្យពលរដ្ឋគ្រប់គ្រង។ លោក​មាន​ប្រសាសន៍​ថា៖ «ពីព្រោះពេលខ្លះអ្នកយក​ដី ឬក៏ទៅទិញដី គាត់​អត់ដឹង​​ប្រភព​​ហើយ​​គា​ត់​​ក៏​អាចនឹង​មិន​បាន​ស្វែង​យល់​ស៊ី​ជម្រៅពីប្រវត្តិ​នៃ​ដី ដូច្នេះអាជ្ញាធរ​មូល​ដ្ឋាន​ត្រូវតែ​ធើ្វការអប់រំផ្សព្វផ្សាយ​ជាមុន ឬក៏ស្វែងរកភាគីពាក់ព័ន្ធ​មកជជែកជាមុន និង​ធានាថានឹងមិនមានការភាន់ច្រលំ តែប្រសិនជារកអត់ឃើញអត្តនោម័ត​នៃ​បទ​ល្មើស ប្រសិ​ន​ជាបុគ្គល​​គាត់​​មាន​ចេតនា​បំពាន ទោះបីជាដឹងហើយ​ឬក៏យល់ហើយ ​លឺហើយ ឬក៏មានការអប់រំពីអាជ្ញាធរ​ហើយ ​នៅ​​តែបំពាន​ ខ្ញុំ​យល់ថា​ជាការទទួលខុសត្រូវរបស់​បុគ្គលដែលពាក់ព័ន្ធនោះ»៕