រដ្ឋបាល​ខេត្តព្រះវិហារ បានបញ្ជាក់ថា ស្ដ្រីម្នាក់នៅភូមិភ្នំត្បែង​ពីរ ស្រុកគូលែន ដែលសម្លាប់ខ្លួននោះ​ មិន​ពាក់​ព័ន្ធនឹង​ការ​ចុះរុះរើផ្ទះពលរដ្ឋដែលសាងសង់លើដីរដ្ឋ ពីសំណាក់អាជ្ញាធរ ដូចការផ្សព្វផ្សាយតាមបណ្ដាញសង្គមឡើយ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានប​ដិសេធ​ការផ្សាយ​ព័ត៌​មាន​តាម​បណ្តាញសង្គមហ្វេស​ប៊ុក​នានាថា ស្រ្តីម្នាក់ឈ្មោះ ហែម ឡី នៅខេត្តព្រះវិហារ សម្លាប់​ខ្លួន បន្ទាប់​ពីអាជ្ញាធរដុតផ្ទះ និងយកដីធ្លី ដោយថាករណីនេះពុំពាក់ព័ន្ធនឹងករណីអនុវត្តវិធានការច្បាប់របស់កម្លាំងចម្រុះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នោះទេ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ការ​ស្លាប់របស់អ្នកស្រី ហែម ឡី ខាងលើគឺ​ពុំពាក់ព័ន្ធទៅនឹង​ករណី​អនុវត្តវិធានការច្បាប់ របស់កម្លាំងចម្រុះនោះទេ។ ការចុះផ្សាយតាមបណ្តាញសង្គម​ហ្វេស​ប៊ុក​នានាខាងលើ គឺគ្មា​នមូលដ្ឋានច្បាស់លាស់ ប្រាសចាកពីការពិត និងបំភ័ន្តសាធារណមតិ»។

សេចក្ដីប្រកាសព័ត៌មានដដែល​ថា ផ្អែកតាមការសាកសួរ ប្តី​ កូន និងកូនប្រសាររបស់អ្នកស្រី ហែម ឡី បានបញ្ជាក់​ថា អ្នកស្រីបានឈ្លោះជាមួយគ្រួសារ ហើយបានផឹកស្រាស្រវឹង និងបានយក​ថ្នាំសម្លាប់ស្មៅផឹក​ដើម្បីសម្លាប់​ខ្លួន។

រដ្ឋបាលខេត្តបន្តទៀតថា៖ «ការស្លាប់របស់ស្រ្តីខាងលើកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ផ្តើមចេញពីវិបត្តិក្នុងគ្រួសារ ដោយសារមានទំនាស់ប្រទាញ​ប្រទង់គ្នា ទើបស្រ្តីខាងលើផឹកស្រាស្រវឹង និងឈានរហូតដល់ផឹកថ្នាំសម្លាប់ស្មៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។ ទោះបីជាក្រុមគ្រួសារសព ខិតខំបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌល សុខភាពឃុំស្រយង់ មន្ទីរពេទ្យខេត្ត និងបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តសៀមរាប ក៏ពុំអាចសង្គ្រោះជីវិតបាន»។

សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានបញ្ជាក់ដែរថា គ្រួសាររបស់អ្នកស្លាប់ បានរស់នៅក្នុងភូមិ ដោយពុំមាននរណាម្នាក់រត់ចូលទៅក្នុងព្រៃ ឬត្រូវបានកម្លាំងសមត្ថកិច្ច ស្វែងរកចាប់ឃាត់ខ្លួននោះឡើយ។

លោក នួន ហេង ជាស្វាមីរបស់​អ្នកស្រី ហែម ឡី ដែលបានសម្លាប់ខ្លួននោះ បានប្រាប់ថា មូលហេតុដែលប្រពន្ធគាត់សម្លាប់ខ្លួន គឺដោយសារឈ្លោះគ្នាក្នុងគ្រួសារ។

លោកមានប្រសាសន៍ថា៖ «មូលហេតុ គឺវិវាទប្ដីប្រពន្ធខ្ញុំ ឈ្លោះគ្នាបន្តិចបន្តួចទេ»។

ចំណែកកូនប្រុសអ្នកស្រី ហែម ឡី បាននិយាយថា ខ្លួនមិនបានដឹងរឿងច្បាស់ទេ​​ និងមិនចង់ឱ្យរឿងវែងឆ្ងាយ។

អភិបាល​រង​ខេត្តព្រះវិហារ លោក ណុប វុទ្ធី បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១៨ ខែមីនានេះថា គ្រួសារ​អ្នកស្រី ហែម ឡី ដែលបានសម្លាប់ខ្លួននោះ ឈ្លោះគ្នាជាញឹកញាប់ ហើយបញ្ហានេះបានកើតឡើងច្រើនឆ្នាំមកហើយដែរ។

លោកថា៖ «គាត់ឈ្លោះគ្នាជាញឹកញាប់គ្រួសារគាត់ហ្នឹង ហើយគាត់ឱ្យតែមានបញ្ហា មានន័យថាប្រពន្ធឱ្យតែមានបញ្ហាឈ្លោះគ្នាទាស់ទែងជាមួយគ្រួសារគាត់ គាត់​តែងតែហូបស្រា ហើយមុននឹងគាត់ហូបស្រាចុងក្រោយ​ធ្វើអត្តឃាត​ដោយ​ផឹកថ្នាំស្មៅយើងហ្នឹង មានន័យថា គាត់ខានផឹក[ស្រា]២ខែមកហើយ ដោយគាត់អត់ដែលបានឈ្លោះគ្នា២ខែដោយសារតែប្ដីគាត់អត់នៅ»។

