កម្មករ​រោងចក្រកាត់ដេរ Y&W ហ្គាមិន ប្រមាណជិត ៣០០០នាក់ បានទទួល​ការ​ងារ​ថ្មី ក្រោយ​​ក្រសួង​​ការ​ងារប្រកាសពីដំណឹងផ្តល់​​ឱកាស​ការងារ​ និងកម្មករខ្លះទៀត​រកការងារថ្មីខ្លួនឯង ដើម្បី​ដោះស្រាយ​ជីវភាព​ជា​បណ្តោះអាសន្ន ក្នុងអំឡុងពេលរង់ចាំការ​ដោះស្រាយតា​ម​នីតិវិធីច្បាប់​ នៅកន្លែងការងារចាស់។

កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចេញសេចក្តីជូនដំណឹង​ស្តីពី ការផ្តល់​ឱកាសការងា​រសម្រាប់​កម្មករនិយោជិតនៅក្រុមហ៊ុន វ៉ាយ&ដាប់បែលយូ ហ្គាមេន (Y&W garment co.,LTD.) ចំនួន ២ ៥៤៧កន្លែង នៅរោង​ចក្រ​ និងសហគ្រាស​មួយចំនួន។

ក្រសួងបញ្ជាក់​ថា៖ «ខណៈបងប្អូនកំពុងរងចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបាន​ប្រាក់​ឈ្នួល និងប្រាក់បំណាច់​ផ្សេងៗពីក្រុមហ៊ុន វ៉ាយ&ដាប់បែលយូ ហ្គាមេន ក្រសួងសូមអំពាវនាវ​ដល់បងប្អូន សូមមកទទួល​សេវាជួយរកការងារធ្វើពី NEA (មជ្ឈមណ្ឌល​ការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ) ដើម្បីឱ្យបងប្អូនអាចទទួលបានការងារថ្មីឆាប់រហ័ស​ និងមានប្រាក់ខែបន្តភ្លាមៗជាមួយរោង​ចក្រ សហគ្រាស តាមរយៈសេវាផ្តល់ការងាររបស់មជ្ឈមណ្ឌល​ការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ»។

ជុំវិញករណីនេះ លោក ផាន បូរី អះអាង​ជាតំណាងកម្មកររោង​ចក្រ Y&W ហ្គាមេន បានឱ្យដឹង​នៅថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២៤នេះ​ថា គិតមកដល់ពេលនេះមានកម្មករប្រមាណជិត ៣ ០០០នាក់ បានទទួល​ការងារនៅកន្លែងថ្មី ក្រោយពីក្រសួងបានជូនដំណឹងពីឱកាសការងារថ្មីនេះ ក្នុងនោះមានកម្មករ​ខ្លះបានរកការងារថ្មីធ្វើឱ្យខ្លួនឯង ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន និងកំពុងពេល​រង​ចាំដំណោះស្រាយនៅកន្លែងការងារចាស់។

ដោយឡែកសម្រាប់បញ្ហានៅរោងចក្រ Y&W ហ្គាមេន វិញ លោកថា ក្រសួងការងារ បាន​ចុះត្រួត​ពិនិត្យ និង​បំពេញសំណុំឯកសារនៅក្នុងការលក់ឡៃឡុង​សម្ភារៈក្នុងរោងចក្រហើយ ដោយពេល​នេះ ក្រសួងកំពុងតែរង់ចាំភ្ញៀវដែលចាប់អារម្មណ៍ចង់ទិញ។

លោកបន្ត​ថា៖ «យើងក៏នៅតែមានការព្រួយបារម្ភដែរថា ការទូទាត់​សំណង​មិន​បាន​ពេញលេញទៅតាម​នីតិ​វិធី​ច្បាប់​ជូន​មក​ដល់ក​ម្មករ​យើង […] តែការដែលក្រសួងលោកបានសម្រួលនៅក្នុងការរកការ​ងារ​ជូន​កម្មករ​នៅ​ពេល​នេះ វាក៏ជាចំណាត់ការមួយដែលល្អដែរ ដើម្បីពួកគាត់អាច​រកការងារថ្មីបាន ផ្គត់ផ្គង់ជីវភាព ប៉ុន្តែទោះជាយ៉ាងណា ពួកយើងនឹងនៅតែធ្វើជាតំណាងនៅក្នុងការចរចា​ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនដល់កម្មករ»។

