សង្គមស៊ីវិល និងបណ្តាញសហគមន៍ ស្នើ​រដ្ឋាភិបាល​​អនុវត្តច្បាប់​ឱ្យ​បាន​ម៉ឹង​​ម៉ាត់ ចំពោះ​​អ្នក​បំផ្លិច​បំផ្លាញព្រៃឈើ និងមន្រ្តីខិលខូច ដែលប្រព្រឹត្តអំពើពុករលួយក្នុងសកម្មភាពបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ។

ការស្នើនេះ បានធ្វើឡើងខណៈដែលពួកគេបានចូលរួមអបអរទិវាព្រៃឈើអន្តរជាតិ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ​ នៅថ្ងៃទី​១៧ ​ខែ​មីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួន​ ៦ស្ថាប័ន​ ក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។

គោល​បំណងនៃការប្រារព្ធទិវាព្រៃឈើអន្តរជាតិនេះ គឺដើម្បីអបអរទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៤ និងលើកកម្ពស់គុណតម្លៃ នៃកិច្ចខិតខំប្រឹងប្រែងការពារនិងអភិរក្សព្រៃឈើ លើកកម្ពស់សិទ្ធិក្នុងការចូលរួមរបស់មនុស្សជាតិ ដើម្បីការអភិរក្ស និងការពារនិរន្តរភាពព្រៃឈើ និងដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពព្រៃឈើ បង្ហាញពីក្តីកង្វល់ បញ្ហាប្រឈម ក្នុងកិច្ចការ​ពារ និង​អភិរ​ក្ស​ធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា។

នាយកប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង លើក​ឡើង​ថា រយៈ​ពេល​ពីរ​ទសវត្ស​មកនេះ ព្រៃឈើនៅ​កម្ពុជា រងការកាប់បំផ្លាញយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យមាន​ការធ្លាក់ចុះនូវ​គម្រប​​ព្រៃឈើប្រមាណជាង ១៤ភាគរយ ដែលជាអត្រាដែលខ្ពស់បំផុត និង​គួរឱ្យព្រួយបារម្ភ។ លោកបន្តថា ការកាប់បំផ្លាញព្រៃឈើ​នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែន​ជម្រកសត្វព្រៃឡង់ ដែនជម្រកសត្វព្រៃព្រះរការ និងការកាប់បំផ្លាញព្រៃរនាម ព្រៃកោងកាង ការទន្ទ្រានយកធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារនៅភូមិភាគខាងជើង និងភាគឥសាន្តនៃប្រទេសកម្ពុជា ត្រូវបានរកឃើញជាបន្តបន្ទាប់។

លោកបន្ថែមថា៖ «សកម្មភាពកែប្រែតំបន់ការពារក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ការធ្វើអនុប្បយោគក្នុងរូបភាព ជួល អំណោយ ឬការផ្ទេរកម្មសិទ្ធិបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គម្របព្រៃឈើ​នៅ​កម្ពុជា នារយៈពេល៣ទស្សវត្សចុងក្រោយនេះ។ ការរកឃើញជាបន្តបន្ទាប់នៃការបាត់បង់គម្របព្រៃឈើ និងការឈានទៅរកការបាត់បង់ព្រៃឈើប្រណិត​ចេញ​ពី​តំបន់​ការ​ពារ​ធនធានធម្មជាតិ នៅប្រទេសកម្ពុជា»។

លោកបានអំពាវនាវឱ្យរដ្ឋាភិបាល និងស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន ត្រូវ​បង្កើន​​ការ​​យក​​ចិត្តទុកដាក់ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះអ្នកបំផ្លិចបំផ្លាញព្រៃឈើ ក៏ដូចជាមន្រ្តីខិលខូចមួយចំនួន ដែលបានប្រព្រឹត្តអំពើពុករលួយ ជាមួយសកម្មភាពបំផ្លាញធនធានធម្មជាតិនេះផងដែរ​។

