សង្គមស៊ីវិល និងបណ្តាញសហគមន៍ ស្នើរដ្ឋាភិបាលអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ចំពោះអ្នកបំផ្លិចបំផ្លាញព្រៃឈើ និងមន្រ្តីខិលខូច ដែលប្រព្រឹត្តអំពើពុករលួយក្នុងសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ។
ការស្នើនេះ បានធ្វើឡើងខណៈដែលពួកគេបានចូលរួមអបអរទិវាព្រៃឈើអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួន ៦ស្ថាប័ន ក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។
គោលបំណងនៃការប្រារព្ធទិវាព្រៃឈើអន្តរជាតិនេះ គឺដើម្បីអបអរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកកម្ពស់គុណតម្លៃ នៃកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សព្រៃឈើ លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីការអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ និងដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្តីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា។
នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើកឡើងថា រយៈពេលពីរទសវត្សមកនេះ ព្រៃឈើនៅកម្ពុជា រងការកាប់បំផ្លាញយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមានការធ្លាក់ចុះនូវគម្របព្រៃឈើប្រមាណជាង ១៤ភាគរយ ដែលជាអត្រាដែលខ្ពស់បំផុត និងគួរឱ្យព្រួយបារម្ភ។ លោកបន្តថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរការ និងការកាប់បំផ្លាញព្រៃរនាម ព្រៃកោងកាង ការទន្ទ្រានយកធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារនៅភូមិភាគខាងជើង និងភាគឥសាន្តនៃប្រទេសកម្ពុជា ត្រូវបានរកឃើញជាបន្តបន្ទាប់។
លោកបន្ថែមថា៖ «សកម្មភាពកែប្រែតំបន់ការពារក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ការធ្វើអនុប្បយោគក្នុងរូបភាព ជួល អំណោយ ឬការផ្ទេរកម្មសិទ្ធិបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គម្របព្រៃឈើនៅកម្ពុជា នារយៈពេល៣ទស្សវត្សចុងក្រោយនេះ។ ការរកឃើញជាបន្តបន្ទាប់នៃការបាត់បង់គម្របព្រៃឈើ និងការឈានទៅរកការបាត់បង់ព្រៃឈើប្រណិតចេញពីតំបន់ការពារធនធានធម្មជាតិ នៅប្រទេសកម្ពុជា»។
លោកបានអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ត្រូវបង្កើនការយកចិត្តទុកដាក់ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះអ្នកបំផ្លិចបំផ្លាញព្រៃឈើ ក៏ដូចជាមន្រ្តីខិលខូចមួយចំនួន ដែលបានប្រព្រឹត្តអំពើពុករលួយ ជាមួយសកម្មភាពបំផ្លាញធនធានធម្មជាតិនេះផងដែរ។
អ្នកសម្របសម្រួលបណ្តាញសហគមន៍ព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ហឿន សុភាព លើកឡើងថា ព្រៃឈើ គឺជាធនាគាររបស់សហគមន៍ និងផ្តល់ផលដោយប្រយោលដល់មនុស្សជាតិគ្រប់រូប ដែលករណីនេះប្រជាពលរដ្ឋគ្រប់គ្នាត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការពារធនធានធម្មជាតិនេះ។
លោកបន្តថា៖ «សូមសំណូមពរដល់រាជរដ្ឋាភិបាលថ្មី ដែលជានាយករដ្ឋមន្រ្តីថ្មី សុំលោកបើកឱកាស ជំរុញលើកទឹកចិត្តដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា […] រឹតបន្តឹងនៃការកាប់បំផ្លាញព្រៃឈើ ហើយសុំបន្តឱ្យព្រៃឈើនៅកម្ពុជា មាននិរន្តរភាព ដើម្បីមនុស្សជាតិ»។
ស្រដៀងគ្នានេះដែរ លោក ចាន់ សារិន សមាជិកបណ្តាញសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារ លើកឡើងថា ពលរដ្ឋគ្រប់គ្នាមានសិទ្ធិការពារធនធានធម្មជាតិ ហើយបច្ចុប្បន្ន ពួកគាត់ កំពុងជួបបញ្ហាប្រឈមជាច្រើន ដូចជា ការរឹតត្បិតមិនឱ្យចូលរួមការពារ ការគំរាមកំហែង និងមានការប្រឈមនៅពេលជួបជាមួយជនប្រព្រឹត្តបទល្មើសដោយផ្ទាល់ជាដើម។
លោកបន្ថែមថា៖ «សុំបងប្អូនទាំងអស់ចូលរួមការពារធនធានធម្មជាតិ ជាពិសេសសុំក្រសួងបរិស្ថានបើកសិទ្ធិសេរីភាព ឱ្យបណ្តាញសហគមន៍ អង្គការសង្គមស៊ីវិល យុវជនផ្សេងៗអាចចូលរួមការពារធនធានធម្មជាតិ»។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើ។
លោកបញ្ជាក់ថា៖ «យើងធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនេះយ៉ាងម៉ឺងម៉ាត់ នៅក្នុងនោះយើងបានដាក់ចេញនូវវិធានការ ៤ចំណុច គឺការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត បើចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ទី២ គឺយើងពង្រឹងកិច្ចសហការ ជាគណៈបញ្ជាការឯកភាពខេត្តរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិទាំងនោះ ទី៣ គឺយើងបន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមទៀត»។
លោកលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមសហការគ្នា ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន បន្តពង្រឹង ការគ្រប់គ្រង និងការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ រួមទាំងអភិវឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ លោកបានស្នើឱ្យប្រជាពលរដ្ឋ ចូលរួមកាន់តែខ្លាំងក្លាថែមទៀតក្នុងការដាំដើមឈើស្តារព្រៃឡើងវិញ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជានៅក្នុងតំបន់ដែលអាចដាំបាន ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍ និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