កម្មកររោងចក្រកាត់ដេរ Y&W ហ្គាមិន ប្រមាណជិត ៣០០០នាក់ បានទទួលការងារថ្មី ក្រោយក្រសួងការងារប្រកាសពីដំណឹងផ្តល់ឱកាសការងារ និងកម្មករខ្លះទៀតរកការងារថ្មីខ្លួនឯង ដើម្បីដោះស្រាយជីវភាពជាបណ្តោះអាសន្ន ក្នុងអំឡុងពេលរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់ នៅកន្លែងការងារចាស់។
កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្តល់ឱកាសការងារសម្រាប់កម្មករនិយោជិតនៅក្រុមហ៊ុន វ៉ាយ&ដាប់បែលយូ ហ្គាមេន (Y&W garment co.,LTD.) ចំនួន ២ ៥៤៧កន្លែង នៅរោងចក្រ និងសហគ្រាសមួយចំនួន។
ក្រសួងបញ្ជាក់ថា៖ «ខណៈបងប្អូនកំពុងរងចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ&ដាប់បែលយូ ហ្គាមេន ក្រសួងសូមអំពាវនាវដល់បងប្អូន សូមមកទទួលសេវាជួយរកការងារធ្វើពី NEA (មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ) ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស និងមានប្រាក់ខែបន្តភ្លាមៗជាមួយរោងចក្រ សហគ្រាស តាមរយៈសេវាផ្តល់ការងាររបស់មជ្ឈមណ្ឌលការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ»។
ជុំវិញករណីនេះ លោក ផាន បូរី អះអាងជាតំណាងកម្មកររោងចក្រ Y&W ហ្គាមេន បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះថា គិតមកដល់ពេលនេះមានកម្មករប្រមាណជិត ៣ ០០០នាក់ បានទទួលការងារនៅកន្លែងថ្មី ក្រោយពីក្រសួងបានជូនដំណឹងពីឱកាសការងារថ្មីនេះ ក្នុងនោះមានកម្មករខ្លះបានរកការងារថ្មីធ្វើឱ្យខ្លួនឯង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន និងកំពុងពេលរងចាំដំណោះស្រាយនៅកន្លែងការងារចាស់។
ដោយឡែកសម្រាប់បញ្ហានៅរោងចក្រ Y&W ហ្គាមេន វិញ លោកថា ក្រសួងការងារ បានចុះត្រួតពិនិត្យ និងបំពេញសំណុំឯកសារនៅក្នុងការលក់ឡៃឡុងសម្ភារៈក្នុងរោងចក្រហើយ ដោយពេលនេះ ក្រសួងកំពុងតែរង់ចាំភ្ញៀវដែលចាប់អារម្មណ៍ចង់ទិញ។
លោកបន្តថា៖ «យើងក៏នៅតែមានការព្រួយបារម្ភដែរថា ការទូទាត់សំណងមិនបានពេញលេញទៅតាមនីតិវិធីច្បាប់ជូនមកដល់កម្មករយើង […] តែការដែលក្រសួងលោកបានសម្រួលនៅក្នុងការរកការងារជូនកម្មករនៅពេលនេះ វាក៏ជាចំណាត់ការមួយដែលល្អដែរ ដើម្បីពួកគាត់អាចរកការងារថ្មីបាន ផ្គត់ផ្គង់ជីវភាព ប៉ុន្តែទោះជាយ៉ាងណា ពួកយើងនឹងនៅតែធ្វើជាតំណាងនៅក្នុងការចរចាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករ»។
លោកផាន បូរី បន្ថែមថា បើសិនជាមិនមានការសងប្រាក់សំណងគ្រប់គ្រាន់សម្រាប់កម្មករកម្មការិនីទេ ពួកគេនឹងនៅតែបន្តតវ៉ាទាមទារឱ្យមានកិច្ចអន្តរាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការស្នើទៅកាន់អ្នកបញ្ជាទិញផងដែរ។
តំណាងកម្មករមួយរូបទៀត លោក ឈីវ ឡេងហៃ បានឱ្យដឹងដែរថា កម្មករមួយចំនួនធំ បានទទួលការងារនៅកន្លែងផ្សេង ដើម្បីដោះស្រាយជីវភាព លើកលែងតែតំណាងកម្មករនៅក្នុងរោងចក្រ ដែលពួកគាត់មិនទាន់អាចទទួលយកការងារថ្មីបាន ដោយសារតែពួកគាត់ត្រូវនៅមើលការខុសត្រូវសម្ភារៈនៅក្នុងរោងចក្រ។
លោកបន្តថា ទាក់ទងនឹងការលក់ឡៃឡុងទ្រព្យសម្បត្តិដែលនៅសេសសល់របស់ក្រុមហ៊ុន ខាងតំណាងសហជីព និងកម្មករកំពុងរង់ចាំការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់បន្តទៀត។
