ក្រុមអង្គការ​​​សង្គម​ស៊ី​វិល និងយុវជន បន្តព្រួយបារម្ភពីការបាត់បង់ព្រៃឈើ ជាពិសេស​នៅ​តំបន់​ការ​ពារធម្មជាតិ​ ដោយពួកគេ​សង្កេតឃើញថា ​ស្ថានភាពនៃការកាប់រាន​​ព្រៃយកដីធ្វើកម្មសិទ្ធិ បទល្មើស​ព្រៃឈើ និងការកាប់ឈើយកធ្វើអាជីវកម្ម​ដោយខុសច្បាប់​ នៅតែបន្ត​កើតមាន។

ការព្រួយបារម្ភ​នេះ បានធ្វើឡើង​ស្របពេល​ដែលអង្គការ សមាគម និងក្រុមយុវជន​ចំនួន ០៦ស្ថាប័ន បានសហការរៀបចំទិវាព្រៃឈើអន្តរជាតិនៅប្រទេសកម្ពុជា ក្រោម​មូល​បទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ» ដែលរៀបចំ​ឡើងរយៈពេល​១០ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី​២១ ខែមីនា ឆ្នាំ២០២៤។ បើតាមអង្គការបណ្តាញយុវជនកម្ពុជា ទិវានេះធ្វើឡើង​ក្នុងគោលបំណង​អបអរ​ទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកម្ពស់គុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សព្រៃឈើ, លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ និង​ធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្ដីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។

នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គីម ហុង មាន​ប្រសាសន៍​នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ២០២៤ថា​​ គម្រប​ព្រៃឈើនៅប្រទេសកម្ពុជា នាពេល​បច្ចុប្បន្ន​​នៅតែបន្តបាត់​បង់ ជាពិសេសនៅតំបន់អភិរក្សមានការកាប់បំផ្លាញព្រៃឈើជាសន្ធឹកសន្ធាប់ រួមមានតំបន់ព្រៃឡង់ ព្រៃព្រះរការ​ និងព្រៃនៅភូមិ​ភាគឥសាន្ត​ ដែលនេះជាក្តីបារម្ភធំមួយសម្រាប់សង្គមស៊ីវិល។

លោកបន្ថែមថា ៖ «ជុំវិញបញ្ហាទាំងអស់ អ្វីដែលពួកយើងចង់បាន​ ចង់បានរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានបង្កើនយុទ្ធនាការច្បាប់ច្បាស់លាស់ ដែលមានយុទ្ធនាការដែលមានស្រាប់រួមមាន ការការពារ និង​ការអភិរក្ស ធានាឱ្យមាននិរន្តភាពព្រៃឈើ […] ហើយខ្ញុំក៏យល់ថាការទប់ស្កាត់អំពើពុករលួយពាក់ពន្ធ័ជាមួយនឹងបទល្មើសព្រៃឈើក៏ត្រូវបានចាត់ទុកជាយុទ្ធនាការមានប្រសិទ្ធិភាព»។

មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្តាញយុវជនកម្ពុជា លោក​ អូ ឡាទីន សង្កេត​ឃើញ​ដែរថា ទោះបីជា​​រយៈ​ពេល​ចុង​ក្រោយ​នេះ ការកាប់បំផ្លាញព្រៃឈើ ហាក់​មិនមានច្រើនដូចកាលពី ៥​ទៅ៦ឆ្នាំមុន​ ប៉ុន្តែ​បញ្ហានេះនៅតែបន្តកើតមាន​ ដែល​វាជះឥទ្ធិពលអាក្រក់​ដល់​ធនធានធម្មជាតិ​ដែលនៅសេសសល់ក្នុងប្រទេស។

លោក​ថា៖ «ស្ថានភាពព្រៃឈើ ស្ថានភាពធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង គឺកំពុងតែស្ថិតនៅក្នុងស្ថានភាពរងគ្រោះ ជាពិសេសព្រៃនៅក្នុងតំបន់ការពារគឺទទួលរងនូវការកាប់រានទន្រ្ទានកាប់ដីធ្វើជាកម្មសិទ្ធិខុសច្បាប់ទីមួយ។ ទីពីរ គឺការ នៅតែមានការបន្តកាប់ឈើធ្វើអាជីវកម្មនៅក្នុងតំបន់ការពារធម្មជាតិ»។

យ៉ាងណា លោក​សង្ឃឹម​ថា រដ្ឋាភិបាលនឹងដោះស្រាយទាន់ពេលវេលា​លើបញ្ហាព្រៃឈើដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍ពីបទល្មើស​​ ហើយ​ស្នើ​ឱ្យរដ្ឋាភិបាលបើកទូលាយឱ្យសហគមន៍ និង​យុវជន​ចូលរួម​​ការពារធម្មជាតិ ដោយមិនមានការរិតត្បិត។

