ធនាគារ​ជាតិ​នៃកម្ពុជា​​ជូនដំណឹង​ពីការ​​​ប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយ​មិន​គិត​កម្រៃ​សេវា គ្រប់សាខាធនាគារជាតិ​នៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេស ចន្លោះ​ពី​ថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤។

បើតាម​សេចក្តី​ជូនដំណឹង​របស់​ធនាគារជាតិ​ ​សី្តពី​ «យុទ្ធនាការស្រឡាញ់ប្រាក់រៀ​ល​»​ ចេញ​ផ្សាយ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០២៤​នេះ បញ្ជាក់ថា ដើម្បី​អបអរ​សាទរខួបលើកទី ៤៤ នៃ​ការចេញ​ផ្សាយ​ក្រដាស​ប្រាក់​​រៀល​ និងលើក​កម្ពស់​ការប្រើ​ប្រាក់រៀល​ ធនាគារជាតិនៃកម្ពុជា សហការនឹងគ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុ​​ទទួលប្រាក់បញ្ញើ តាមខេត្តក្រុងទាំងអស់ នឹងទទួលប្តូរក្រដាសប្រាក់រៀល​ចាស់ ទក់ រហែ​ក ប្តូរមកជាក្រដាក់ប្រាក់​ថ្មីវិញ​ ចាប់ពីថ្ងៃទី២០ ដល់២៩ ខែមីនា ឆ្នាំ២០២៤ ចន្លោះ​ម៉ោង ៧:៣០ នាទីព្រឹក​ ដល់​ម៉ោង​ ៣រសៀល។

សេចក្តីជូនដំណឹងដដែលបន្តថា ការប្តូរក្រដាស​​ប្រាក់ចាស់ មិន​គិត​កម្រៃសេវា​នោះ​​ទេក្នុងអំឡុង​ពេល​ខាង​លើនេះ។

តាមរយៈសេចក្តី​ជូន​ដំណឹង​នេះបន្ថែម​​ថា៖ «​ធនាគារ​ជាតិនៃកម្ពុជា​ ទទួលប្តូរ​ក្រដាស​ប្រាក់​រៀល​ចាស់​ ទក់ រហ័ក​ ដោយមិនគិតកម្រៃសេវា ជូន​សាធារណជន នៅគ្រប់​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​រាជធានី-ខេត្ត​ ចាប់ពី​ម៉ោង ៧:៣០ នាទី​ ដល់ម៉ោង ១១:០០ នាទីរៀងរាល់​ថ្ងៃធ្វើ​ការ​ ទោះជាមិន​នៅ​ក្នុង​អំឡុង​ពេល​យុទ្ធ​នា​ការ​ប្តូរ​ប្រាក់រៀល​ក៏ដោយ»។

គួរ​រំឮក​ផងដែរ​ថា ក្រដាស​ប្រាក់រៀល​​ត្រូវ​បានបោះ​​ផ្សាយឡើង​វិញនៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដើម្បី​សម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវាកម្ម និងបើកប្រាក់បៀរវត្សដល់​មន្រ្តីរាជការស៊ីវិល ក្រោយពេលឈប់ប្រើប្រាស់ទាំងស្រុងអំឡុងពេល​​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ខែ្មរក្រហម ចាប់ពីឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ នេះបើ​តាមគេហទំព័រ​ផ្លូវការរបស់ធនាគារជាតិ​នៃកម្ពុជា៕