រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ស្ដ្រីម្នាក់នៅភូមិភ្នំត្បែងពីរ ស្រុកគូលែន ដែលសម្លាប់ខ្លួននោះ មិនពាក់ព័ន្ធនឹងការចុះរុះរើផ្ទះពលរដ្ឋដែលសាងសង់លើដីរដ្ឋ ពីសំណាក់អាជ្ញាធរ ដូចការផ្សព្វផ្សាយតាមបណ្ដាញសង្គមឡើយ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានបដិសេធការផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុកនានាថា ស្រ្តីម្នាក់ឈ្មោះ ហែម ឡី នៅខេត្តព្រះវិហារ សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី ដោយថាករណីនេះពុំពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំងចម្រុះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នោះទេ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ការស្លាប់របស់អ្នកស្រី ហែម ឡី ខាងលើគឺពុំពាក់ព័ន្ធទៅនឹងករណីអនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះនោះទេ។ ការចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនានាខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីការពិត និងបំភ័ន្តសាធារណមតិ»។
សេចក្ដីប្រកាសព័ត៌មានដដែលថា ផ្អែកតាមការសាកសួរ ប្តី កូន និងកូនប្រសាររបស់អ្នកស្រី ហែម ឡី បានបញ្ជាក់ថា អ្នកស្រីបានឈ្លោះជាមួយគ្រួសារ ហើយបានផឹកស្រាស្រវឹង និងបានយកថ្នាំសម្លាប់ស្មៅផឹកដើម្បីសម្លាប់ខ្លួន។
រដ្ឋបាលខេត្តបន្តទៀតថា៖ «ការស្លាប់របស់ស្រ្តីខាងលើកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ ដោយសារមានទំនាស់ប្រទាញប្រទង់គ្នា ទើបស្រ្តីខាងលើផឹកស្រាស្រវឹង និងឈានរហូតដល់ផឹកថ្នាំសម្លាប់ស្មៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។ ទោះបីជាក្រុមគ្រួសារសព ខិតខំបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌល សុខភាពឃុំស្រយង់ មន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ពុំអាចសង្គ្រោះជីវិតបាន»។
សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ដែរថា គ្រួសាររបស់អ្នកស្លាប់ បានរស់នៅក្នុងភូមិ ដោយពុំមាននរណាម្នាក់រត់ចូលទៅក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ។
លោក នួន ហេង ជាស្វាមីរបស់អ្នកស្រី ហែម ឡី ដែលបានសម្លាប់ខ្លួននោះ បានប្រាប់ថា មូលហេតុដែលប្រពន្ធគាត់សម្លាប់ខ្លួន គឺដោយសារឈ្លោះគ្នាក្នុងគ្រួសារ។
លោកមានប្រសាសន៍ថា៖ «មូលហេតុ គឺវិវាទប្ដីប្រពន្ធខ្ញុំ ឈ្លោះគ្នាបន្តិចបន្តួចទេ»។
ចំណែកកូនប្រុសអ្នកស្រី ហែម ឡី បាននិយាយថា ខ្លួនមិនបានដឹងរឿងច្បាស់ទេ និងមិនចង់ឱ្យរឿងវែងឆ្ងាយ។
អភិបាលរងខេត្តព្រះវិហារ លោក ណុប វុទ្ធី បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៨ ខែមីនានេះថា គ្រួសារអ្នកស្រី ហែម ឡី ដែលបានសម្លាប់ខ្លួននោះ ឈ្លោះគ្នាជាញឹកញាប់ ហើយបញ្ហានេះបានកើតឡើងច្រើនឆ្នាំមកហើយដែរ។
