ប្រជាពលរដ្ឋរស់នៅបឹងតាមោក និងក្រុមយុវជនប្រមាណ ១០០នាក់ បាននាំគ្នាយកញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីរសៀលថ្ងៃចន្ទម្សិលមិញ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ទៅកាន់អាជ្ញាធរឱ្យមានការដោះស្រាយវិវាទដីធ្លី និងផ្តល់កម្មសិទ្ធិដីធ្លីដល់ពួកគាត់។
អ្នកស្រី ស៊ា ដាវី ជាប្រជាពលរដ្ឋរស់នៅតំបន់បឹងតាមោក បានឱ្យដឹងថា កាលដែលពួកគាត់នាំគ្នាទៅដាក់ញត្តិថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍នេះ ដោយសារតែពួកគាត់មានការបាមរ្ភពីការបណ្តេញចេញដោយបង្ខំ ក្រោយពីអាជ្ញាធរខណ្ឌព្រែកព្នៅ កាលពីអំឡុងខែកុម្ភៈកន្លងទៅនេះ បានជូនដំណឹងឱ្យពួកគាត់រុះរើផ្ទះចេញពីទីតាំងដែលកំពុងរស់នៅសព្វថ្ងៃ។
អ្នកស្រីមានប្រសាសន៍ថា៖ «គោលបំណងពួកខ្ញុំគឺសុំសិទ្ធិរស់នៅ និងកានកាប់ដីធ្លីពួកខ្ញុំរស់នៅតាំងពីឆ្នាំ៩០[១៩៩០] រហូតមក ហើយឥលូវនេះបែរជាអាជ្ញាធរខណ្ឌព្រែកព្នៅ ចេញលិខិតឱ្យពួកខ្ញុំរុះរើលំនៅឋានវិញ ចឹងពួកខ្ញុំអត់មានជម្រើសអ្វីក្រៅពីមកព្រះបរមរាជវាំង សុំព្រះករុណា[ព្រះមហាក្សត្រ] ឱ្យព្រះអង្គជួយអន្តរាគមន៍ សុំសិទ្ធិរស់នៅលើដីលំនៅឋានពួកខ្ញុំ»។
ប្រជាពលរដ្ឋនៅតំបន់តាមោកម្នាក់ទៀត អ្នកស្រី ឌី សាវឿន ដែលអះអាងថាបានរស់នៅទីនោះរយៈពេល ៣០ឆ្នាំមកហើយ បានលើកឡើងថា អ្នកស្រីចង់បានតែទីជម្រកសម្រាប់រស់នៅប៉ុណ្ណោះ ពីព្រោះពេលនេះបឹងតាមោក ត្រូវបានអាជ្ញាធរលុបអស់ហើយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំគ្មានចង់បានអ្វីក្រៅពីដី និងផ្ទះសម្បែងទេ ព្រោះបើពួកគាត់ដេញពួកខ្ញុំចេញ ពួកខ្ញុំគ្មានជម្រកទេ ព្រោះខ្ញុំគ្មានដីគ្មានអីទេ មានតែដីហ្នឹងហើយ[…] សូមឱ្យគាត់[ព្រះមហាក្សត្រ] ជួយប្រជាពលរដ្ឋក្រីក្រដែលរស់លំបាកនៅទីនេះ ដែលគ្មានក្តីសង្ឃឹម ឥលូវនេះពួកគាត់លុបបឹងអស់ហើយ ហើយពួកខ្ញុំគ្មានអ្វីជាទីពឹង សុំតែកន្លែងជាទីជម្រក សុំផ្តល់សិទ្ធិ ផ្តល់កម្មសិទ្ធិ ផ្តល់ប្លង់ និងសៀវភៅគ្រួសារដល់ពួកខ្ញុំក្នុងសហគមន៍ហ្នឹង»។
កញ្ញា រៀម ស្រីពេជ្ររតនា ដែលជាយុវជនចូលរួមដាក់ញត្តិជាមួយនឹងពលរដ្ឋបឹងតាមោក បានលើកឡើងថា ការដែលរូបគាត់ចូលរួមដើរថ្មើរជើងពីផ្សាររាត្រី ទៅដាក់ញត្តិជាមួយប្រជាពលរដ្ឋបឹងតាមោក នៅព្រះបរមរាជវាំងនេះ ដោយសារតែកញ្ញាមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋ ដែលរងគ្រោះដោយសារបញ្ហាដីធ្លី។
