ប្រទេសកម្ពុជាជាប្រទេសកាន់របបប្រជាធិបតេយ្យ មានរដ្ឋធម្មនុញ្ញបានចែងអំពីការគោរពសិទ្ធិមនុស្ស ការគោរពនូវភាពចម្រុះគ្នា ការលើកស្ទួយឱ្យមានបរិយាប័ន្ន និងការគាំទ្រជនងាយរងគ្រោះ ជាពិសេសការលើកកម្ពស់សិទ្ធិនារីដែលជាជនងាយរងគ្រោះ គឺជាការគោរពសិទ្ធិមនុស្ស។
ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ កន្លងមកនេះ Newsroom Cambodia បានសម្ភាសក្រុមអង្គការសង្គមស៊ីវិល ដែលមានចក្ខុវិស័យក្នុងការលើកស្ទួយសិទ្ធិមនុស្សចំនួន ៥ស្ថាប័ន ជុំវិញទស្សនៈរបស់ពួកគាត់ទៅលើការអនុវត្តគោលនយោបាយសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា៖
កញ្ញា ស្តើង ភារ៉ុង នាយិកាប្រតិបត្តិអង្គការបន្ទាយស្រី លើកឡើងថា តាមរយៈផែនការណ៍យុទ្ធសាស្ត្រនារីរតនៈរបស់ក្រសួងកិច្ចការនារីដែលអនុវត្តដោយអន្តរក្រសួងនានា មានគន្លឹះល្អសំខាន់ៗច្រើនដើម្បីជំរុញស្ត្រីមានតួនាទីក្នុងថ្នាក់ដឹកនាំ និងលុបបំបាត់អំពើហិង្សាយេនឌ័រ ប៉ុន្តែការអនុវត្តនៅមានកម្រិតនៅឡើយ។ កញ្ញាបន្តថា មានកត្តាជាច្រើន ដោយកត្តាសំខាន់ៗនោះ មួយផ្នែកដោយសារធនធានមានតិច ថវិការជាតិសម្រាប់ក្រសួងកិច្ចការនារីនៅលំដាប់ទី២ក្នុងចំណោមថវិកាដែលតិចបំផុត និងមួយផ្នែកទៀតកង្វះព័ត៌មានដែលពាក់ព័ន្ធនឹងគោលនយោបានយេនឌ័រទៅដល់សហគមន៍។
កញ្ញាបន្ថែមថា៖ «ខ្ញុំដឹងថា មានមតិច្រើន។ អ្វីដែលគេលើកឡើង គឺទាក់ទងជាមួយសមត្ថភាព មិនមែនជាចំនួន [កំណត់ចំនួនស្ត្រីស្មើនឹងបុរស]។ ខ្ញុំទទួលស្គាល់ទៅលើសមត្ថភាព ប៉ុន្តែកន្លែងនេះខ្ញុំចង់បញ្ជាក់ថា វាមានសារៈសំខាន់នៅពេលយើងដាក់ចំនួនឱ្យស្មើគ្នានៅក្នុងតួនាទីជាអ្នកដឹកនាំ ហេតុអ្វីសំខាន់? ទីមួយ ទោះបីបុរសក្ដី ស្ត្រីក្ដី សុទ្ធតែត្រូវការពង្រឹងសមត្ថភាពរហូតហ្នឹង។ អ៊ីចឹងមាន ន័យថា ដាក់ចំនួនឱ្យស្មើគ្នា បើអ្នកណាខ្វះខាត [សមត្ថភាព] បុរសក៏ដោយ ស្ថាប័នមានតួនាទីបំពេញបន្ថែម។ បើយើងមិនបានដាក់ចំនួនឱ្យស្មើគ្នាទេ អ៊ីចឹងនៅតែមានលេសដោះសារមួយថា រកស្រ្តីអត់បាន រកអ្នក [ស្ត្រី] មានសមត្ថភាពអត់បាន។ ប៉ុន្តែយើងភ្លេចថា តើអ្នកណាជាកត្តាជំរុញឱ្យស្ត្រីមានសមត្ថភាព? គឺនៅក្នុងអង្គភាពហ្នឹងឯង»។
