មូលនិធិ​​កុមារ​​របស់​​អង្គការសហប្រជាជាតិ​​ ​ហៅ​កាត់​ថា​ យូនីសេហ្វ (UNICEF) ណែនាំ​ឱ្យ​មាន​ការការពារ​​​​​ទារក​ កុមារ​​ និង​មនុស្ស​ចាស់​ ដើម្បីទប់ទល់​​​​​សីតុណ្ហភាព​​​ក្នុង​រដូវ​​ក្តៅ​​​ដែល​អាច​នឹង​កើន​​​ដល់​​​៣៩​អង្សារ​សេ។

​​​បើតាម​សារ​អំពី​ចំណុច​​សំខាន់ៗ​​​ដែល​​​​​ត្រូវ​​យល់​ដឹង និង​​ត្រៀមខ្លួន អង្គកា​យូនីសេហ្វ​បាន​បង្ហោះ​ ​​​​ថ្ងៃ​​​ទី​១៩  ខែមីនា​ ​បញ្ជា​ក់​​​ថា ក្នុង​អំឡុង​សីតុណ្ហភាព​​កើន​កម្តៅ​ក្តៅ​ ​​​សូម​​ពិនិត្យ​​ក្មេង​​ឱ្យ​​បាន​​ទៀង​ទាត់​ និង​ឱ្យ​​ពួកគេ​​ស្លៀក​​សម្លៀក​បំពាក់​រលុង​​​ដែលអាច​បន្ថយ​ការ​ឡើង​ក​ម្តៅ ​​​​និង​​​​រលាក​ដោយ​សារ​កម្តៅ។​ អង្គកាយូនីសេហ្វបន្ថែមថា ​សូម​ឱ្យ​កុមារ​ញាំ​​ទឹក​​​ឱ្យ​​​បាន​​​គ្រប់គ្រាន់​ ​និង​ទៀង​ទាត់ និង​ចៀសវាងផ្តល់​ថ្នាំ​ដោយ​មិនបាន​ពិគ្រោះជាមួយអ្នកជំនាញ​។ 

អង្គការ​យូនីសេហ្វបញ្ជាក់​ថា៖​ «កុំ​​ផ្តល់​​ថ្នាំ​​ដល់​​ទារក ដោយ​​​​​មិន​​​បាន​​ពិគ្រោះ​​​ជាមួយ​​​វេជ្ជ​បណ្ឌិ​ត​​បើសិន​​ជា​​​ពួកគេ​​មាន​​​អាការៈ​​​ឡើង​​​កម្តៅ»

អង្គការ​យូនីសេហ្វ​បន្ថែម​​ថា កុំ​​ទុក​​​ទារក ​​និង​​កុមា​រ​​​នៅ​​កន្លែ​ង​បិទ​ជិត និង​​កុំ​​បណ្តោយ​​ឱ្យ​​ពួកគេ​​លេង​​នៅ​​ខាង​ក្រៅ។ នៅ​ពេល​​​​កុមា​រ​​​ហាត់ប្រាណ ឬ​​លេង​​​នៅ​​​ក្រោម​​​សីតុណ្ហភាព​​​ខាងក្រៅ​​ត្រូវ​​ឱ្យ​​​ពួកគេ​​​សម្រាក​​ជារៀងរាល់ ៣០នាទីម្តង។

ការចេញសាររបស់អង្គការ​យូនីសេហ្វធ្វើ​ឡើង​ខណៈដែល​កម្ពុជា​​​​កំពុង​ប្រឈម​នឹង​ការកើន​កម្តៅ​​ខ្លាំង​​​​​​​​ក្នុង​អំឡុង​រដូវប្រាំងនេះ។

​​​​បើតាម​សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម​ស្តីពីការព្យាករ​អាកាសធាតុ​លើកទី​២​សម្រាប់​រដូវ​ប្រាំង​ពីខែ​មីនា ដល់ដើមរដូវវស្សា​​​​ ខែឧសភា ឆ្នាំ​២០២៤​ បញ្ជាក់ថា ធាតុភូត​សកល​ក្នុង​រយៈពេល​ពី​ខែមីនា ដល់ខែមេសា​ ឆ្នាំ២០២៤ នេះ​នឹង​មាន​អត្រា​បាតុភូត​អែលនីណូ (EI Nino) ខ្ពស់​ជាង​​៧០% ដែលបណ្តាលឱ្យ​សីតុណ្ហភាព​នៅ​ទូទាំង​ប្រទេស​​​ឡើង​ខ្ពស់​ជាង​​មធ្យមភាគ​ច្រើនឆ្នាំ ដែល​ជាកត្តា​ដែល​ធ្វើ​ឱ្យ​អាកាសធាតុ​ក្តៅ ហើយ​ស្ងួត៕