ក្រោមអាណត្តិទីមួយនៃការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លោកបានដាក់ចេញឱ្យមានកំណែទម្រង់យ៉ាងច្រើន ដោយផ្តោតជាចម្បងលើការផ្តល់សេវាសុខាភិបាល ការផ្តល់សេវាសាធារណៈ និងវិស័យអប់រំ។ លោកលើកឡើងពីកំណែទម្រង់ជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្នុងអាណត្តិថ្មី ដោយការប្រលងត្រូវតែមានតម្លាភាព សុក្រឹតភាព និងសមត្ថភាព។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ នៅសាកលវិទ្យាល័យពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងកំណែទម្រង់ការប្រលងមន្ត្រីក្របខ័ណ្ឌក្នុងអាណត្តិថ្មី៖
លោក សែ វិសាល អាយុ ២៤ឆ្នាំ ជានិស្សិតឆ្នាំទី៤ មកពីដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុវត្តបែបនេះបានផ្តល់ឱកាសដល់យុវជនជំនាន់ថ្មីឱ្យទទួលបានសិទ្ធិ និងឱកាសស្មើភាពគ្នាក្នុងការប្រលងចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ។
លោកនិយាយថា៖ «ខ្ញុំធ្លាប់ប្រលងគ្រូអប់រំកាយ តែលទ្ធផលមិនជាប់ទេ។ នៅក្នុងការប្រលងក្របខ័ណ្ឌឥលូវនេះ មានការកែប្រែហើយ ដោយមិនចាំបាច់មានខ្សែរយៈ ឬក៏លុយដើម្បីសូកប៉ាន់គឺមានភាពយុត្តិធម៌ និងអ្នកមានសមត្ថភាពសាកសមនឹងទទួល[ប្រលងជាប់]»។
កញ្ញា វួន ស្រីមុំ អាយុ ២២ឆ្នាំ ជានិស្សិតមកពីសាកលវិទ្យាល័យអន្តរជាតិ (IU) ជំនាញពេទ្យធ្មេញបាននិយាយថា កញ្ញាមានក្តីរីករាយដោយសារតែការប្រលងមិនត្រូវការបណ្តាញរយៈ ឬប្រើសំណូក ដោយកំណែទម្រង់ថ្មីនេះបានផ្តល់ឱកាសច្រើនដល់អ្នកមានសមត្ថភាពពិត។
កញ្ញានិយាយថា៖ «ការកែទ្រមង់ជួយឱ្យកន្លែងការងារមានភាពប្រសើរជាងមុន។ អ្នកខ្លះបើចូលតាមខ្សែ និងមានលុយ ប៉ុន្តែមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បម្រើការងារ ចំណែកឯអ្នកខ្លះទៀតបើទោះបីជាគាត់មិនមានឱកាសបានចូលជាមន្ត្រី តែគាត់អាចមានសមត្ថភាពធ្វើការ»។
កញ្ញា ងាំ ឆៃលី មានអាយុ ២០ឆ្នាំ ជានិស្សិតអក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថា កញ្ញាគាំទ្រទាំងស្រុង បើសិនជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អាចធ្វើបានដូចការសន្យា។ កញ្ញាចង់ឱ្យមានមន្រ្តីដែលបម្រើការងារមានសមត្ថភាពពិតជាជាងមន្ត្រីប្រើសំណូក។
កញ្ញា ងាំ ឆៃលី លើកឡើងថា៖ «បើសិនគាត់[គ្រូបង្រៀន]មានសមត្ថភាពពិតប្រាកដ គាត់ផ្តល់ជំនាញជាក់លាក់ដល់សិស្ស ធ្វើឱ្យធនធានមនុស្សជំនាន់ក្រោយកាន់តែខ្លាំងទៅ មិនដូចអ្នកដែលសូក [ថវិការ] ដែលគាត់អត់សូវមានសមត្ថភាព ធ្វើឱ្យសមត្ថភាពសិស្សកាន់តែថយ»។
