អ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍នៃយុទ្ធនាការបង្ក្រាបបទល្មើសកាប់ឈើទន្ទ្រានដីតំបន់ការពារនៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីបានជិត ៣ ០០០ហិកតា និងបានឃាត់ខ្លួនជនសង្ស័យ ៨នាក់។
កាលពីសប្តាហ៍មុន កងរាជអាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងបរិស្ថាន បានដាក់កម្លាំងជាច្រើនរយនាក់ ក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់នេះ បន្ទាប់ពីកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ រវាងក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ថា ក្រុមការងារអនុគណៈកម្មការដែលចុះទៅបង្ក្រាបករណីទន្ទ្រានដីតំបន់ការពារនៅខេត្តពោធិ៍សាត់នេះ មានចំនួន ១០ក្រុម ក្នុងនោះមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥០នាក់ អគ្គស្នងការនគរបាលជាតិចំនួន ២៥០នាក់ កម្លាំងរដ្ឋបាលថ្នាក់ក្រោមជាតិ៧៨៦នាក់។ លោកបន្តថា ក្រោយពីបានចុះប្រតិបត្តិការបង្ក្រាប ក្នុងរយៈពេលមួយសប្តាហ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីរដ្ឋមកវិញបានជិត ៣០០០ហិកតា និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងបញ្ជូនជនសង្ស័យម្នាក់ទៀតទៅតុលាការ។
លោកបញ្ជាក់ថា៖ «ក្រុមការងារ បានឃ្លុំដីដែលមានទំហំ ១ ៩៥៦,៥៨ហិកតា បន្តនីតិវិធីទៅលើដីកាប់រានថ្មីមានទំហំ៧០៥,៨១ហិកតា និងបន្តនីតិវិធីផ្ទៃដីដាំដំណាំទំហំ ៣,៧៤ហិកតាឡើងវិញ។ […] ហើយយើងឃាត់ជនល្មើសបាន ០១នាក់ ត្រូវបានបញ្ជូនទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបាន ០៨នាក់ កំពុងទទួលបានការអប់រំ»។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ក្នុងនោះមានដូចជា ម៉ាស៊ីនបាញ់ថ្នាំស្មៅ ម៉ូតូ រុះរើខ្ទមមួយចំនួន និងបង្គោលរបងជាច្រើនដើមផងដែរ។
តាមរយៈលទ្ធផលនេះ លោកថា នេះជាការយកចិត្តទុកដាក់ខ្លាំង ពីសំណាក់រាជរដ្ឋាភិបាលនៅក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។
អ្នកនាំពាក្យរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងបែរមករកមុខរបរផ្សេង ដែលមិនបង្កការរំខានដល់ធនធានធម្មជាតិ ព្រមទាំងចូលរួមទាំងអស់គ្នាក្នុងការដាំដើមឈើឡើងវិញ។
ចំណែក លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្លែងប្រាប់Newsroom Cambodia នៅរសៀលថ្ងៃចន្ទនេះថា ដីដែលកងកម្លាំងឃ្លុំបាននេះ សុទ្ធសឹងតែជាដីនៅក្នុងតំបន់ព្រៃអភិរក្សធនធានធម្មជាតិ នៃភូមិសាស្ត្រខេត្តពោធិ៍សាត់។
លោកថា៖ «កាលពីមុនមក យើងក៏ធ្លាប់បានដកហូតដីបានជាង ២០ ០០០ហិកតា អាហ្នឹងវគ្គដែលខ្ញុំធ្វើមុន ហើយវគ្គនេះមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជួយអន្តរាគមន៍ ហើយរឿងចាប់ជនល្មើសនេះ អ្នកខ្លះកំពុងស្ថិតក្រោមនីតិវិធីច្បាប់ ហើយអ្នកខ្លះក៏រត់បាត់ទៅ។ តែទោះជាយ៉ាងនេះក្តី តុលាការនឹងតាមឃាត់ខ្លួនតាមក្រោយ ដោយសារតែទំហំនៃការបំផ្លាញនេះ វាធ្ងន់ធ្ងរខ្លាំងពេក មិនអាចយោគយល់បានទេ។ តាំងពីភ្នំខ្ពស់ៗអី កោរយកទាំងអស់ អាហ្នឹងវាប៉ះពាល់ខ្លាំងណាស់ ហើយតាមវិធានការផ្លូវច្បាប់ ត្រូវតែធ្វើឱ្យបាន»។