​លោកផាន បូរី បន្ថែមថា បើសិនជាមិនមានការសងប្រាក់សំណងគ្រប់គ្រាន់សម្រាប់កម្មករកម្មការិនីទេ ពួក​គេ​នឹងនៅតែបន្តតវ៉ាទាមទារឱ្យមានកិច្ចអន្តរាគមន៍​ពីគ្រប់ភាគីពាក់ព័ន្ធបន្ថែមទៀត ក្នុងនោះក៏មានការ​ស្នើទៅកាន់​អ្នកបញ្ជាទិញផងដែរ។

តំណាងកម្មករ​មួយរូបទៀត លោក ឈីវ ឡេងហៃ បានឱ្យដឹងដែរ​ថា កម្មករមួយចំ​នួនធំ បានទទួលការ​ងារ​នៅកន្លែង​ផ្សេង​ ដើម្បីដោះស្រាយជីវភាព​ លើកលែងតែ​តំណាង​​ក​ម្មករ​​​នៅ​ក្នុង​រោង​ចក្រ ដែល​ពួកគាត់​មិនទាន់អាចទទួលយកការងារថ្មីបាន​ ដោយសារតែពួកគាត់ត្រូវនៅមើលការខុសត្រូវសម្ភារៈ​នៅក្នុង​រោង​ចក្រ។

លោកបន្ត​ថា ទាក់ទងនឹងការលក់ឡៃឡុងទ្រព្យសម្បត្តិដែលនៅសេសសល់របស់ក្រុមហ៊ុន ខាងតំណាង​សហជីព និងកម្មករ​កំពុងរង់ចាំការដោះស្រាយទៅតាមនីតិវិធីនៃច្បាប់បន្តទៀត។

លោកបានមានប្រសាសន៍ថា៖ «ខាងតុលាការក៏បានសរសេរពាក្យបណ្តឹង ខាងតុលាការក៏បានដាក់ពាក្យបណ្តឹងទៅកាន់ថៅកែដែលរត់ ហើយមិនបើកប្រាក់ឈ្នួលឱ្យ​កម្មករ​ដែរ លើស​ពីនេះក៏​បានឱ្យ​ភាគីម្ចាស់​រោង​ចក្រ​តម្កល់​លុយ​ប្រមាណ ៣លានដុល្លារដែរ ដើម្បីបន្ថយបន្ទុកដល់បងប្អូនកម្មករដែលមិនទាន់មានការងារថ្មី និងមិនទាន់បានប្រាក់ឈ្នួលដែរ។ […] យើងមិនមានការព្រួយបារម្ភខ្លាំងពេកនោះទេនៅក្នុងការទទួល​បានប្រាក់សំណង តែតាំងពីមានផ្ទុះបាតុកម្មមក យើងមិនដែលទទួលបានដំណឹងអ្វីទាល់តែសោះពីខាងម្ចាស់រោងចក្រ»។

បើតាមក្រុមតំណាង​កម្មករ​ គឺពួកគាត់​​​បានចាប់ផ្តើមដេ​កយាម​ នៅមុខ​​រោង​ចក្រ​ចាប់ពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ដោយសារ​បារម្ភខ្លាចភាគីរោងចក្រលួចដឹកសម្ភារៈចេញ។

​អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍​ថា ក្រសួងការ​ងារ​កំពុង​ព្យាយាម​រកដំណោះស្រាយ តាមរយៈការរកការងារជូន​កម្មករ និង​ពន្លឿន​ការលក់ឡៃឡុងទ្រព្យ​សម្បត្តិ​របស់​រោង​ចក្រ Y&W ដើម្បីទូរទាត់ប្រាក់ជំពាក់ជូនដល់កម្មករ។