អ្នកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិ តំណាងឱ្យអង្គការក្លាហាន បានបង្ហាញយោបល់ថា កម្ពុជាបច្ចុប្បន្ននេះ នៅមិនទាន់មានគោលនយោបាយយេនឌ័រជាផ្លូវការនៅឡើយទេ ប៉ុន្តែមានផែនការណ៍យុទ្ធសាស្ត្រជាតិ យុទ្ធសាស្ត្រចតុកោណនិងបញ្ចកោណ និងផែនការណ៍នារីរតនៈ។ ដោយឡែក ការអនុរត្តនៅមិនទាន់ពេញលេញនៅឡើយទេ។ អ្នកស្រីបានលើកពីការមើលឃើញថា ស្ត្រីជាកម្មករនិងពលករ និងក្នុងវិស័យការងារ ដែលហ៊ានទាមទារសិទ្ធិសេរីភាពរបស់ខ្លួនពីការរំលោភបំពាន បានរងការគំរាមគំហែង រងការបៀតបៀន និងរហូតឈានដល់ចាប់ដាក់ពន្ធនាគារ។ ចំណែកឯ ស្ត្រីក្នុងវិស័យព័ត៌មានក៏រងការបៀតបៀន ហើយស្ត្រីនៅក្នុងតំណែងថ្នាក់ដឹកនាំមានតិចនៅឡើយ។
អ្នកស្រីបន្ថែមថា៖ «ទាំងអស់គ្នាមានតម្រូវការខុសៗគ្នា ស្ត្រីមានផ្សេង បុរសមានផ្សេង ហើយអ្នកស្រឡាញ់ភេទដូចគ្នានិងអ្នកមិនកំណត់អត្តសញ្ញាណខ្លួនឯងហ្នឹង៎ ក៏មានតម្រូវការខុសៗគ្នាដែរ។ អ៊ីចឹង បើសិនមិនមានតំណាងរបស់ពួកគាត់នៅក្នុងសេចក្ដីសម្រេចចិត្តទេ៎! ច្បាស់ណាស់ បញ្ហារបស់ពួកគាត់នឹងមិនត្រូវបានលើកឡើង មិនត្រូវបានឆ្លើយតប មិនត្រូវបានរៀបចំចេញជាផែនការណ៍សកម្មភាពដើម្បីឆ្លើយតបឱ្យបានត្រឹមត្រូវ និងពេញលេញ»។
អ្នកស្រីបន្ថែមថា៖ «ដើម្បីឱ្យពួកគាត់ចូលរួមពេញលេញ រាជរដ្ឋាភិបាលគួរតែធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកំណត់ចំនួនបេក្ខជនជាស្ត្រីឱ្យស្មើបុរស និងកំណត់ចំនួនកូតា [កំណត់បរិមាណ] ស្ត្រីក្នុងថ្នាក់ដឹកនាំឱ្យមានយ៉ាងហោចណាស់ ៤០ទៅ៥០ភាគរយដែរ។ ហើយមួយវិញទៀត ត្រូវមានផែនការថវិការវិនិយោគទៅលើការពង្រឹងសមត្ថភាពស្ត្រី និងក្មេងស្រី ហើយបង្កលក្ខណៈងាយស្រួយ នៅពេលពួកគាត់អនុវត្តសិទ្ធិ គឺមិនគួរមានការបៀតបៀន រារាំង ឬបង្ក្រាបផ្សេងៗនោះទេ។ គួរតែមានការលើកទឹកចិត្ត ការស្ដាប់នូវបញ្ហារបស់ពួកគាត់ យកបញ្ហារបស់ពួកគាត់មកពិភាក្សា ដោះស្រាយ ឆ្លើយតប»។
កញ្ញា កែវ យ៉ារី មន្រ្តីទទួលបន្ទុកទំនាក់ទំនងនិងបណ្ដាញ តំណាងឱ្យ NGO-CEDAW Cambodia បានរៀបរាប់ថា កញ្ញាមិនទាន់បានសិក្សាស្រាវជ្រាវ មានទិន្នន័យក្នុងប្រទេសកម្ពុជាទាំងមូលច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែតាមរយៈកិច្ចការជាសម្ព័ន្ធរបស់ NGO-CEDAW ជាមួយសមាជិក ចំនួនជិត ៣០ស្ថាប័ន ដែលជាអង្គការសង្គមស៊ីវិល សហជីព និងសមាគម ក្នុងនោះមានការពង្រឹងសមត្ថភាពដោយផ្ដោតទៅលើការផ្ដល់វគ្គបណ្ដុះបណ្ដាល និងគាំទ្រឱ្យបង្កើតគោលនយោបាយយេនឌ័រសម្រាប់ស្ថាប័នដែលពុំទាន់មានគោលនយោបាយនេះ ហើយជួយពិនិត្យឡើងវិញដើម្បីធ្វើបច្ចុប្បន្នភាព សម្រាប់ស្ថាប័នដែលមានគោលនយោបាយនេះរួចហើយ ។