លោក ខូយ រីដា បានបញ្ជាក់ថា អ្នកដែលបានទៅទន្ទ្រានដីតំបន់ការពារនោះ ជាអ្នកនៅក្នុងតំបន់ផង និងអ្នកមកពីខាងក្រៅផង ដោយសមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណជាបន្តបន្ទាប់។
លោកថា៖ «[ជនសង្ស័យ]គាត់កាប់ហ្នឹងអាចយកទៅដាំដំឡូងមីអីចឹងទៅ ហើយបើកាប់ស្អាតហើយ គាត់យកទៅលក់ អាហ្នឹងបានកាន់តែថ្លៃ។ មួយរយៈមុននេះ ភ្លើងឆេះព្រៃទាំងយប់ទាំងថ្ងៃ ពួកគាត់ដុត ហើយវាឆេះឆ្លងពីភ្នំមួយទៅភ្នំមួយទៀត នេះវាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនខ្លាំងណាស់[…] បើមិនមានការអន្តរាគមន៍ទេ ព្រៃឈើនឹងប្រឈមមុខខ្ពស់ទៅនឹងការវិនាសអន្តរាយនូវសម្បត្តិធម្មជាតិដ៏កម្ររបស់យើងនេះ»។
ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានឱ្យបន្ថែមថា កងកម្លាំងចម្រុះ បាននិងកំពុងកំណត់មុខសញ្ញាជនសង្ស័យបន្ថែមទៀត ដោយសារតែមានការសាកសួរនាំពីអ្នកពាក់ព័ន្ធ។
លោកថា៖ «យើងអាចនឹងកំណត់មុខសញ្ញាបានកាន់តែច្រើនទៀត ដោយសារតែយើងបានសួរនាំ ប៉ុន្តែយើងមិនទាន់បានកោះហៅអ្នកពាក់ព័ន្ធអីមកទាំងអស់ទេ ដោយសារយើងធ្វើកិច្ចការបង្ក្រាបនេះបណ្តើរៗ ហើយយើងធ្វើការស្រាវជ្រាវបន្ថែមបណ្តើរៗទៀត»។
នាយកប្រតិបត្តិអង្គការបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង ធ្លាប់មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ ត្រូវតែធ្វើឡើងជាប្រចាំ និងញឹកញាប់ ដោយមិនមានការលើកលែងទាំងអ្នកប្រព្រឹត្តបទល្មើស និងបុគ្គល ឬក្រុមណាដែលនៅពីខាងក្រោយសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ។
លោកថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវចាត់វិធានការយ៉ាងមុតមាំ ចំពោះក្រុមអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ច្រើនឆ្នាំមកនេះ បញ្ហាធនធានធម្មជាតិក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ ដោយសារតែវាកើតឡើងដដែលៗនៅក្នុងរយៈពេលវែង ហើយព្រៃឈើចេះតែបន្តបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ»។
លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបើកចិត្តទូលាយ នៅក្នុងការទទួលយកការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាប្រភពផ្សេងៗ រួមទាំងការស្វាគមន៍នូវការចូលរួមពីសំណាក់សង្គមស៊ីវិល និងយុវជនស្ម័គ្រចិត្ត ដើម្បីឈានទៅរកការអនុវត្តការការពារមួយដែលមានប្រសិទ្ធិភាព។
លោកបានមានប្រសាសន៍ថា៖ «បើសិនជាការចាត់វិធានការមិនមានប្រសិទ្ធិភាព និងមិនគ្រប់ជ្រុងជ្រោយ វានឹងធ្វើឱ្យមានការរំខានខ្លាំងទៅដល់សកម្មភាពអភិរក្ស ហើយបាត់បង់ធនធានធម្មជាតិឥតអំពើ […] ជាមួយគ្នានេះដែរ ការលើកទឹកចិត្តឱ្យមានការអភិរក្ស ពីសំណាក់ថ្នាក់ជាតិទៅថ្នាក់សហគមន៍មូលដ្ឋានក៏ជារឿងមួយសំខាន់ដែរ ហើយការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគាត់ចូលរួមការពារធនធានធម្មជាតិ ក៏ជារឿងសំខាន់ដែរ។ ទន្ទឹមនឹងគ្នាហ្នឹង ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធិភាព លុះត្រាតែអាជ្ញាធរគាត់បើកចិត្តទូលាយ នៅក្នុងការស្វាគមន៍ប្រភពព័ត៌មានដែលបានផ្តល់មក»៕