ក្រុមអង្គការសង្គមស៊ីវិល និងយុវជន បន្តព្រួយបារម្ភពីការបាត់បង់ព្រៃឈើ ជាពិសេសនៅតំបន់ការពារធម្មជាតិ ដោយពួកគេសង្កេតឃើញថា ស្ថានភាពនៃការកាប់រានព្រៃយកដីធ្វើកម្មសិទ្ធិ បទល្មើសព្រៃឈើ និងការកាប់ឈើយកធ្វើអាជីវកម្មដោយខុសច្បាប់ នៅតែបន្តកើតមាន។
ការព្រួយបារម្ភនេះ បានធ្វើឡើងស្របពេលដែលអង្គការ សមាគម និងក្រុមយុវជនចំនួន ០៦ស្ថាប័ន បានសហការរៀបចំទិវាព្រៃឈើអន្តរជាតិនៅប្រទេសកម្ពុជា ក្រោមមូលបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ» ដែលរៀបចំឡើងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ បើតាមអង្គការបណ្តាញយុវជនកម្ពុជា ទិវានេះធ្វើឡើងក្នុងគោលបំណងអបអរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ, លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។
នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គីម ហុង មានប្រសាសន៍នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ថា គម្របព្រៃឈើនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននៅតែបន្តបាត់បង់ ជាពិសេសនៅតំបន់អភិរក្សមានការកាប់បំផ្លាញព្រៃឈើជាសន្ធឹកសន្ធាប់ រួមមានតំបន់ព្រៃឡង់ ព្រៃព្រះរការ និងព្រៃនៅភូមិភាគឥសាន្ត ដែលនេះជាក្តីបារម្ភធំមួយសម្រាប់សង្គមស៊ីវិល។
លោកបន្ថែមថា ៖ «ជុំវិញបញ្ហាទាំងអស់ អ្វីដែលពួកយើងចង់បាន ចង់បានរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានបង្កើនយុទ្ធនាការច្បាប់ច្បាស់លាស់ ដែលមានយុទ្ធនាការដែលមានស្រាប់រួមមាន ការការពារ និងការអភិរក្ស ធានាឱ្យមាននិរន្តភាពព្រៃឈើ […] ហើយខ្ញុំក៏យល់ថាការទប់ស្កាត់អំពើពុករលួយពាក់ពន្ធ័ជាមួយនឹងបទល្មើសព្រៃឈើក៏ត្រូវបានចាត់ទុកជាយុទ្ធនាការមានប្រសិទ្ធិភាព»។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា លោក អូ ឡាទីន សង្កេតឃើញដែរថា ទោះបីជារយៈពេលចុងក្រោយនេះ ការកាប់បំផ្លាញព្រៃឈើ ហាក់មិនមានច្រើនដូចកាលពី ៥ទៅ៦ឆ្នាំមុន ប៉ុន្តែបញ្ហានេះនៅតែបន្តកើតមាន ដែលវាជះឥទ្ធិពលអាក្រក់ដល់ធនធានធម្មជាតិដែលនៅសេសសល់ក្នុងប្រទេស។
លោកថា៖ «ស្ថានភាពព្រៃឈើ ស្ថានភាពធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង គឺកំពុងតែស្ថិតនៅក្នុងស្ថានភាពរងគ្រោះ ជាពិសេសព្រៃនៅក្នុងតំបន់ការពារគឺទទួលរងនូវការកាប់រានទន្រ្ទានកាប់ដីធ្វើជាកម្មសិទ្ធិខុសច្បាប់ទីមួយ។ ទីពីរ គឺការ នៅតែមានការបន្តកាប់ឈើធ្វើអាជីវកម្មនៅក្នុងតំបន់ការពារធម្មជាតិ»។
យ៉ាងណា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងដោះស្រាយទាន់ពេលវេលាលើបញ្ហាព្រៃឈើដែលប្រជាពលរដ្ឋបានរាយការណ៍ពីបទល្មើស ហើយស្នើឱ្យរដ្ឋាភិបាលបើកទូលាយឱ្យសហគមន៍ និងយុវជនចូលរួមការពារធម្មជាតិ ដោយមិនមានការរិតត្បិត។
