សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា បានចេញរបាយការណ៍ថ្មីមួយ បង្ហាញ​ថា អ្នកសារព័ត៌មានចំនួន ៣រូប ត្រូវបាន​​ក្រុមហ៊ុនឯកជនប្តឹង ​និងរងការព្រមាន​ពីសំណាក់​អាជ្ញាធរ។

យោង​​តាម​​របាយការណ៍របស់​​ខេមបូចា(CamboJA) ដែលផ្សព្វផ្សាយ​លើ​បណ្តាញសង្គម​ហ្វេសប៊ុក​ ​នៅថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ បាន​រៀប​រាប់​ពីករណីយាយីអ្នកសារព័ត៌មានចំនួន ៣ករណី ដែលកើតឡើងក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៤ ក្នុងនោះមាន​​ករណី​ក្រុម​ហ៊ុន​ឯក​ជនមួយនៅខេត្តតាកែវ ​ប្ដឹង​អ្នក​សារ​ព័ត៌មា​នម្នាក់ ​នៅ​គេហទំព័រ​សារព័ត៌មាន​ «ពេញចិត្ត» ដោយ​ចោទថាបានផ្សាយព័ត៌មាន ​ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់​​ក្រុមហ៊ុន និង​ករណីអាជ្ញាធរកោះហៅអ្នកសារព័ត៌មាន ​​២នាក់​ ធ្វើការ​នៅ​គេហទំព័រសារព័ត៌មាន «ជីវិត និងកីឡា» ​នៅខេត្ត​មណ្ឌលគិរី ទៅសាកសួរ ដោយ​​ព្រមាន​ចាត់វិធាន​ការ​ច្បាប់ទៅពួកគាត់ ក្រោយ​អ្នកសារព័ត៌មាន​ទាំង២រូបនេះ រាយការណ៍ពីបញ្ហាពុករលួយ។

ពាក់ព័ន្ធនឹងករណីនេះ នាយកប្រតិបត្តិនៃសមាគមអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​ស្ថាន​ភាព​សេរីភាពសារព័ត៌មាន​ដែលមានការធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០១៧មកដល់ពេលបច្ចុប្បន្ននេះ។

លោកបន្ត​ថា៖ «យើងទទូចឱ្យ​​មានការយកចិត្តទុកដាក់ និងការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យ​មាន​ភាពល្អប្រសើរ​ឡើង​វិញ​តាមរយៈការបណ្តុះបណ្តាល ការអប់រំ តាមរយៈការធានាថាលំហនៃសេរីភាពសារព័ត៌​មាន​ហ្នឹង​​ត្រូវ​បាន​ការ​ពារ​ ជាជាងត្រូវបានរឹតត្បឹត ហើយការងាររបស់អ្នកសារព័ត៌មានហ្នឹង​ ត្រូវបានសម្របសម្រួលជាជាងទទួលរងនូវការរឹតត្បឹត​ឬគំរាមកំហែងទៅតាមរូបភាពផ្សេងៗ»។

ចំពោះស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងអាណត្តិថ្មីនេះ លោក ណុប វី នៅ​មិនទាន់អាចវាយតម្លៃបានទេ ដោយ​សាររដ្ឋាភិបាលថ្មីទើបតែប្រសូត្រ​ឡើង​បាន​ប្រមាណជាង៦ខែ ក៏ប៉ុន្តែលោកសង្កេតឃើញមានសកម្មភាពជាវិជ្ជមានមួយចំនួន។

លោកបានបន្តថា៖ «យើងមិនទាន់អាវាយតម្លៃបានទេ ក៏ប៉ុន្តែយើងឃើញភាពសកមម្មមួយចំនួនដែលទាក់ទងជាមួយនឹងការជួប ការនិយាយ ហើយនិងប្រាស្រ័យទំនាក់ទំនងគ្នារវាងក្រសួងពាក់ព័ន្ធ ដូច​ជាក្រសួងព័ត៌មាន​ ជាមួយនិងស្ថានប័នសារព័ត៌មាន ដូចជា ស្ថាប័នខេមបូចាជាដើម ដែលនេះគឺជាការកត់សម្គាល់មួយនៃវឌ្ឍនភាពថ្មី​ទាក់ទង​ជាមួយនឹងការធ្វើកិច្ចការងារ ដើម្បីដោះស្រាយបញ្ហារឿងសារព័ត៌មាន និង​សេរីភាពសារព័ត៌មាន ក៏ដូចជារឿងទាក់ទងជាមួយនឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន​នៅ​ក្នុងប្រទេស​កម្ពុជា​យើង»។