លោក​ថា៖ «សកម្មជនបរិស្ថាន សហគមមូលដ្ឋានដែលគាត់រួមចំណែកនៅក្នុងកិច្ចការពារព្រៃឈើ ការពារធនធានធម្មជាតិនេះ គឺភាគច្រើនពួកគាត់ទទួលរងនូវការធ្វើទុក្ខបុកម្នេញផ្នែកស្មារតី ផ្នែកអារម្មណ៍ ហើយមានមួយចំនួនក៏ទទួលរងនូវការចោទប្រកាន់អំពីបទញុះ​ញង់ដែរ ពេលដែលពូកគាត់បង្ហាញអំពីវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា»។

ចំណែក ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើតសារ៉ាយ ក៏បានបង្ហាញកង្វល់​ស្រដៀងគ្នានេះដែរ​ថា៖«ព្រៃនៅប្រទេសកម្ពុជា ជាតំបន់ដែលមានក្តីកង្វល់យ៉ាងខ្លាំង មិនមែនជាក្តីកង្វល់ប្រជាជននៅប្រទេសកម្ពុជាទេ ក៏ជាក្តីកង្វល់របស់ប្រទេសមួយចំនួន​​​នៅទូទាំងពិភពលោកផងដែរ ខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជាខ្លួនឯងផ្ទាល់ គួរតែមានយុទ្ធនាការជាក់លាក់ជាងនេះ ហើយមានភាពតឹងរឹង និងមានការចុះត្រួតពិនិត្យឱ្យច្បាស់លាស់ជាង​នេះ​ ជាជាងដែលព្យាយាមមើលពីចម្ងាយ ឬក៏មើលតែមួយដុំ»។

ជុំវិញក្តីកង្វល់របស់សង្គមស៊ីវិលនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឆ្លើយតបថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិង​កំពុងខិតខំ​ការពារ និង​អភិរក្ស​​ធនធានធម្មជាតិ ​​​នៅតំ​បន់​​ការពារ​​ដែលមាន​ដល់ទៅ​ ៧៣កន្លែង លើ​ផ្ទៃដីសរុប​ ​៤០% នៃផ្ទៃដីប្រទេសកម្ពុជា។

លោកបន្ត​ថា៖ «ហើយយើងមានឧទ្យានុរក្សជាង ១ ០០០នាក់ ដែលកំពុងបំពេញការងារ គ្រប់គ្រង​តំបន់​ការ​ពារ​ធម្មជាតិ​ទាំង​អស់​នោះ​​ ដោយ​សហការជាមួយនឹងរដ្ឋបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សហគមន៍​តំបន់ការពារធម្មជាតិដែលជាសហគមន៍ប្រជាពលរដ្ឋ ហើយលោកមានសិទ្ធិក្នុងការកាន់កាប់ដី ដី​រដ្ឋ ដីព្រៃដែលគ្រប់គ្រងដោយរដ្ឋនេះដើម្បីធ្វើការអភិវឌ្ឍជីវភាពរបស់ពួកគាត់»។

ស្របពេលដែលសង្គមស៊ីវិល​​លើកឡើងពីក្តីកង្វល់លើបញ្ហាព្រៃឈើ​នេះ​ ក្រសួងបរិស្ថាន នៅ​ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២៤នេះ​ ក៏បានចេញសេចក្តីជូនដំណឹង​មួយ ដោយបញ្ជាក់ថា ក្រសួងបាននិងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន​ អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ​ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប​នូវ​រាល់សកម្មភាព​ល្មើស​ច្បាប់​ក្នុងតំបន់ការពារ​ធម្មជាតិ។​

ការលើកឡើងរបស់ក្រសួងនេះ ដោយសារ​​ក្នុងរយៈពេល​ចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារ​ធម្មជាតិ ធ្វើជា​កម្ម​សិទ្ធិ បំពាននឹងបទប្បញ្ញតិ្តច្បាប់ជាធរមាន និងកំពុងប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរ​ការ​នីតិវិធីរបស់ស្ថាប័នតុលាការ។ ក្រសួងបន្តថា ដើម្បីបន្ត​ពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើ​នៅតាមតំបន់ការពារធម្មជាតិ ក្រសួងដាក់ចេញនូវវិធានការមួយចំនួន ដោយ​ស្នើ​ឱ្យ​​សមត្ថកិច្ច​ពាក់​ព័ន្ធបន្ត​ការ​ពារ​តំបន់​ធម្មជាតិ​ឱ្យបាន​១០០% និងបញ្ឈប់ការធ្វើកិច្ចសន្យា​ហើយដោះលែងជនប្រព្រឹត្តបទល្មើស។ ក្រសួងបន្តថា ​សមត្ថកិច្ចត្រូវបញ្ឍប់ជាបន្ទាន់​នូវសកម្មភាពចុះហត្ថលេខាលើលិខិត ឬឯកសារស្នើរសុំកាន់កាប់ដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ ហើយ​​បុគ្គលដែលបាន​ប្រព្រឹត្ត​បទល្មើស​ នឹងត្រូ​​វផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់​ និង​ត្រូវប្រគល់ដីដែលខ្លួនបានកាន់​កាប់ ជូន​មកសមត្ថកិច្ចក្រសួងបរិស្ថានវិញ​ដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ៕