លោកថា៖ «សកម្មជនបរិស្ថាន សហគមមូលដ្ឋានដែលគាត់រួមចំណែកនៅក្នុងកិច្ចការពារព្រៃឈើ ការពារធនធានធម្មជាតិនេះ គឺភាគច្រើនពួកគាត់ទទួលរងនូវការធ្វើទុក្ខបុកម្នេញផ្នែកស្មារតី ផ្នែកអារម្មណ៍ ហើយមានមួយចំនួនក៏ទទួលរងនូវការចោទប្រកាន់អំពីបទញុះញង់ដែរ ពេលដែលពូកគាត់បង្ហាញអំពីវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា»។
ចំណែក ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើតសារ៉ាយ ក៏បានបង្ហាញកង្វល់ស្រដៀងគ្នានេះដែរថា៖«ព្រៃនៅប្រទេសកម្ពុជា ជាតំបន់ដែលមានក្តីកង្វល់យ៉ាងខ្លាំង មិនមែនជាក្តីកង្វល់ប្រជាជននៅប្រទេសកម្ពុជាទេ ក៏ជាក្តីកង្វល់របស់ប្រទេសមួយចំនួននៅទូទាំងពិភពលោកផងដែរ ខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជាខ្លួនឯងផ្ទាល់ គួរតែមានយុទ្ធនាការជាក់លាក់ជាងនេះ ហើយមានភាពតឹងរឹង និងមានការចុះត្រួតពិនិត្យឱ្យច្បាស់លាស់ជាងនេះ ជាជាងដែលព្យាយាមមើលពីចម្ងាយ ឬក៏មើលតែមួយដុំ»។
ជុំវិញក្តីកង្វល់របស់សង្គមស៊ីវិលនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឆ្លើយតបថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងខិតខំការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ការពារដែលមានដល់ទៅ ៧៣កន្លែង លើផ្ទៃដីសរុប ៤០% នៃផ្ទៃដីប្រទេសកម្ពុជា។
លោកបន្តថា៖ «ហើយយើងមានឧទ្យានុរក្សជាង ១ ០០០នាក់ ដែលកំពុងបំពេញការងារ គ្រប់គ្រងតំបន់ការពារធម្មជាតិទាំងអស់នោះ ដោយសហការជាមួយនឹងរដ្ឋបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍តំបន់ការពារធម្មជាតិដែលជាសហគមន៍ប្រជាពលរដ្ឋ ហើយលោកមានសិទ្ធិក្នុងការកាន់កាប់ដី ដីរដ្ឋ ដីព្រៃដែលគ្រប់គ្រងដោយរដ្ឋនេះដើម្បីធ្វើការអភិវឌ្ឍជីវភាពរបស់ពួកគាត់»។
ស្របពេលដែលសង្គមស៊ីវិលលើកឡើងពីក្តីកង្វល់លើបញ្ហាព្រៃឈើនេះ ក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។
ការលើកឡើងរបស់ក្រសួងនេះ ដោយសារក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ ធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញតិ្តច្បាប់ជាធរមាន និងកំពុងប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ ក្រសួងបន្តថា ដើម្បីបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងដាក់ចេញនូវវិធានការមួយចំនួន ដោយស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធបន្តការពារតំបន់ធម្មជាតិឱ្យបាន១០០% និងបញ្ឈប់ការធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។ ក្រសួងបន្តថា សមត្ថកិច្ចត្រូវបញ្ឍប់ជាបន្ទាន់នូវសកម្មភាពចុះហត្ថលេខាលើលិខិត ឬឯកសារស្នើរសុំកាន់កាប់ដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ហើយបុគ្គលដែលបានប្រព្រឹត្តបទល្មើស នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគល់ដីដែលខ្លួនបានកាន់កាប់ ជូនមកសមត្ថកិច្ចក្រសួងបរិស្ថានវិញដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ៕