លោកថា៖ «គាត់ឈ្លោះគ្នាជាញឹកញាប់គ្រួសារគាត់ហ្នឹង ហើយគាត់ឱ្យតែមានបញ្ហា មានន័យថាប្រពន្ធឱ្យតែមានបញ្ហាឈ្លោះគ្នាទាស់ទែងជាមួយគ្រួសារគាត់ គាត់តែងតែហូបស្រា ហើយមុននឹងគាត់ហូបស្រាចុងក្រោយធ្វើអត្តឃាតដោយផឹកថ្នាំស្មៅយើងហ្នឹង មានន័យថា គាត់ខានផឹក[ស្រា]២ខែមកហើយ ដោយគាត់អត់ដែលបានឈ្លោះគ្នា២ខែដោយសារតែប្ដីគាត់អត់នៅ»។
លោកបានបន្តថា ក្រោយផឹកថ្នាំសម្លាប់ស្មៅដើម្បីសម្លាប់ខ្លួន អ្នកស្រី ហែម ឡី ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព និងទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ តែក្រោយមក គាត់បានសម្លាប់ខ្លួនម្ដងទៀតដោយដកខ្យល់អុកស៊ីសែនខ្លួនឯងចេញ។
លោកថា៖ «ផឹកអាថ្នាំហើយយកទៅមណ្ឌលសុខភាពស្រយ៉ង់ យកទៅមណ្ឌលសុខភាពដើម្បីព្យាបាលពីរយប់ បន្ទាប់មកយកមកមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារពីរយប់ បន្ទាប់មកបានយើងបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាបបានមួយយប់ បានមួយយប់ហ្នឹងដោយសារមូលហេតុគាត់សម្លាប់ខ្លួនឯង គាត់ដោះខ្យល់អុកស៊ីសែន មានន័យថា គ្រួសារកំពុងតែជជែកគ្នាជាមួយហ្នឹងគ្រូពេទ្យដើម្បីលាងឈាមគាត់ ប៉ុន្ដែដល់ពេលគ្រួសារនិងពេទ្យកំពុងតែជជែកដែរគាត់ដកអុកស៊ីសែនសម្លាប់ខ្លួន»។
អភិបាលរងខេត្តព្រះវិហាររូបនេះ ឱ្យដឹងថា អាជ្ញាធរមិនបានដេញគាត់ចេញទេ ដោយសារគាត់នៅលើដីសហគមន៍ព្រៃឈើម្លូង។
លោកថា៖ «គាត់នៅកន្លែងភូមិក្ដាក់ ឃុំត្បាញពីរ មិនមែនដូចព័ត៌មានមួយចំនួនដែលគាត់ចុះថានៅឃុំម្រេចនោះទេ[…]នៅឃុំស្រយ៉ង់ពីរ ភូមិក្ដាក់ ដីគាត់ពាក់ព័ន្ធផ្សេងទេ គាត់ដីសហគមន៍ទេ សហគមន៍ព្រៃឈើម្លូងហើយគាត់កំពុងអាស្រ័យផលរាល់ថ្ងៃយើងអត់ទាន់មានវិធានការអី អាហ្នឹងរឿងសហគមន៍តាមក្រោយមួយទៀត អត់ប៉ះពាល់ខាងគាត់ទេ អត់មានប៉ះពាល់ខាងគាត់ទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មិនទាន់អាចសន្និដ្ឋានពីករណីសម្លាប់ខ្លួននេះ ដោយលោកកំពុងប្រមូលព័ត៌មានបន្ថែម។
លោកថា៖ «ដោយសារតំបន់ហ្នឹងវាពិបាកក្នុងការធ្វើការ ឥឡូវដោយសារសមត្ថកិច្ចគេកំពុងធ្វើការ អ៊ីចឹងយើងកំពុងតែប្រមូលព័ត៌មានឱ្យពិតប្រាកដ ថាតើរឿងហ្នឹងវាកើតចេញពីអី ពីព្រោះបើតាមព័ត៌មានដែលយើងទទួលបានថាដោយសារតែគាត់ត្រូវបានគេដុតផ្ទះឬបណ្ដេញចេញអ៊ីចឹង ហើយព័ត៌មានមួយទៀត គឺថាដោយសារតែគាត់មានជំពាក់បំណុលគេច្រើនអ៊ីចឹងទៅ អញ្ចឹងព័ត៌មានទាំងអស់ហ្នឹង នៅពេលដែលយើងមិនទាន់បានប្រមូលពេញលេញយើងមិនទាន់អាចសន្និដ្ឋានថាម៉េចបាននៅឡើយទេណា»។
គួរជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ះទង្គិចគ្នាដោយហិង្សា និងមានការបាញ់គ្រាប់ពិត រវាងកងកម្លាំងប្រដាប់ដោយអាវុធ និងមន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយនិងប្រជាពលរដ្ឋ ក្នុងករណីវិវាទដីធ្លី ស្ថិតក្នុងភូមិសាស្ត្រឃុំត្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍នោះសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនពលរដ្ឋប្រមាណ ៣០នាក់ផងដែរ ហើយក្រោយមកតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនពលរដ្ឋ ២៥នាក់ ដោយចោទប្រកាន់ពួកគេថាបានទន្ទ្រានដីរដ្ឋ តែពលរដ្ឋច្រាលចោលការចោទនេះ៕