សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញរបាយការណ៍ថ្មីមួយ បង្ហាញថា អ្នកសារព័ត៌មានចំនួន ៣រូប ត្រូវបានក្រុមហ៊ុនឯកជនប្តឹង និងរងការព្រមានពីសំណាក់អាជ្ញាធរ។
យោងតាមរបាយការណ៍របស់ខេមបូចា(CamboJA) ដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានរៀបរាប់ពីករណីយាយីអ្នកសារព័ត៌មានចំនួន ៣ករណី ដែលកើតឡើងក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៤ ក្នុងនោះមានករណីក្រុមហ៊ុនឯកជនមួយនៅខេត្តតាកែវ ប្ដឹងអ្នកសារព័ត៌មានម្នាក់ នៅគេហទំព័រសារព័ត៌មាន «ពេញចិត្ត» ដោយចោទថាបានផ្សាយព័ត៌មាន ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងករណីអាជ្ញាធរកោះហៅអ្នកសារព័ត៌មាន ២នាក់ ធ្វើការនៅគេហទំព័រសារព័ត៌មាន «ជីវិត និងកីឡា» នៅខេត្តមណ្ឌលគិរី ទៅសាកសួរ ដោយព្រមានចាត់វិធានការច្បាប់ទៅពួកគាត់ ក្រោយអ្នកសារព័ត៌មានទាំង២រូបនេះ រាយការណ៍ពីបញ្ហាពុករលួយ។
ពាក់ព័ន្ធនឹងករណីនេះ នាយកប្រតិបត្តិនៃសមាគមអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បង្ហាញការព្រួយបារម្ភអំពីស្ថានភាពសេរីភាពសារព័ត៌មានដែលមានការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលបច្ចុប្បន្ននេះ។
លោកបន្តថា៖ «យើងទទូចឱ្យមានការយកចិត្តទុកដាក់ និងការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានភាពល្អប្រសើរឡើងវិញតាមរយៈការបណ្តុះបណ្តាល ការអប់រំ តាមរយៈការធានាថាលំហនៃសេរីភាពសារព័ត៌មានហ្នឹងត្រូវបានការពារ ជាជាងត្រូវបានរឹតត្បឹត ហើយការងាររបស់អ្នកសារព័ត៌មានហ្នឹង ត្រូវបានសម្របសម្រួលជាជាងទទួលរងនូវការរឹតត្បឹតឬគំរាមកំហែងទៅតាមរូបភាពផ្សេងៗ»។
ចំពោះស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងអាណត្តិថ្មីនេះ លោក ណុប វី នៅមិនទាន់អាចវាយតម្លៃបានទេ ដោយសាររដ្ឋាភិបាលថ្មីទើបតែប្រសូត្រឡើងបានប្រមាណជាង៦ខែ ក៏ប៉ុន្តែលោកសង្កេតឃើញមានសកម្មភាពជាវិជ្ជមានមួយចំនួន។
លោកបានបន្តថា៖ «យើងមិនទាន់អាវាយតម្លៃបានទេ ក៏ប៉ុន្តែយើងឃើញភាពសកមម្មមួយចំនួនដែលទាក់ទងជាមួយនឹងការជួប ការនិយាយ ហើយនិងប្រាស្រ័យទំនាក់ទំនងគ្នារវាងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងព័ត៌មាន ជាមួយនិងស្ថានប័នសារព័ត៌មាន ដូចជា ស្ថាប័នខេមបូចាជាដើម ដែលនេះគឺជាការកត់សម្គាល់មួយនៃវឌ្ឍនភាពថ្មីទាក់ទងជាមួយនឹងការធ្វើកិច្ចការងារ ដើម្បីដោះស្រាយបញ្ហារឿងសារព័ត៌មាន និងសេរីភាពសារព័ត៌មាន ក៏ដូចជារឿងទាក់ទងជាមួយនឹងសមត្ថភាពរបស់អ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើង»។
លោក ស៊ិន ខ្វាន់ឆា ជានិពន្ធនាយកសារព័ត៌មានពេញចិត្ត បានឱ្យដឹងថា រូបលោកត្រូវបានប្រធានសន្តិសុខរោងចក្របារីមួយនៅខេត្តតាកែវ ប្តឹងទៅសមត្ថកិច្ចកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ ដោយចោទលោកថាបានធ្វើឱ្យប៉ះពាល់កេរ្ដិ៍ឈ្មោះក្រុមហ៊ុន ក្រោយពីលោកចេញអត្ថបទមួយ ជុំវិញមន្ទិលសង្ស័យរបស់ពលរដ្ឋដែលថារោងចក្របារីនោះបានធ្វើអាជីវកម្មខុសច្បាប់។ លោកចាត់ទុករណីភាគីខាងក្រុមហ៊ុនប្ដឹងលោកនេះថាជាការបំបាក់ស្មារតីអ្នកសារព័ត៌មាន។
លោកថា៖ «ករណីនេះ ជាករណីបំបាក់ស្មារតីអ្នកសារព័ត៌មាន ដោយសារតែមានការញុះញង់ទៅលើគាត់ឱ្យគាត់សរសេរពាក្យបណ្តឹងមកចឹង ក្រោយពីគេសុំឱ្យខ្ញុំដកព័ត៌មានអត់បាន […] ខ្ញុំបារម្ភពីសេរីភាពសារព័ត៌មាននៅស្រុកខ្មែរ តែសម្រាប់ការបារម្ភខ្លួនឯង គឺខ្ញុំអត់សូវបារម្ភទេ ព្រោះខ្ញុំឆ្លងកាត់ការដែលគេប្តឹងក៏វាច្រើនដែរ អ្វីដែលខ្ញុំធ្វើតាមវិជ្ជាជីវៈ ខ្ញុំអត់ខ្លាចទេ»។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា សុំមិនអធិប្បាយ ដោយលោកឱ្យទៅទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មានវិញ ប៉ុន្តែលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មិនអាចទាក់ទងតាមទូរស័ព្ទបាន។
បើតាមរបាយការណ៍របស់ខេមបូចា នាពេលកន្លងមក ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មានអ្នកសារព័ត៌មានចំនួន ៤៤នាក់ និងស្ថាប័នសារព័ត៌មានឯករាជ្យមួយចំនួន ប្រឈមមុខនឹងការយាយីគ្រប់ទម្រង់ ជាពិសេសអំឡុងពេលប៉ុន្មានខែនៅមុនការបោះឆ្នោតសកល។ ប្រភពដដែល បន្តថា ក្នុងចំណោមការយាយីសរុបចំនួន ៣៣ករណី មាន ១៣ករណី ដែលជាការប្រើប្រាស់ចំណាត់ការផ្លូវច្បាប់ប្រឆាំងអ្នកសារព័ត៌មាន គឺកើនឡើង ៧ករណី បើធៀបនឹងឆ្នាំ២០២២។ របាយការណ៍ដដែលបន្តទៀតថា អ្នកសារព័ត៌មានយ៉ាងហោចណាស់ ៦នាក់ ត្រូវបានឃុំខ្លួន និងដាក់ពន្ធនាគារ រីឯឆ្នាំ ២០២២មាន ៧នាក់។ ការចោទប្រកាន់ពីបទជំរិតទារប្រាក់ និងផ្សាយព័ត៌មានក្លែងក្លាយ ត្រូវបានប្រើប្រាស់ជាទូទៅប្រឆាំងនឹងអ្នកសារព័ត៌មានអនឡាញដោយប្រើក្រមព្រហ្មទណ្ឌ៕