លោក ស៊ិន ខ្វាន់ឆា ជានិពន្ធនាយកសារព័ត៌មានពេញចិត្ត បានឱ្យដឹងថា រូបលោក​​ត្រូវបានប្រធានសន្តិសុខរោងចក្របារីមួយ​នៅខេត្តតាកែវ ប្តឹងទៅសមត្ថកិច្ច​​​កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ ​ដោយចោទលោក​ថាបាន​​ធ្វើឱ្យប៉ះពាល់កេរ្ដិ៍ឈ្មោះ​ក្រុមហ៊ុន ក្រោយពីលោកចេញអត្ថបទ​មួយ​ ជុំវិញមន្ទិលសង្ស័យ​របស់​ពលរដ្ឋដែលថា​រោងចក្របារីនោះបានធ្វើ​​អាជីវកម្ម​​ខុស​ច្បាប់។ លោក​​ចាត់ទុករណីភាគីខាងក្រុមហ៊ុន​ប្ដឹងលោក​នេះ​ថា​ជាការបំបាក់ស្មារតីអ្នកសារព័ត៌មាន។

លោកថា៖ «ករណីនេះ ជាករណីបំបាក់ស្មារតីអ្នកសារព័ត៌មាន ដោយសារតែមានការញុះញង់ទៅលើគាត់ឱ្យ​គាត់សរសេរពាក្យបណ្តឹងមកចឹង​ ក្រោយពីគេ​សុំឱ្យ​ខ្ញុំដក​ព័ត៌មានអត់បាន […] ខ្ញុំបារម្ភពីសេរីភាពសារព័ត៌មាននៅ​ស្រុកខ្មែរ តែសម្រាប់ការបារម្ភខ្លួនឯង គឺខ្ញុំអត់សូវបារម្ភទេ ព្រោះខ្ញុំឆ្លងកាត់ការដែលគេប្តឹងក៏វាច្រើនដែរ អ្វីដែលខ្ញុំធ្វើតាមវិជ្ជាជីវៈ ខ្ញុំអត់ខ្លាចទេ​»។

ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា សុំ​មិនអធិប្បាយ ដោយលោកឱ្យទៅទាក់ទងអ្នកនាំពាក្យ​ក្រសួងព័ត៌មានវិញ ប៉ុន្តែ​​លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មិនអាចទាក់ទងតាម​ទូរស័ព្ទ​​បាន​។

បើតាម​​​​​របាយ​ការណ៍​របស់​ខេមបូចា​ នាពេលកន្លងមក​ ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ មាន​អ្នក​សារ​ព័ត៌មាន​ចំនួន​ ៤៤​​នាក់ ​និង​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​មួយចំនួន ​ប្រឈម​មុខ​នឹង​ការ​យាយី​គ្រប់​ទម្រង់ ជា​ពិសេស​អំឡុង​ពេល​ប៉ុន្មាន​ខែ​​នៅ​មុន​ការ​បោះ​ឆ្នោត​សកល។ ប្រភពដដែល បន្តថា ​ក្នុង​ចំណោម​ការ​យាយី​​សរុប​ចំនួន​ ៣៣​​ករណី ​មាន ​១៣​​ករណី ​ដែល​ជា​ការ​ប្រើប្រាស់​​ចំណាត់​​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​សារ​ព័ត៌មាន ​គឺ​កើន​ឡើង​ ​៧​ករណី បើ​ធៀប​នឹង​ឆ្នាំ​២០២២។​ របាយការណ៍ដដែល​បន្តទៀតថា អ្នក​សារ​ព័ត៌មាន​យ៉ាង​ហោច​ណាស់​ ៦នាក់​ ត្រូវ​បាន​ឃុំ​ខ្លួន​ និង​ដាក់​ពន្ធនាគារ​ រីឯ​ឆ្នាំ​ ២០២២​មាន​ ៧​នាក់។ ​ការ​ចោទ​ប្រកាន់​ពី​បទ​ជំរិត​ទារ​ប្រាក់​ និង​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជាទូទៅ​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​អនឡាញ​ដោយ​ប្រើ​ក្រម​ព្រហ្មទណ្ឌ៕