កញ្ញាមានប្រសាសន៍ថា៖ «យើងនៅក្នុងប្រទេសតែមួយ បើកាលណាជួបបញ្ហា យើងបិទភ្នែកថ្ងៃក្រោយបញ្ហាហ្នឹង នឹងធ្លាក់មកលើយើងដែរ ហើយការរំលោភបំពានសិទ្ធិមនុស្សនេះ បើថ្ងៃក្រោយរំលោភបំពានសិទ្ធិមនុស្សបាន យើងកុំព្រួយឱ្យសោះថាយើងមិនបានជួប យើងត្រូវតែបានជួបដូចពួកគាត់ដែរ»។
កញ្ញាថា ការបណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះរបស់ពួកគាត់ជារឿងពុំគួរគប្បី ព្រោះប្រជាពលរដ្ឋមិនចង់បានអ្វីក្រៅពីដំណោះស្រាយ និងយុត្តិធម៌សម្រាប់ខ្លួនឯងនោះទេ។
Newsroom Cambodia មិនអាចសុំការឆ្លើយតបពីខាងក្រសួងព្រះបរមរាជវាំងបានទេ នៅថ្ងៃអង្គារនេះ។
ចំណែក អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន មានប្រសាសន៍ថា អាជ្ញាធរបានរៀបចំដីស្របច្បាប់ជូនពួកគាត់រួចរាល់ហើយ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ៤ម៉ែត្រកន្លះគុណនឹង១៨ម៉ែត្រ។ លោកបន្តថា អ្វីដែលពលរដ្ឋត្រូវការមានទាំងអស់ ទាំងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជាដើម។
លោកបញ្ជាក់ថា៖ «អាជ្ញាធរអត់មានទុកគាត់នៅដោយឡែកទេ អាជ្ញាធរនៅជិតគាត់ បម្រើប្រជាពលរដ្ឋ តែបើគាត់ចង់បានអ្វីឱ្យច្បាស់ បើចង់បាននៅទីនេះគឺមិនបានទេ ព្រោះជាកម្មសិទ្ធិរបស់គេ បើចង់បានច្បាស់មានតែដី៤ម៉ែត្រកន្លះ គុណនឹង១៨ម៉ែត្រ ធ្វើកម្មសិទ្ធិស្របច្បាប់ជូនគាត់ ជូនថវិការ ១០ ០០០ដុល្លាទៀត […] បងនៅតែសំណូមពរបើកជើងមេឃចំហ ទាំងពេលយប់ក៏បងនៅតែធ្វើការឱ្យគាត់ដែរ ឱ្យតែមកយកដីហ្នឹង នៅជិតតែម្តង នៅផ្លូវហ្នឹងតែម្តង បានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចហើយ ទឹកភ្លើង លូមានរួចអស់ហើយ»។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌព្រែកព្នៅ បានចេញលិខិតជូនដំណឹងមួយ ដោយប្រាប់ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលលើដីរបស់រដ្ឋ ស្ថិតក្នុងបឹងតាមោក ដូចជា ការចិញ្ចឹមត្រី ការសង់ រោង-តូបយាមចាំដី ឃ្លាំង ដាក់សម្ភារៈផ្សេងៗ និងសំណង់មិនរៀបរយនានា ហើយត្រូវបញ្ឈប់ការចិញ្ចឹមត្រី និងរុះរើសំណង់គ្រប់ប្រភេទ ឱ្យបានឆាប់បំផុត ដើម្បីរដ្ឋបាលខណ្ឌចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយមេរំដោះទឹក សម្រាប់ជាប្រយោជន៍សាធារណៈ។
សេចក្តីប្រកាសបន្ថែមថា ក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខណ្ឌ នឹងដំណើរការកាយប្រឡាយបន្ត ដោយមិនទទួលខុសត្រូវ លើការខូចខាត-បាត់បង់ទ្រព្យសម្បត្តិ ឬសម្ភារៈរបស់ពលរដ្ឋទាំងនោះឡើយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើយោងតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ពលរដ្ឋមានសិទ្ធិដាក់សំណើរទៅស្ថាប័នព្រះមហាក្សត្រ ស្ថាប័នរដ្ឋ និងអាជ្ញាធរជាដើម ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍ និងការអន្តរាគមន៍ឱ្យមានដំណោះស្រាយ។