លោក​ថា៖ «ស្ថិតក្នុងដំណាក់កាលនៃការអនុវត្តច្បាប់ នីតិវិធីតុលាការក្នុងការលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុន Y&W នេះ ក្រសួងប្រឹងប្រែងរកដំណោះស្រាយទន្ទឹមគ្នា ម្ខាង​មាន​ចំណាត់​ការ​ច្បាប់ និងសម្រប​សម្រួល​ពន្លឿន​នីតិវិធី​ឈាន​ទៅ​រកការលក់ឡៃឡុងយកថវិកាមកទូរទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់នានាដល់កម្មករនិយោជិត។ មួយវិញទៀត យើងស្វែងរកការងារជូនកម្មករនិយោជិតយើងឱ្យមានការងារថ្មីធ្វើ និងមានចំណូល»។

អ្នកនាំពាក្យរូបនេះ ក៏​បានសំណូមពរឱ្យ​​កម្មករ​ទាំងអស់​ ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ទទួលយកការងារថ្មី ក្នុងអំឡុងពេលដែលក្រសួងកំពុងបន្តនីតិវិធីដោះស្រាយ។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា​ បានថ្លែងថា ការដែលមិនទាន់បានទូរទាត់ប្រាក់ឈ្នួលចាស់ឱ្យ​​កម្មករ ហើយឱ្យ​ពួកគាត់ទៅរកការងារ​នៅ​កន្លែងថ្មីនេះ​ អាចនៅ​មិនទាន់ជាដំណោះស្រាយល្អប្រសើរទាំងស្រុង​ទេ។

លោកថា៖ «ការណ៍ដែលរាជរដ្ឋាភិបាលរកការងារឱ្យ​​កម្មករ ដែលមិនមានការងារធ្វើ វាជារឿងដែលល្អដែរ ប៉ុន្តែក្នុងករណីដែលមិនទាន់បានបើកប្រាក់សំណងឱ្យ​កម្មករបានទេ គ្រាន់តែស្ថិតនៅក្នុងនីតិវិធីដោះ​ស្រាយ ហើយការផ្តល់ហ្នឹងអាចនឹងមិនគ្រប់ចំនួនអីចឹង នៅកំពុងតែខ្វល់ខ្វាយរឿងហ្នឹង ហើយឱ្យ​គាត់​ទៅ​រក​ការ​ងារ​កន្លែង​ថ្មី ខ្ញុំគិតថា វាដូចជាមិនទាន់ល្អទេ។ […] វាមិនងាយស្រួលទេ ឱ្យ​គាត់ចេញពីកន្លែងហ្នឹង គាត់ត្រូវទៅជួលផ្ទះថ្មី ឬក៏គាត់ស្នាក់នៅផ្ទះបងប្អូនយ៉ាងណានោះ ហើយនៅមានពាក់ព័ន្ធនៅក​ន្លែងចាស់ច្រើន វាពិបាក ហើយម្យ៉ាងទៀតលក្ខខណ្ឌក្រុមហ៊ុនពីកន្លែងមួយទៅកន្លែងមួយ ដូចមិនស្រួលទេ ដូចកន្លែងខ្លះលក្ខខណ្ឌការងារក៏ពិបាក កន្លែងស្នាក់នៅក៏មិនស្រួល»។

គួររំលឹក​​ថា កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ​​&ដាប់បែលយូ ហ្គាមេន បាន​នាំគ្នាធ្វើ​កូដកម្មចំនួន ២លើក​​រួចមកហើយ ដែលលើកទី១ ធ្វើឡើង​កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បី​ទាម​ទារ​ឱ្យ​ថៅកែ​បើកប្រាក់​ខែ​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំង​ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនេះ ក្រោយពីថៅកែជនជាតិ​ចិន បានរត់ចោលរោង​ចក្រ ដោយ​​មិនទទួល​ខុសត្រូវ​បើកប្រាក់ខែមួយខែចុងក្រោយ និង​ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករសរុបចំនួន ៤ ៨៤៩នាក់​​។ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ​ក្នុងរោង​ចក្រ​នេះ​ ដើម្បីធានាសម្រាប់ការបើកប្រាក់ឈ្នួល និងប្រាក់​អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិត បន្ទាប់ពីមានការ​ស្នើពី​​ក្រសួងការងារ៕