កញ្ញាបន្ថែមថាបើអ្នករៀនពិតប្រកដគាត់មានចំណេះដឹង និងបន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀតអាចជួយឱ្យសិស្សកើនចំណេះដឹងធនធានមនុស្សកាន់តែមានសមត្ថភាព។
កញ្ញា កែវ សុភ័ក្រ មានអាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ មកពីដេប៉ាតឺម៉ង់គណិតវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និយាយថា កញ្ញាពិតជាសប្បាយចិត្តព្រោះកន្លងមកកញ្ញាតែងតែខ្លាចថាមានការប្រើបណ្តាញ ដែលនាំឱ្យកញ្ញាប្រលងប្រជែងមិនឈ្នះគេ។
កញ្ញាលើកឡើងថា៖ «ខ្ញុំឮក្រសួងប្រកាសថា ប្រលងផ្តោតលើសមត្ថភាពខ្ញុំចង់ប្រលងក្របខ័ណ្ឌដែរ និងខ្ញុំសង្ឃឹមថា សមត្ថភាពរបស់ខ្ញុំក៏អាចទៅរួចដែរ។ ខ្ញុំចង់សាកល្បង»។
កញ្ញា កែវ សុភ័ក្រ ក៏បានអរគុណដល់ក្រសួងដែលបានផ្តល់ឱកាស និងលើកកម្ពស់ការប្រលងដោយផ្អែកលើសមត្ថភាព។
កញ្ញា គី ចាន់ម៉ីយី អាយុ ២១ឆ្នាំជានិស្សិតឆ្នាំទី៣ មកពីដេប៉ាតឺម៉ង់ជីវវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងថា កំណែទម្រង់ប្រលងក្របខ័ណ្ឌពិតជាមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់យុវជនបានប្រលងបញ្ចេញសមត្ថភាពរបស់ខ្លួនដោយមានភាពជឿជាក់ក្នុងក្របខ័ណ្ឌតម្លាភាព សុក្រឹតភាព ដោយមិនបាច់បារម្ភថា មិនមានខ្សែ ឬមានភាពអយុត្តិធម៌។
កញ្ញានិយាយថា៖ «កំណែទម្រង់ប្រលងមន្ត្រីក្របខ័ណ្ឌថ្មីនេះ ច្បាប់នៃការប្រលងមានការតឹងរ៉ឹងដែលវាជាលក្ខខណ្ឌ មួយដែលធ្វើឱ្យយុវជនយើងគឺត្រូវតែចាំថា អ្នកចេះគឺជាប់។ ដូច្នេះ អ្នកត្រៀមខ្លួនដើម្បីប្រលងត្រូវខិតខំប្រឹងប្រែងខ្លាំងដើម្បីប្រលងជាប់»។
ព្រះអង្គ ជា ធៀង មានអាយុ ២៤ឆ្នាំ មកពីដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានសង្ឃដីកាថា លោកពិតជាមានសេចក្តីអំណរជាអណេកកប្បការដោយសាររដ្ឋាភិបាលបានកំណែទម្រង់ប្រលងមន្ត្រីក្របខ័ណ្ឌក្នុងអាណត្តិថ្មី ដោយការប្រលងនេះផ្តល់ឱកាសដល់បញ្ញវន្តបានបញ្ចេញចំណេះដឹង និងសមត្ថភាពអស់លទ្ធភាព។
ព្រះអង្គមានសង្ឃដីកាថា៖ «មិនថាធ្វើការនៅស្ថាប័នណាទេ ឱ្យតែបានប្រលងចេញពីសមត្ថភាពយើង កន្លែងនោះនឹងសម្បូរទៅដោយបញ្ញវន្ត ដែលអាចអភិវឌ្ឍទីតាំងដែលខ្លួននៅ […] ដោយភាគច្រើនបញ្ញវន្តអាចធ្វើការបានលឿន និងគ្មានការយឺតយ៉ាវ និងគ្មានការប្រើសំណូកសូកប៉ាន់»៕