អ្នកនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍​នៃយុទ្ធនាការបង្ក្រាបបទល្មើស​កាប់ឈើទន្ទ្រានដីតំបន់ការពារនៅខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ បាន​ឃ្លុំដីបាន​ជិត ៣ ០០០​ហិកតា និងបានឃាត់ខ្លួនជនសង្ស័យ ៨នាក់។

កាលពីសប្តាហ៍មុន កងរាជអាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងបរិស្ថាន បានដាក់កម្លាំងជាច្រើនរយនាក់ ក្នុង​យុទ្ធនាការ​ទ្រ​ង់ទ្រាយធំ ដើម្បី​​ទប់ស្កាត់ និងបង្រ្កាបបទល្មើស​​ធន​ធាន​ធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់នេះ បន្ទាប់ពីកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ រវាងក្រសួងបរិស្ថាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក​ ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០២៤ថា ក្រុមការងារអនុគណៈកម្មការដែលចុះទៅបង្ក្រាបករណីទន្ទ្រានដីតំបន់ការពារនៅខេត្តពោធិ៍សាត់​នេះ មានចំនួន ១០ក្រុម ក្នុងនោះមាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥០នាក់ អគ្គស្នងការនគរបាលជាតិចំនួន ២៥០នាក់ កម្លាំងរដ្ឋបាលថ្នាក់ក្រោមជាតិ៧៨៦នាក់។ លោកបន្តថា ក្រោយពីបានចុះប្រតិបត្តិការបង្ក្រាប ក្នុងរយៈពេលមួយសប្តាហ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះ បានឃ្លុំដីរដ្ឋមកវិញបានជិត ៣០០០ហិកតា និងបានឃាត់ខ្លួនជនសង្ស័​យចំនួន​ ៨នាក់ និង​បញ្ជូនជនសង្ស័យ​ម្នាក់ទៀតទៅតុលាការ។

លោក​បញ្ជាក់​ថា៖ «ក្រុមការងារ បានឃ្លុំដីដែលមានទំហំ ១ ៩៥៦,៥៨ហិកតា បន្តនីតិវិធីទៅលើដីកាប់រានថ្មីមានទំហំ៧០៥,៨១​ហិកតា និងបន្តនីតិវិធីផ្ទៃដីដាំដំណាំ​ទំហំ ៣,៧៤ហិកតា​ឡើង​វិញ។ […] ហើយយើងឃាត់ជនល្មើសបាន ០១នាក់ ត្រូវ​បាន​បញ្ជូនទៅតុលាការសាលាដំបូងខេត្តពោធិ៍សាត់ ព្រមទាំងឃាត់ខ្លួនជនសង្ស័យបាន ០៨នាក់ កំពុងទទួលបានការអប់រំ»

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា កម្លាំង​​​សមត្ថកិច្ច​​​ច​ម្រុះ ក៏បានដកហូតវត្ថុតាងមួយចំនួនផងដែរ ក្នុងនោះមានដូចជា​ ម៉ាស៊ីនបាញ់ថ្នាំស្មៅ ម៉ូតូ រុះរើខ្ទមមួយចំនួន និងបង្គោលរបង​ជា​ច្រើនដើមផងដែរ។

តាមរយៈលទ្ធផលនេះ លោកថា នេះ​ជាការយកចិត្តទុកដាក់ខ្លាំង ពីសំណាក់រាជរដ្ឋាភិបាលនៅក្នុងការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា សម្រាប់មនុស្ស​ជំនាន់​ក្រោយ​។

អ្នកនាំពាក្យរូបនេះ ក៏បាន​អំពាវនាវដល់​ប្រជាពលរដ្ឋដែលកំពុងប្រកបរបរដែលធ្វើឱ្យ​​ប៉ះពាល់ដល់ធន​ធាន​ធម្មជាតិ ត្រូវ​​បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់​ និង​បែរ​មក​រក​មុខ​របរផ្សេង ដែលមិនបង្កការរំខានដល់ធនធានធម្មជាតិ ព្រមទាំងចូលរួមទាំងអស់គ្នាក្នុងការ​ដាំដើមឈើ​ឡើង​វិញ​។

ចំណែក លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្លែងប្រាប់Newsroom Cambodia នៅរសៀលថ្ងៃចន្ទ​នេះ​​ថា ដីដែលកងកម្លាំងឃ្លុំបាននេះ សុទ្ធសឹងតែជាដីនៅក្នុងតំបន់ព្រៃ​អភិរក្សធនធានធម្មជាតិ នៃភូមិសាស្ត្រខេត្តពោធិ៍សាត់។

លោក​ថា៖«កាលពីមុនមក យើងក៏ធ្លាប់បានដកហូតដីបានជាង ២០ ០០០​​ហិកតា អាហ្នឹង​វគ្គ​ដែល​ខ្ញុំ​ធ្វើ​មុន ហើយ​​វគ្គនេះ​មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីជួយអន្តរាគមន៍ ហើយរឿងចាប់ជនល្មើសនេះ អ្នកខ្លះកំពុងស្ថិតក្រោមនីតិវិធីច្បាប់ ហើយអ្នកខ្លះក៏​រត់បាត់ទៅ។ តែទោះជាយ៉ាងនេះក្តី តុលាការនឹងតាមឃាត់ខ្លួនតាម​ក្រោយ ដោយ​សារតែ​ទំហំនៃការបំផ្លាញនេះ​ វាធ្ងន់ធ្ងរខ្លាំងពេក មិនអាចយោគយល់បានទេ។ តាំងពីភ្នំខ្ពស់ៗអី កោរ​យក​ទាំងអស់ អាហ្នឹងវាប៉ះពាល់ខ្លាំងណាស់ ហើយតាមវិធានការផ្លូវច្បាប់ ត្រូវតែធ្វើឱ្យ​បាន»