កញ្ញា កែវ យ៉ារី បានថ្លែងបញ្ជាក់ថា៖ «ស្ត្រីក្នុងតំណែងដែលមានភាពជាអ្នកដឹកនាំ ពួកយើង(NGO-CEDAW) ព្យាយាមបញ្ចុះបញ្ចូល ឬតស៊ូមតិឱ្យមានភាពចម្រុះគ្នាក្នុងការបោះឆ្នោត។ […] មានការលើកឡើងមួយចំនួនថា ការដាក់ចំនួនបេក្ខភាពស្ត្រីឲ្យស្នើគ្នាជាមួយបុរសក្នុងតួនាទីសម្រេចចិត្ត មិនសំខាន់នោះទេ! សំខាន់ឱ្យតែអ្នកមានអំណាចឬតួនាទីក្នុងការសម្រេចចិត្តហ្នឹង៎ គាត់ [អាច] អនុវត្ត ឬគោរពទៅលើយេនឌ័រ ឬស្រ្តី[គ្រប់គ្រាន់]។ ប៉ុន្តែសម្រាប់ខ្ញុំ ដែលជាអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិស្ត្រី យេនឌ័រហ្នឹង គឺនៅតែលើកទឹកចិត្ត ហើយជឿជាក់ថា ការដាក់ចំនួនស្ត្រីឆ្លាស់ជាមួយបុរស គឺសំខាន់។ តិចឬច្រើន ស្ត្រីនៅតែជាអ្នកអាចយល់សុខទុក្ខ តម្រូវការស្ត្រីដូចគ្នា»។
លោក ហេង គឹមហុង នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN) លើកឡើងថា ការអនុវត្តគោលនយោបាយសមភាពយេនឌ័រ នៅកម្ពុជាជិតពីរទសវត្សរ៍នេះ រដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលបានជំរុញមនុស្សគ្រប់គ្នាឱ្យមានឱកាសស្មើរគ្នា ដោយសារ ពេលមានសង្គ្រាមប្រជាជនកម្ពុជាធ្លាប់ឱ្យតម្លៃខ្ពស់ទៅលើតួនាទីរបស់បុរសក្នុងសង្គ្រាម និងវប្បធម៌សង្គម ទើបជាប់ផ្នត់គំនិតមានភាពលម្អៀងទៅលើរបបបិតាធិបតេយ្យ។ លោកបន្ថែមថា ក្រោយឆ្នាំ២០០០ ដំណាក់កាលដំបូង គេគិតគូរពីការលើកកម្ពស់ស្រ្តីនិយមដែលជាក្រុមភាគច្រើនដែលងាយរងគ្រោះ ប៉ុន្តែក្រោយឆ្នាំ២០១៥ គេគិតគូរពីពាក្យថ្មី គឺ “យេនឌ័រ” ដែលស៊ីជម្រៅទៅលើផ្នែកពាក់ព័ន្ធផ្សេងទៀត បូកបញ្ចូលទាំងអស់ ទាំងអ្នកស្រឡាញ់ភេទដូចគ្នា ជនមានពិការភាព ហើយស្ត្រីនៅតែមានរាប់បញ្ចូល។ បើទោះបីជាមានការលើកកម្ពស់គោលនយោបាយសមភាពយេនឌ័រ ការអនុវត្តហាក់បីជានៅមានកម្រិត ចំនួនស្ត្រីក្នុងការប្រកួតប្រជែងក្របខណ្ឌគោលនយោបាយ និងចំនួនស្ត្រីក្នុងជួររដ្ឋាភិបាលហាក់បីដូចជាមិនទាន់មានចំនួនច្រើន និងទូលំទូលាយនៅឡើយ។
លោកបន្ថែមទៀតថា មិនចាំបាច់មានការកំណាត់ចំនួនស្ត្រីឱ្យស្មើបុរសក្នុងតួនាទីមានអំណាចសម្រេចចិត្តនោះទេ ព្រោះបុរសនិងស្ត្រី គឺស្មើគ្នារួចបាត់ទៅហើយ។ ជាមនុស្សម្នាក់ដូចគ្នា មានសមត្ថភាពដូចគ្នា រៀនសូត្រដូចគ្នា គឺអាស្រ័យទៅលើចំណេះដឹងរបស់ពួកគាត់ទៅវិញនោះទេ។ បច្ចុប្បន្ន ស្រី្តលែងក្លាយជាជនងាយរងគ្រោះជាចម្បងហើយ (ក្រុមLGBTIQ+ ជាជនងាយរងគ្រោះ) ដូច្នេះ មិនអាចកំណត់សមត្ថភាពត្រឹមតែភេទនោះទេ។