អ្នកសម្របសម្រួលបណ្តាញសហគមន៍​ព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ហឿន សុភាព លើក​ឡើង​ថា ព្រៃឈើ គឺជាធនាគាររបស់​សហគមន៍ និង​ផ្តល់​ផល​ដោយ​ប្រយោល​ដល់មនុស្ស​ជាតិ​គ្រប់​រូប ដែលករណីនេះ​ប្រជាពលរដ្ឋគ្រប់គ្នាត្រូវតែចូលរួមយ៉ាង​សកម្ម​នៅ​ក្នុងកិច្ច​ការ​ពារ​ធនធានធម្មជាតិនេះ។

លោកបន្តថា៖ «សូមសំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​ថ្មី ដែល​ជា​នាយករដ្ឋមន្រ្តីថ្មី សុំលោកបើកឱកាស ជំរុញ​​លើកទឹក​ចិត្ត​ដល់​ប្រជាជន​នៅក្នុងប្រទេសកម្ពុជា […] រឹតបន្តឹងនៃការកាប់បំផ្លាញព្រៃឈើ ហើយសុំបន្តឱ្យព្រៃឈើនៅកម្ពុជា មាននិរន្តរភាព ដើម្បីមនុស្សជាតិ»។

ស្រដៀងគ្នានេះ​ដែរ លោក ចាន់ សារិន សមាជិក​បណ្តាញសហគមន៍ព្រៃឡង់នៅខេ​ត្ត​ព្រះវិហារ លើក​ឡើង​ថា ពលរដ្ឋគ្រប់គ្នា​មានសិទ្ធិការពារធនធានធម្មជាតិ ហើយបច្ចុប្បន្ន ពួកគាត់​​ កំពុង​ជួបបញ្ហាប្រឈមជាច្រើន ដូចជា ការរឹតត្បិតមិនឱ្យចូលរួមការពារ ការគំរាមកំហែង និង​មានការប្រឈមនៅពេល​​ជួប​ជាមួយ​ជន​ប្រព្រឹត្ត​បទល្មើសដោយផ្ទាល់ជាដើម។

លោកបន្ថែមថា៖ «សុំបងប្អូនទាំងអស់ចូលរួមការពារធនធានធម្មជាតិ ជាពិសេសសុំក្រសួង​បរិស្ថានបើកសិទ្ធិសេរីភាព ឱ្យបណ្តាញសហគមន៍ អង្គការសង្គមស៊ីវិល យុវជន​ផ្សេងៗ​អាចចូលរួមការពារធនធានធម្មជាតិ»។

​អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍​ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការ​គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ និងព្រៃឈើ។

លោកបញ្ជាក់ថា៖ «យើងធ្វើការទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនេះ​យ៉ាងម៉ឺងម៉ាត់ នៅក្នុងនោះ​យើងបាន​ដាក់​ចេញ​នូ​វ​វិធាន​ការ ៤ចំណុច គឺ​ការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត បើចំពោះអ្នកដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ទី២ គឺយើងពង្រឹងកិច្ចសហការ ជាគ​ណៈបញ្ជាការឯកភាពខេត្តរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន​ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិទាំងនោះ ទី៣ គឺយើងបន្តសហការជាមួយបញ្ជាការដ្ឋា​ន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយបន្ថែម​ទៀត»

លោកលើកទឹកចិត្តឱ្យ​អាជ្ញាធរពាក់ព័ន្ធទាំងអស់ រួមសហការគ្នា ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន បន្តពង្រឹង ការគ្រប់គ្រង និងការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ រួមទាំងអភិវឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ លោកបានស្នើ​​ឱ្យ​ប្រជាពលរដ្ឋ ចូលរួមកាន់តែខ្លាំង​ក្លា​ថែមទៀត​ក្នុងការ​ដាំដើមឈើ​ស្តារព្រៃឡើងវិញ នៅក្នុងមូលដ្ឋានរបស់ខ្លួន ​ក៏ដូចជានៅក្នុងតំបន់ដែលអាច​ដាំបាន ដើម្បីជា​ប្រយោជន៍សម្រាប់សហគមន៍ និងទប់ទល់នឹង​ការ​ប្រែ​ប្រួលអាកាស​ធាតុ៕