ការបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សេងៗរយៈពេលខ្លី ដែលរៀបចំដោយអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ តែងធ្វើឡើងដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាពជំនាញសម្រាប់យុវជនបន្ថែមក្រៅពីការសិក្សានៅសាលារបស់ពួកគេ។ បច្ចុប្បន្នគេសង្កេតឃើញថា យុវជនដែលបានចូលរួមរៀនក្រៅប្រព័ន្ធបន្ថែមពីជំនាញដែលគាត់រៀននៅសាលា ពួកគេមានការច្នៃប្រឌិត គិតទូលាយ យល់ពីស្ថានភាពជាក់ស្តែងនៃសង្គម និងមានគំនិតវិភាគដោះស្រាយបញ្ហាសង្គម។
កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសន៍ក្រុមយុវជន និងនិស្សិតចំនួន៦នាក់មកពីសាកលវិទ្យាល័យផ្សេងៗគ្នា អំពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងការចូលរួមសិក្ខាសាលា ឬការបណ្តុះបណ្តាលវគ្គខ្លី៖
កញ្ញា នៃ សៀកម៉ី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២នៃមហាវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលលើកថា ការចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លី សិក្ខាសាលា ឬព្រឹត្តការណ៍ផ្សេងៗក្នុងសង្គម គឺធ្វើឱ្យយុវជនរៀនសូត្រលើសពីចំណេះដឹងដែលរៀននៅសាលា និងទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗ។
កញ្ញាបន្តថា៖ «យើងរៀនបានច្រើន យើងធ្វើអីដែលយើងអត់ធ្លាប់បានធ្វើពីមុន យើងទទួលបានបទពិសោធន៍ពីបងៗដែលគាត់ធ្លាប់ធ្វើការហ្នឹងពីមុនអ៊ីចឹងទៅ។ ហើយយើងបានជួបមនុស្សថ្មីៗអ៊ីចឹង។ និយាយឱ្យចំគឺយើងអាចរបៀបថាជីវិតយើងវាអាចរៀនបានច្រើនទាំងមិនមែននៅក្នុងសាលារៀនទេ»។
លោក ឆេន ពេជ្រតារា អាយុ២២ឆ្នាំ ជានិស្សិតព័ត៌មានវិទ្យានៃវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ យល់ឃើញថា ការចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ធ្វើឱ្យលោកទទួលបានចំណេះដឹងថ្មីអំពីសង្គមក្រៅពីជំនាញដែលខ្លួនកំពុងរៀននៅសាកលវិទ្យាល័យ។
លោកបានបង្ហាញថា៖ «នៅសាលាយើងរៀនស្តាប់តែគ្រូ យើងអត់សូវស្គាល់ពីរបៀបការងារខាងក្រៅច្រើន តែបើយើងទៅចូលរួមវគ្គសិក្ខាសាលខ្លីៗហ្នឹងវាមានអ្វីដែលថ្មីៗដែលសាលាអត់ដែលបង្រៀន»។
លោក វ៉ន ចន្ថា អាយុ២៨ឆ្នាំ ជនជាតិដើមភាគតិចកួយដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញរដ្ឋបាលសាធារណៈ លើកឡើងថា ការចូលរួមវគ្គបណ្តុះបណ្តាលខ្លីគឺមានសារៈសំខាន់សម្រាប់យុវជន ព្រោះមានការផ្លាស់ប្តូរបទពិសោធន៍រវាងយុវជន និងយុវជន ពង្រឹងសមត្ថភាព ភាពក្លាហាន ទទួលស្គាល់ភាពចម្រុះជាតិសាសន៍ និងអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញយុវជន និងបណ្តាអង្គការសង្គមស៊ីវិលនានា។
លោកបន្តថា៖ «ទាក់ទងទៅ និងការចូលរួមជាមួយនិងអង្គការដៃគូ ចូលរួមវគ្គខ្លីអីហ្នឹងនៅក្នុងសង្គម ឬក៏នៅក្នុងកម្មវិធីអីផ្សេងៗវាមានសារៈសំខាន់សម្រាប់យើង គឺដើម្បីឱ្យយើងទទួលបានចំណេះដឹងថ្មីៗ ការពង្រឹងសមត្ថភាពខ្លួនឯង ហើយយើងមានភាពក្លាហានជាងមុនហើយយើងអាចស្គាល់យុវជនចម្រុះ ឬក៏មនុស្សចម្រុះផ្សេងគ្នាដែលមកពីបរិបទផ្សេងគ្នា»។