លោកបញ្ជាក់ថា៖ «នៅក្នុងការចុះឈ្មោះឈរជាបេក្ខជនក្នុងការបោះឆ្នោត ការដើរតួនាទីសំខាន់ផ្នែកនយោបាយ ចំនួនស្ត្រីតិចទៅៗ មានចំនួនទាបបើទោះបីជាពេលខ្លះមានការកើនឡើងឬថយចុះ ប៉ុន្តែអត្រាហ្នឹងមិនទាន់ដល់៤០ ឬ៥០ភាគរយទេ! […] ប៉ុន្តែយើងមើលទៅស្រ្តីមានសមត្ថភាពហើយ ប៉ុន្តែគ្រាន់តែគ្មានឱកាល បាត់បង់ឱកាស ហើយនិងគ្មានការលើកទឹកចិត្តគ្រប់គ្រាន់»។
លោកបានរៀបរាប់បន្ថែមថា៖ «រដ្ឋាភិបាលត្រូវគិតគូរបន្ថែមទៅលើគោលការណ៍សមភាពយេនឌ័រ ផ្សាភ្ជាប់នឺងគោលនយោបាយកិច្ចគាំពារសង្គម។ បានន័យថា បើសិនស្ត្រីឬបុរសចេញមកធ្វើការខាងក្រៅ អត់ភ័យអត់បារម្ភកុមារឬមនុស្សចាស់នៅផ្ទះ ឬមានទារកដ្ឋាននៅកន្លែងធ្វើការ។ […] ជាក់ស្ដែង នៅ CYN (សមាគមបណ្ដាញយុវជនកម្ពុជា) យើងមានការលើកកម្ពស់។ ដំណើរការជ្រើលរើសបុគ្គលិកផ្តល់ឱកាសស្មើៗគ្នាលើជនគ្រប់រូបមិនប្រកាន់និន្នការភេទ ជនមានពិការភាព ដោយប្រកាន់ភាពចម្រុះ និងបញ្ជ្រាបយេនឌ័រនៅក្នុងវគ្គបណ្តុះបណ្ដាល។ សូម្បីការបោះឆ្នោតជ្រើសរើសប្រធាន(សមាគម) បើស្ត្រីស្មើបុរស យើងរើសស្ត្រី»។
លោក អំ សំអាត ជានាយកទទួលបន្ទុកកិច្ចការទូទៅ តំណាងឱ្យអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) បានលើកឡើងថា រដ្ឋាភិបាលបានប្រឹងប្រែងអនុវត្តគោលនយោបាយយេនឌ័ររបស់ខ្លួនដែរ ប៉ុន្តែនៅមិនទាន់ពេញលេញ ស្រ្តីជាអ្នកដឹកនាំនៅមានភាគរយតិចនៅឡើយ។ ក្រុមបុរសស្ត្រីដែលស្រឡាញ់ភេទដូចគ្នា ការកែភេទ និងអ្នកស្រឡាញ់ទាំងពីរភេទនៅមានការរើសអើង និងមិនទាន់មានការបញ្ជ្រាបចំណេះដឹងផ្នែកនេះច្បាស់នៅឡើយ។ ចំណែកការអនុវត្តគោលនយោបាយយេនឌ័ររបស់លីកាដូ ចំនួនបុគ្គលិកសរុបមានស្ត្រី៥០ភាគរយជាង និងមានការផ្ដល់អទិភាពដល់ជនមានពិការភាព។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា ទោះបីមានការលើកកម្ពស់យ៉ាងណា ក៏នៅមិនទាន់បានពេញលេញដែរ ត្រូវតែមានការបំពេញបន្ថែមទៀត និងមានភាពចាំបាច់ ក្នុងការបញ្រ្ជាបគោលនយោបាយនេះនៅតាមស្ថាប័ននីមួយៗ។
លោកបញ្ជាក់ថា៖ «វាជាការល្អ ដែលអាចឱ្យស្រ្តីមានតួនាទីសម្រេចដែរ ពីព្រោះបញ្ហារបស់ស្រ្តី មានតែស្ត្រីទេដែលដឹងជាងបុរស […] ហើយជាការទាក់ទាញមួយដើម្បីឱ្យបុរសៗហ្នឹង យល់ដឹងពីបញ្ហារបស់ស្ត្រី។ និយាយទៅ៎ដឹងពីសមត្ថភាពនិងលទ្ធភាពរបស់ស្ត្រីដែលចូលរួមក្នុងការសម្រេចចិត្តហ្នឹង វាមិនខុសពីបុរសអ្ហេ៎! អត់មានអីដែលត្រូវបែងចែក។ បើគ្មានការចូលរួមរបស់ស្ត្រីនៅក្នុងការសម្រេចចិត្ត វាអាចប៉ះពាល់ អត់អាចគ្របដណ្ដប់»៕