អង្គការសម្ព័ន្ធភាពសិទ្ធិមនុស្សកម្ពុជា ស្នើក្រសួងមហាផ្ទៃចុះធ្វើអធិការកិច្ចលើវិធានការរបស់អាជ្ញាធរខេត្តព្រះវិហារ ទៅលើប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ នៅឃុំត្បែងពីរ និងឃុំស្រយង់ ស្រុកគូលែន ដែលរងការចោទ ថាបានទន្ទ្រានដីរដ្ឋ។
ការស្នើនេះ ធ្វើឡើងក្រោយពីកម្លាំងចម្រុះរបស់អាជ្ញាធរខេត្តព្រះវិហារ បានចុះទៅបង្ក្រាបដោយហិង្សា និងមានការប្រើប្រាស់កាំភ្លើងបាញ់គ្រាប់ពិតទៅលើប្រជាពលរដ្ឋ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។ ករណីនេះ អាជ្ញាធរខេត្តអះអាងថា ការប៉ះទង្គិចគ្នាដោយហិង្សានោះ ដោយសារតែប្រជាពលរដ្ឋបានប្រើប្រាស់ហិង្សាទៅលើសមត្ថកិច្ចមុន ខណៈដែលពលរដ្ឋទាំងនោះរស់នៅលើដីរដ្ឋដោយខុសច្បាប់។
យោងតាមលិខិតរបស់អង្គការសម្ព័ន្ធភាពសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្រោយពីការបង្ក្រាប និងប៉ះទង្គិចរវាងអាជ្ញាធរ និងពលរដ្ឋ ដោយហិង្សា មកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋចំនួន ៤០នាក់ ត្រូវបានចាប់ខ្លួន ក្នុងនោះតុលាការខេត្តព្រះវិហារ បានចោទប្រកាន់ទៅពលរដ្ឋចំនួន ២៨នាក់ ពីបទហ៊ុំព័ទ្ធដីរដ្ឋដោយខុសច្បាប់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ខណៈពលរដ្ឋមួយចំនួនត្រូវបានដោះលែងឱ្យត្រឡប់មកផ្ទះវិញ។
លិខិតដដែលបន្តថា ករណីបង្ក្រាបដោយហិង្សានេះ បានធ្វើឱ្យសង្គមស៊ីវិលមានមន្ទិលថាតើសកម្មភាពរបស់អាជ្ញាធរខេត្តព្រះវិហារ បានធ្វើស្របទៅតាមច្បាប់ឬយ៉ាងណា និងថាតើដីដែលបានផ្តល់ឱ្យក្រុមហ៊ុន សិលាដាម៉ិច ខូអិលធីឌី (Seila Damex) មានប៉ះពាល់ដល់ដីភូមិដែលពលរដ្ឋកំពុងរស់នៅ និងអាស្រ័យផលដែរឬទេ។
ដើម្បីជម្រះនូវមន្ទិលនេះ អង្គការសម្ព័ន្ធភាពការពារសិទ្ធមនុស្សកម្ពុជា ស្នើក្រសួងមហាផ្ទៃ ជួយធ្វើអធិការកិច្ចលើករណីនេះ និងជួយអន្តរាគមន៍ និងផ្តល់ដំណោះស្រាយសមស្របតាមដែលក្រសួងអាចធ្វើទៅបាន។
លិខិតនោះបានគូសបញ្ជាក់ថា៖ «ក្នុងករណីក្រសួងរកឃើញ និងឯកភាពថាដីដែលធ្វើសម្បទានដល់ក្រុមហ៊ុនសីលាដាម៉ិច មានការប៉ះពាល់ដល់ដីដែលពលរដ្ឋទាំងនោះកំពុងរស់នៅ និងអាស្រ័យផលស្របតាមច្បាប់ហើយ ពលរដ្ឋដែលបានចាប់ខ្លួន ចោទប្រកាន់តាមផ្លូវតុលាការ ហើយឃុំខ្លួនក្នុងពន្ធនាគារគួរត្រូវបានដោះលែងឱ្យមានសេរីភាពវិញ និងអនុញ្ញាតឱ្យពួកគាត់បានបន្តការរស់នៅ និងអាស្រ័យផលជាធម្មតានៅភូមិ ឬកន្លែងដែលពួកគេកំពុងរស់នោះ»។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា លោក រស់ សុដ្ឋា បានឱ្យដឹងថា ការដាក់លិខិតទៅក្រសួងមហាផ្ទៃនេះ ដោយសារតែមានការបង្ក្រាបដោយហិង្សាលើប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរ ដែលករណីជាក្តីបារម្ភរបស់អង្គការសង្គមស៊ីវិល។
