ធនាគារជាតិនៃកម្ពុជាជូនដំណឹងពីការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា គ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេស ចន្លោះពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ សី្តពី «យុទ្ធនាការស្រឡាញ់ប្រាក់រៀល» ចេញផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ដើម្បីអបអរសាទរខួបលើកទី ៤៤ នៃការចេញផ្សាយក្រដាសប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាក់រៀល ធនាគារជាតិនៃកម្ពុជា សហការនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្តក្រុងទាំងអស់ នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ប្តូរមកជាក្រដាក់ប្រាក់ថ្មីវិញ ចាប់ពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤ ចន្លោះម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣រសៀល។
សេចក្តីជូនដំណឹងដដែលបន្តថា ការប្តូរក្រដាសប្រាក់ចាស់ មិនគិតកម្រៃសេវានោះទេក្នុងអំឡុងពេលខាងលើនេះ។
តាមរយៈសេចក្តីជូនដំណឹងនេះបន្ថែមថា៖ «ធនាគារជាតិនៃកម្ពុជា ទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហ័ក ដោយមិនគិតកម្រៃសេវា ជូនសាធារណជន នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្ត ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទីរៀងរាល់ថ្ងៃធ្វើការ ទោះជាមិននៅក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយ»។
គួររំឮកផងដែរថា ក្រដាសប្រាក់រៀលត្រូវបានបោះផ្សាយឡើងវិញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវាកម្ម និងបើកប្រាក់បៀរវត្សដល់មន្រ្តីរាជការស៊ីវិល ក្រោយពេលឈប់ប្រើប្រាស់ទាំងស្រុងអំឡុងពេលរបបកម្ពុជាប្រជាធិបតេយ្យ ឬខែ្មរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ នេះបើតាមគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា៕