លោក ចាន់ វាសនា អាយុ២០ឆ្នាំ ជនជាតិដើមភាគតិចកួយជានិស្សិតឆ្នាំទី១នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បង្ហាញថាការចូលរួមសិក្សាក្រៅប្រព័ន្ធគឺមានភាពល្អប្រសើរ ធ្វើឱ្យយុវជនចេះនិយាយ ធ្វើបទបង្ហាញ រៀនរយៈពេលខ្លី ប៉ុន្តែងាយយល់ព្រោះមានការពន្យល់ក្បោះក្បាយជាងនៅសាលា ចេះធ្វើការងារក្រុម មានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់។
លោកបន្ថែមថា៖ «ពេលដែលចូលវគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលខ្លីៗ ឬព្រឹត្តិការណ៍អីមួយ គឺថាវាមានភាពល្អប្រសើរ ព្រោះ ទី១ ចង់ឱ្យយុវជនយើងចេះនិយាយហើយទៀតធ្វើបទបង្ហាញ ហើយមួយទៀតពេលដែលយើងរៀនវគ្គបណ្តុះបណ្តាលអ៊ីចឹងទៅ យើងរៀនរយៈពីរថ្ងៃទេ ប៉ុន្តែយើងអាចចេះបានច្រើន ព្រោះមានការពន្យល់ក្បោះក្បាយអំពីប្រធានបទ»។
កញ្ញា វ៉ាន់ខាំ ម៉ា ជាជនជាតិដើមភាគតិចទំពួន អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី២ មុខជំនាញអក្សរសាស្ត្រខ្មែរ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា យល់ថា ការចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាលអាចធ្វើឱ្យយុវជនអភិវឌ្ឍខ្លួនឯងតាមរយៈការកែប្រែទម្លាប់មិនល្អមួយចំនួន និងមានការយើងយល់ដឹងពីបញ្ហាសង្គមតាមរយៈការលើកឡើងរបស់យុវជន។
កញ្ញាបញ្ជាក់ថា៖ «ត្រឡប់មកខ្លួនយើងវិញក៏យើងគឺអភិវឌ្ឍខ្លួនយើងបានដែរ យើងអាចកែទម្លាប់ខ្លួនឯង មួយចំនួនដែលយើងខ្វះខាត ហើយមួយវិញទៀតយើងក៏យល់ដឹងពីសង្គមបានមួយដែរ ដោយសារអីយើង ចំណុចខ្លះគឺយើងអត់ដឹងទេទាក់ទងនិងបញ្ហាផ្សេងៗទាក់ និងយុវជន ឬសង្គម ប៉ុន្តែក្នុងវគ្គបណ្តុះបណ្តាលគឺគាត់ [យុវជន] បានចែករំលែក [ពីបញ្ហាសង្គម]»។
លោក ផ្លាន សុជា អាយុ២២ឆ្នាំ ជនជាតិដើមភាគតិចទំពួន ជានិស្សិតឆ្នាំទី៤ ជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្មនៅសាកលវិទ្យាល័យន័រតុនលើកឡើងថា មេរៀន ឬប្រធានបទមួយចំនួននៃវគ្គសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល គឺជាចំណេះពីខាងក្រៅដែលមិនអាចរៀនបាននៅសាលា។ លោកបន្តថា បន្ទាប់ពីបញ្ចប់សិក្ខាសាលា ឬកម្មវិធី គឺបង្កើតឱកាសឱ្យពួកគេមានភាពក្លាហាន បង្កើនទំនាក់ទំនងជាមួយមនុស្សថ្មីៗ អ្នកជំនាញ ឬបុគ្គលល្បីៗ បង្ហាញអំពីខ្លួនឯង ឬចំណាប់អារម្មណ៍ផ្ទាល់ខ្លួនដើម្បីបង្កើតឱកាសនានាសម្រាប់ខ្លួនឯង។
លោកបន្ថែមថា៖ «ហើយនៅក្នុង Workshop (សិក្ខាសាលា) ហ្នឹងទៀតសោត បើសិនជាយើងជាមនុស្សដែលចង់ចេះ ចង់ដឹង ចង់ស្គាល់ ចឹងយើងអាចសួរអីៗវាជារឿងមួយដែលគេកត់សម្គាល់យើងដែរ វាអាចឱ្យគេស្គាល់យើងគេអាចនឹងធ្វើការទំនាក់ទំនងជាមួយយើងក្នុងការងារណាមួយចឹង អាហ្នឹងជាលទ្ធផលជាក់ស្តែងដែលយើងតែងតែឃើញ ដែលខ្ញុំតែងតែឃើញកន្លងមកគឺ ក្រោយយើងពីចូលរួម Workshop (សិក្ខាសាលា) បើសិនជាយើងជាមនុស្សសកម្មភាគច្រើនតែងតែមានឱកាសច្រើនក្នុងការទទួលការងារណា មួយ»៕