លោកថ្លែងថា៖ «ចំណាត់ការរបស់អាជ្ញាធរខេត្តព្រះវិហារនេះ គឺមិនស្របតាមច្បាប់ អីចឹងហើយបានជាយើងធ្វើលិខិតនេះទៅក្រសួងមហាផ្ទៃ ដើម្បីក្រសួងមហាផ្ទៃលោកធ្វើអធិការកិច្ច ទៅត្រួតពិនិត្យមើលការប្រើប្រាស់កម្លាំងហ្នឹងស្របតាមច្បាប់ជាតិ និងគោលនយោបាយរបស់រដ្ឋាភិបាលដែរឬអត់»។
ជាមួយគ្នានេះ លោកស្នើឱ្យរដ្ឋាភិបាលត្រួតពិនិត្យឡើងវិញ ចំពោះការផ្តល់ដីសម្បទានទៅក្រុមហ៊ុនវិនិយោគ ថាតើក្រុមហ៊ុនទាំងនោះមានការអភិវឌ្ឍបែបណាទៅលើដី ឬក៏យកដីទៅគ្រាន់ដើម្បីកាប់ឈើ ឬក៏ជួលឱ្យអ្នកផ្សេងដទៃទៀតជាដើម។
លោកបន្តថា៖ «រាជរដ្ឋាភិបាលគួរតែបង្កើតគណៈកម្មការចម្រុះមួយ ដែលមានតម្លាភាព ដើម្បីអង្កេតបញ្ហានេះ ដើម្បីឱ្យឃើញនូវការពិតទីមួយ។ ទីពីររាជរដ្ឋាភិបាលត្រូវពិនិត្យលើលទ្ធភាពឆ្វៀលដីក្រុមហ៊ុន ពីក្រុមហ៊ុនសិលាដាម៉ិច ឱ្យពលរដ្ឋបាននៅ ក្នុងករណីពួកគាត់នៅដោយស្របច្បាប់ ត្រូវតែដោះលែង ប្រជាពលរដ្ឋទាំងប៉ុន្មានដែលជាប់បទចោទហើយដាក់ពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញ និងជួសជុលនៅការខូចខាតរបស់គាត់ទាំងឡាយ ទាំងផ្លូវកាយ ផ្លូវចិត្ត និងទ្រព្យសម្បត្តិផងដែរ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ថា លោកបានដាក់លិខិតរបស់អង្គការសម្ព័ន្ធភាពសិទ្ធិមនុស្សកម្ពុជានេះ ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យរួចរាល់ហើយ ហើយការសម្រេចនិងការចង្អុលបង្ហាញបែបណាលោកនៅពុំទាន់បានដឹងនៅឡើយ។ លោកបានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ តែងតែក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន ឱ្យអត់ធ្មត់ឱ្យអស់លទ្ធភាព ដោយបញ្ជៀសនូវការប្រើអំពើហិង្សា និងការផ្ទុះអាវុធ និងត្រូវរកវិធីដោះស្រាយដោយសន្តិវិធី។
លោកបន្ថែមថា៖ «ចំពោះការបាញ់[គ្រាប់បែក]ផ្សែង បាញ់អីនេះ មិនចាត់ទុកជាការប្រើប្រាស់អំពើហិង្សាឃោឃៅទៅលើប្រជាពលរដ្ឋ ឬតួអង្គណាមួយនោះទេ នេះគ្រាន់តែជាការធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ឬក៏ជាការបន្លាចធ្វើឱ្យស្ងប់ស្ងាត់រៀងខ្លួនទេ ក្នុងពិភពលោកក៏គេប្រើបែបនេះដូចគ្នាដែរ ចៀសវាងការដែលបាញ់គ្រាប់ពិត ហើយបាញ់ស្រោចទៅលើភាគីម្ខាងដោយខុសច្បាប់ណាមួយ ទើបជាករណីរំលោភសិទ្ធិមនុស្ស ទើបជាករណីហិង្សាមានចរិតធ្ងន់ធ្ងរ»។
ពាក់ព័ន្ធនឹងករណីដីធ្លីនេះ កាលពីឆ្នាំ២០០៩ ក្រុមហ៊ុនសិលាដាម៉ិច ខូអិលធីឌី (Seila Damex CO., LTD) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើផ្ទៃដីប្រមាណ ៩ ០០០ហិកតា ក្រោមហេតុផលធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងបានបោះបង្គោលនៅឆ្នាំ២០១១ ដែលបណ្តាលឱ្យប៉ះពាល់ដីប្រជាពលរដ្ឋនៅតំបន់នោះជិតជាច្រើនរយគ្រួសារ៕