លោកបានមានប្រសាសន៍ថា៖ «ខាងតុលាការក៏បានសរសេរពាក្យបណ្តឹង ខាងតុលាការក៏បានដាក់ពាក្យបណ្តឹងទៅកាន់ថៅកែដែលរត់ ហើយមិនបើកប្រាក់ឈ្នួលឱ្យកម្មករដែរ លើសពីនេះក៏បានឱ្យភាគីម្ចាស់រោងចក្រតម្កល់លុយប្រមាណ ៣លានដុល្លារដែរ ដើម្បីបន្ថយបន្ទុកដល់បងប្អូនកម្មករដែលមិនទាន់មានការងារថ្មី និងមិនទាន់បានប្រាក់ឈ្នួលដែរ។ […] យើងមិនមានការព្រួយបារម្ភខ្លាំងពេកនោះទេនៅក្នុងការទទួលបានប្រាក់សំណង តែតាំងពីមានផ្ទុះបាតុកម្មមក យើងមិនដែលទទួលបានដំណឹងអ្វីទាល់តែសោះពីខាងម្ចាស់រោងចក្រ»។
បើតាមក្រុមតំណាងកម្មករ គឺពួកគាត់បានចាប់ផ្តើមដេកយាម នៅមុខរោងចក្រចាប់ពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ដោយសារបារម្ភខ្លាចភាគីរោងចក្រលួចដឹកសម្ភារៈចេញ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ក្រសួងការងារកំពុងព្យាយាមរកដំណោះស្រាយ តាមរយៈការរកការងារជូនកម្មករ និងពន្លឿនការលក់ឡៃឡុងទ្រព្យសម្បត្តិរបស់រោងចក្រ Y&W ដើម្បីទូរទាត់ប្រាក់ជំពាក់ជូនដល់កម្មករ។
លោកថា៖ «ស្ថិតក្នុងដំណាក់កាលនៃការអនុវត្តច្បាប់ នីតិវិធីតុលាការក្នុងការលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុន Y&W នេះ ក្រសួងប្រឹងប្រែងរកដំណោះស្រាយទន្ទឹមគ្នា ម្ខាងមានចំណាត់ការច្បាប់ និងសម្របសម្រួលពន្លឿននីតិវិធីឈានទៅរកការលក់ឡៃឡុងយកថវិកាមកទូរទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់នានាដល់កម្មករនិយោជិត។ មួយវិញទៀត យើងស្វែងរកការងារជូនកម្មករនិយោជិតយើងឱ្យមានការងារថ្មីធ្វើ និងមានចំណូល»។
អ្នកនាំពាក្យរូបនេះ ក៏បានសំណូមពរឱ្យកម្មករទាំងអស់ រក្សាភាពស្ងប់ស្ងាត់ និងទទួលយកការងារថ្មី ក្នុងអំឡុងពេលដែលក្រសួងកំពុងបន្តនីតិវិធីដោះស្រាយ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា ការដែលមិនទាន់បានទូរទាត់ប្រាក់ឈ្នួលចាស់ឱ្យកម្មករ ហើយឱ្យពួកគាត់ទៅរកការងារនៅកន្លែងថ្មីនេះ អាចនៅមិនទាន់ជាដំណោះស្រាយល្អប្រសើរទាំងស្រុងទេ។
លោកថា៖ «ការណ៍ដែលរាជរដ្ឋាភិបាលរកការងារឱ្យកម្មករ ដែលមិនមានការងារធ្វើ វាជារឿងដែលល្អដែរ ប៉ុន្តែក្នុងករណីដែលមិនទាន់បានបើកប្រាក់សំណងឱ្យកម្មករបានទេ គ្រាន់តែស្ថិតនៅក្នុងនីតិវិធីដោះស្រាយ ហើយការផ្តល់ហ្នឹងអាចនឹងមិនគ្រប់ចំនួនអីចឹង នៅកំពុងតែខ្វល់ខ្វាយរឿងហ្នឹង ហើយឱ្យគាត់ទៅរកការងារកន្លែងថ្មី ខ្ញុំគិតថា វាដូចជាមិនទាន់ល្អទេ។ […] វាមិនងាយស្រួលទេ ឱ្យគាត់ចេញពីកន្លែងហ្នឹង គាត់ត្រូវទៅជួលផ្ទះថ្មី ឬក៏គាត់ស្នាក់នៅផ្ទះបងប្អូនយ៉ាងណានោះ ហើយនៅមានពាក់ព័ន្ធនៅកន្លែងចាស់ច្រើន វាពិបាក ហើយម្យ៉ាងទៀតលក្ខខណ្ឌក្រុមហ៊ុនពីកន្លែងមួយទៅកន្លែងមួយ ដូចមិនស្រួលទេ ដូចកន្លែងខ្លះលក្ខខណ្ឌការងារក៏ពិបាក កន្លែងស្នាក់នៅក៏មិនស្រួល»។
គួររំលឹកថា កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ&ដាប់បែលយូ ហ្គាមេន បាននាំគ្នាធ្វើកូដកម្មចំនួន ២លើករួចមកហើយ ដែលលើកទី១ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនេះ ក្រោយពីថៅកែជនជាតិចិន បានរត់ចោលរោងចក្រ ដោយមិនទទួលខុសត្រូវបើកប្រាក់ខែមួយខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករសរុបចំនួន ៤ ៨៤៩នាក់។ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិក្នុងរោងចក្រនេះ ដើម្បីធានាសម្រាប់ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិត បន្ទាប់ពីមានការស្នើពីក្រសួងការងារ៕