លោកបានបន្តថា ក្រោយ​ផឹកថ្នាំសម្លាប់​ស្មៅដើម្បី​សម្លាប់ខ្លួន អ្នកស្រី ហែម ឡី ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាព និងទៅមន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បីសង្គ្រោះ តែក្រោយមក គាត់បានសម្លាប់ខ្លួនម្ដងទៀតដោយដកខ្យល់អុកស៊ីសែនខ្លួនឯងចេញ។

លោកថា៖ «ផឹកអាថ្នាំហើយយកទៅមណ្ឌលសុខភាពស្រយ៉ង់ យកទៅមណ្ឌលសុខភាពដើម្បីព្យាបាលពីរយប់ បន្ទាប់មកយកមកមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារពីរយប់ បន្ទាប់មកបានយើងបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរា​​បបានមួយយប់ បានមួយយប់ហ្នឹងដោយសារមូលហេតុគាត់សម្លាប់ខ្លួនឯង គាត់ដោះខ្យល់អុកស៊ីសែន មានន័យថា គ្រួសារកំពុងតែជជែកគ្នាជាមួយហ្នឹងគ្រូពេទ្យដើម្បីលាងឈាមគាត់ ប៉ុន្ដែដល់ពេលគ្រួសារនិងពេទ្យកំពុងតែជជែកដែរគាត់ដកអុកស៊ីសែនសម្លាប់ខ្លួន»។

អភិបាលរងខេត្តព្រះវិហាររូបនេះ ឱ្យដឹងថា អាជ្ញាធរមិនបានដេញគាត់ចេញទេ ដោយសារគាត់នៅលើដីសហគមន៍​ព្រៃឈើម្លូង។

លោកថា៖ «គាត់នៅកន្លែងភូមិក្ដាក់ ឃុំត្បាញពីរ មិនមែនដូចព័ត៌មានមួយចំនួនដែលគាត់ចុះថានៅឃុំម្រេចនោះទេ[…]នៅឃុំស្រយ៉ង់ពីរ ភូមិក្ដាក់ ដីគាត់ពាក់ព័ន្ធផ្សេងទេ គាត់ដីសហគមន៍​ទេ សហគមន៍​ព្រៃឈើម្លូងហើយគាត់កំពុងអាស្រ័យផលរាល់ថ្ងៃយើងអត់ទាន់មានវិធានការអី អាហ្នឹងរឿងសហគមន៍​តាមក្រោយមួយទៀត អ​ត់ប៉ះពាល់​ខាង​គាត់​ទេ អត់មានប៉ះពាល់ខាងគាត់ទេ»។

នាយកទទួល​បន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មិនទាន់អាចសន្និដ្ឋានពីករណីសម្លាប់ខ្លួននេះ ដោយលោកកំពុងប្រមូលព័ត៌មានបន្ថែម។

លោកថា៖ «ដោយសារតំបន់ហ្នឹងវាពិបាកក្នុងការធ្វើការ ឥឡូវដោយសារសមត្ថកិច្ចគេកំពុងធ្វើការ អ៊ីចឹងយើងកំពុងតែប្រមូលព័ត៌មានឱ្យពិតប្រាកដ ថាតើរឿងហ្នឹងវាកើតចេញពីអី ពីព្រោះបើតាមព័ត៌មានដែលយើងទទួលបានថាដោយសារតែគាត់ត្រូវបានគេដុតផ្ទះឬបណ្ដេញចេញអ៊ីចឹង ហើយព័ត៌មានមួយទៀត គឺថាដោយសារតែគាត់មានជំពាក់បំណុលគេច្រើនអ៊ីចឹងទៅ​ អញ្ចឹង​ព័ត៌មានទាំងអស់ហ្នឹង​ នៅពេលដែលយើងមិនទាន់បានប្រមូលពេញលេញយើងមិនទាន់អាចសន្និដ្ឋានថា​ម៉េចបាននៅឡើយទេណា»។

គួរជម្រាបជូនថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ះទង្គិចគ្នាដោយហិង្សា និងមានការ​បាញ់គ្រាប់ពិត រវាងកងកម្លាំងប្រដាប់ដោយ​អាវុធ និង​មន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយនិងប្រជាពលរដ្ឋ ក្នុងករណីវិវាទដីធ្លី ស្ថិតក្នុងភូមិ​សាស្ត្រ​​ឃុំ​ត្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍នោះសមត្ថកិច្ច​ក៏បានចាប់ឃាត់ខ្លួន​ពលរដ្ឋ​ប្រមាណ ៣០​​នាក់​ផងដែរ ហើយក្រោយមកតុលាការខេត្តព្រះវិហារសម្រេច​ឃុំខ្លួនពលរដ្ឋ ២៥នា​ក់ ដោយចោទប្រកាន់ពួកគេ​ថាបានទន្ទ្រានដីរដ្ឋ តែពលរដ្ឋ​ច្រាលចោលការចោទនេះ៕