លោក ខូយ រីដា បានបញ្ជាក់ថា អ្នកដែលបានទៅទន្ទ្រានដីតំបន់ការពារនោះ ជាអ្នកនៅក្នុងតំបន់ផង និងអ្នកមកពីខាងក្រៅផង ដោយសមត្ថកិច្ចកំពុងកំណត់អត្តសញ្ញាណជាបន្តបន្ទាប់។

លោកថា៖ «[ជនសង្ស័យ]គាត់កាប់ហ្នឹងអាចយកទៅដាំដំឡូងមីអីចឹងទៅ ហើយ​បើកាប់​ស្អាត​ហើយ​ គាត់​យក​ទៅលក់ អាហ្នឹង​បាន​កាន់​តែ​ថ្លៃ។ មួយ​រយៈ​មុន​នេះ ភ្លើងឆេះព្រៃទាំងយប់ទាំងថ្ងៃ ពួកគាត់​ដុត ហើយ​វា​ឆេះឆ្លង​ពីភ្នំ​មួយទៅភ្នំមួយទៀត នេះវាប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនខ្លាំងណាស់[…] បើមិនមានការអន្តរាគមន៍ទេ ព្រៃឈើនឹងប្រឈមមុខខ្ពស់ទៅនឹងការវិនាសអន្តរាយ​នូវសម្បត្តិធម្មជាតិដ៏កម្ររបស់យើងនេះ»

ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានឱ្យបន្ថែម​ថា កងកម្លាំងចម្រុះ បាន​និង​កំពុង​កំណត់មុខសញ្ញាជនសង្ស័យ​​​បន្ថែមទៀត ដោយសារតែមានការសាកសួរ​នាំពី​អ្នក​ពាក់​ព័ន្ធ។

លោកថា៖ «យើងអាចនឹងកំណត់មុខសញ្ញាបានកាន់តែច្រើនទៀត ដោយសារតែយើងបានសួរនាំ ប៉ុន្តែយើង​មិនទាន់​បាន​កោះហៅអ្នកពាក់ព័ន្ធអីមកទាំងអស់ទេ ដោយសារយើងធ្វើកិច្ចការបង្ក្រាបនេះបណ្តើរៗ ហើយយើងធ្វើការស្រាវជ្រាវបន្ថែមបណ្តើរៗទៀត»

នាយកប្រតិបត្តិអង្គការ​​បណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង ​ធ្លាប់​មានប្រសាសន៍​កាលពីពេលថ្មីៗនេះថា ការ​ទប់​ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិនេះ ត្រូវតែធ្វើឡើងជាប្រចាំ​ និងញឹកញាប់ ដោយ​មិន​មានការលើកលែងទាំង​អ្នក​ប្រព្រឹត្តបទល្មើស​ និង​បុគ្គល ឬ​ក្រុម​ណាដែ​ល​នៅពីខាងក្រោយសកម្មភាព​បំផ្លិចបំផ្លាញធនធានធម្មជាតិនេះ។

លោកថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវចាត់វិធានការយ៉ាងមុតមាំ ចំពោះ​ក្រុមអ្នកប្រព្រឹត្តិបទ​ល្មើស​ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ច្រើនឆ្នាំមកនេះ បញ្ហាធនធានធម្មជាតិក្លាយ​ជាប្រធានបទដ៏គួរឱ្យ​ចាប់អារម្មណ៍ ដោយសារតែវាកើតឡើងដដែលៗនៅក្នុងរយៈពេលវែង ហើយព្រៃឈើចេះតែបន្តបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ»

លោកក៏បានជំរុញឱ្យ​​​អាជ្ញាធរមូលដ្ឋានបើកចិត្តទូលាយ នៅក្នុងការទទួលយកការរាយការណ៍ពីសំណាក់​ប្រជាពលរដ្ឋ ក៏ដូចជាប្រភពផ្សេងៗ រួមទាំងការស្វាគមន៍នូវការចូលរួមពីសំណាក់សង្គមស៊ីវិល និងយុវជនស្ម័គ្រចិត្ត ដើម្បីឈានទៅរកការអនុវត្តការការពារមួយដែលមានប្រសិទ្ធិភាព។

លោកបានមានប្រសាសន៍ថា៖ «បើសិនជាការចាត់វិធានការមិនមានប្រសិទ្ធិភាព និងមិនគ្រប់ជ្រុងជ្រោយ វានឹងធ្វើឱ្យ​​មានការរំខានខ្លាំងទៅដល់សកម្មភាពអភិរក្ស ហើយ​បាត់បង់ធនធានធម្មជាតិឥតអំពើ​ […] ជាមួយគ្នានេះដែរ ការលើកទឹកចិត្តឱ្យ​​មានការអភិរក្ស​ ពី​សំណាក់​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​សហគមន៍មូលដ្ឋាន​ក៏ជារឿងមួយសំខាន់ដែរ ហើយការលើកទឹកចិត្តឱ្យ​ប្រជាពលរដ្ឋគាត់ចូលរួមការពារធនធានធម្មជាតិ ក៏ជារឿងសំខាន់ដែរ។ ទន្ទឹមនឹងគ្នាហ្នឹង ដើម្បីឱ្យ​ការអនុវត្តមានប្រសិទ្ធិភាព លុះត្រាតែអាជ្ញាធរ​គាត់​បើក​ចិត្ត​ទូលាយ នៅក្នុងការស្វាគមន៍ប្រភព​ព័ត៌មានដែលបានផ្តល់មក»