លោកយល់ថា អាជ្ញាធរ គួរពិនិត្យមើលលើការស្រាវជ្រាវ និងការវាយតម្លៃជាក់ស្តែង ហើយគួរដោះស្រាយដោយរៀបចំកាត់ដី និងផ្តល់កម្មសិទ្ធិជូនសហគមន៍ ដោយសារកន្លងមក រាជរដ្ឋាភិបាល ក៏បានកាត់ផ្ទៃដីបឹងតាមោក ផ្តល់ជាកម្មសិទ្ធិឱ្យស្ថាប័នរដ្ឋ ឯកជន និងក្រុមហ៊ុនជាច្រើនមកហើយដែរ។
លោកថ្លែងថា៖ «សហគមន៍ និងអាជ្ញាធរហាក់ដូចមិនមានទំនុកចិត្តនឹងគ្នា ដូច្នេះហើយកាលពីម្សិលមិញ ស្រាប់តែឃើញសហគមន៍យកញត្តិទៅដាក់ថ្វាយស្ថាប័នព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍។ សហគមន៍ដីធ្លីនៅសង្កាត់សំរោងក្រោម បឹងតាមោក ខណ្ឌព្រែកព្នៅ មានបញ្ហាដីធ្លីនេះ គឺចង់ក្លាយជាបញ្ហារ៉ាំរ៉ៃ ដែលកន្លងមកយើងមើលឃើញថា មានតំណាងសហគមន៍ជាច្រើនរូបកំពុងជាប់បណ្តឹងនៅតុលាការ និងមានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរ និងសហគមន៍ផងដែរ»។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ក្រុមសង្គមស៊ីវិល និងសមាគមអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ៣៨ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើ«បញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាសហគមន៍សំរោងត្បូង»។ សេចក្តីថ្លែងការណ៍រួមនេះលើកឡើងថា សហគមន៍សំរោងត្បូង មិនស្ថិតនៅក្នុងអនុក្រឹត្យនៃការកំណត់ផ្ទៃបឹងនេះទេ ហើយក៏មិនប៉ះពាល់ដល់ការពង្រីកផ្លូវទាំងស្រុងនោះដែរ។
ប្រភពដដែល បន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋសំរោងត្បូងចំនួន ១៨នាក់ កំពុងរងបណ្តឹងតុលាការ ក្រោមបទចោទ ហិង្សាដោយចេតនា និងប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ខណៈពលរដ្ឋម្នាក់បានរត់គេចខ្លួន ដោយព្រួយបារម្ភពីសុវត្ថិភាព។ សង្គមស៊ីវិលទាំងនោះបន្តទៀតថា ចាប់តាំងពីឆ្នាំ២០១៩ មក សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នជាតិនានា ដូចជា សាលាសង្កាត់សំរោងត្បូង សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធសភា និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ជាដើម ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយនៅឡើយ រហូតមកដល់ពេលនេះ៕