ប្រជាពលរដ្ឋ​រស់នៅបឹង​តាមោក ​និងក្រុមយុវជន​ប្រមាណ ១០០​នាក់ បាននាំគ្នាយក​ញត្តិទៅដាក់នៅព្រះបរមរាជវាំង កាលពីរសៀល​ថ្ងៃចន្ទម្សិលមិញ ដើម្បីស្នើសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ទៅកាន់អាជ្ញាធរឱ្យមាន​ការ​​ដោះស្រាយវិវាទដីធ្លី និង​ផ្តល់​​កម្មសិទ្ធិ​ដីធ្លីដល់ពួកគាត់។

អ្នកស្រី ស៊ា ដាវី ជាប្រជា​ពលរដ្ឋរស់នៅតំបន់​បឹងតាមោក បានឱ្យដឹងថា កាលដែលពួកគាត់​នាំគ្នាទៅដាក់ញត្តិ​ថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍នេះ ដោយសារតែពួកគាត់មានការបាមរ្ភពីការបណ្តេញ​ចេញ​ដោយបង្ខំ ក្រោយពី​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ កាលពីអំឡុងខែកុម្ភៈកន្លងទៅនេះ បានជូនដំណឹងឱ្យ​ពួកគាត់រុះរើផ្ទះចេញពីទីតាំងដែលកំពុងរស់នៅសព្វថ្ងៃ។

អ្នកស្រីមានប្រសាសន៍ថា៖ «គោលបំណងពួកខ្ញុំគឺសុំសិទ្ធិរស់នៅ និងកានកាប់ដីធ្លីពួកខ្ញុំរស់នៅតាំងពីឆ្នាំ៩០[១៩៩០] រហូត​មក ហើយ​ឥលូវ​នេះ​បែរជា​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ចេញលិខិតឱ្យពួកខ្ញុំរុះរើលំនៅឋាន​វិញ ចឹង​ពួកខ្ញុំអត់មាន​ជម្រើស​អ្វីក្រៅពីមកព្រះ​បរមរាជវាំង សុំព្រះករុណា[ព្រះមហាក្សត្រ​​] ឱ្យព្រះអង្គជួយអន្តរាគមន៍ សុំសិទ្ធិរស់នៅលើដីលំនៅឋាន​ពួកខ្ញុំ»។

ប្រជាពលរដ្ឋ​​នៅតំបន់តាមោកម្នាក់ទៀត អ្នកស្រី ឌី សាវឿន ដែលអះអាងថាបានរស់នៅទីនោះ​រយៈពេល ៣០ឆ្នាំ​មក​ហើយ បាន​លើកឡើង​ថា អ្នកស្រី​ចង់​បានតែ​ទីជម្រកសម្រាប់រស់នៅ​ប៉ុណ្ណោះ ពីព្រោះពេលនេះបឹង​តាមោក ត្រូវបានអាជ្ញាធរលុបអស់ហើយ​។​

អ្នកស្រីថ្លែងថា៖ «ខ្ញុំគ្មានចង់បានអ្វីក្រៅពីដី និង​ផ្ទះសម្បែង​ទេ ព្រោះបើពួកគាត់ដេញពួកខ្ញុំចេញ ពួកខ្ញុំគ្មានជម្រកទេ ព្រោះខ្ញុំគ្មានដីគ្មានអីទេ មានតែដីហ្នឹងហើយ[] សូមឱ្យគាត់[ព្រះមហាក្សត្រ​​] ជួយ​ប្រជាពលរដ្ឋ​ក្រីក្រដែល​រស់លំបាក​នៅទី​នេះ ដែល​គ្មាន​​​ក្តី​​សង្ឃឹម​ ឥលូវ​នេះ​ពួក​គាត់​លុប​បឹង​អស់​​ហើយ ហើយពួកខ្ញុំគ្មានអ្វីជាទីពឹង សុំតែកន្លែងជាទីជម្រក សុំផ្តល់សិទ្ធិ ផ្តល់​កម្ម​សិទ្ធិ ផ្តល់ប្លង់ និងសៀវភៅគ្រួសារ​ដល់​ពួកខ្ញុំ​ក្នុងសហគមន៍ហ្នឹង»។

កញ្ញា រៀម ស្រីពេជ្ររតនា ដែលជាយុវជនចូលរួមដាក់ញត្តិជាមួយនឹងពលរដ្ឋបឹងតាមោក បានលើកឡើង​ថា ការដែលរូបគាត់ចូលរួមដើរថ្មើរជើងពីផ្សាររាត្រី ទៅដាក់ញត្តិជាមួយប្រជាពលរដ្ឋបឹងតាមោក នៅព្រះបរម​រាជវាំងនេះ ដោយសារតែ​កញ្ញាមើលឃើញពីទុក្ខលំបាករបស់ពលរដ្ឋ ដែលរងគ្រោះដោយសារបញ្ហា​ដីធ្លី។

កញ្ញាមានប្រសាសន៍ថា៖ «យើងនៅក្នុងប្រទេសតែមួយ បើកាលណាជួបបញ្ហា យើងបិទភ្នែកថ្ងៃក្រោយបញ្ហាហ្នឹង នឹងធ្លាក់មកលើយើងដែរ ហើយការរំលោភបំពានសិទ្ធិមនុស្ស​នេះ បើថ្ងៃក្រោយរំលោភបំពានសិទ្ធិមនុស្សបាន យើងកុំព្រួយឱ្យសោះថាយើងមិនបានជួប យើងត្រូវតែបានជួបដូចពួកគាត់ដែរ»។

កញ្ញាថា ការបណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះរបស់ពួកគាត់ជារឿងពុំគួរគប្បី ព្រោះប្រជាពលរដ្ឋមិនចង់​បាន​អ្វីក្រៅ​ពី​ដំណោះស្រាយ និងយុត្តិធម៌សម្រាប់ខ្លួនឯងនោះទេ។​

Newsroom Cambodia មិនអាចសុំការឆ្លើយតប​ពីខាងក្រសួងព្រះបរមរាជវាំងបានទេ នៅថ្ងៃអង្គារនេះ។

ចំណែក អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន មានប្រសាសន៍​ថា អាជ្ញាធរបានរៀបចំដីស្របច្បាប់ជូនពួកគាត់រួចរាល់ហើយ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ៤ម៉ែត្រកន្លះគុណនឹង១៨ម៉ែត្រ​។ លោកបន្តថា អ្វីដែលពលរដ្ឋត្រូវការមានទាំងអស់ ទាំងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជាដើម​។

លោកបញ្ជាក់ថា៖ «អាជ្ញាធរអត់មានទុកគាត់នៅដោយឡែកទេ អាជ្ញាធរនៅជិតគាត់ បម្រើ​ប្រជាពលរដ្ឋ តែបើគាត់ចង់បានអ្វីឱ្យច្បាស់ បើចង់​បាន​នៅទីនេះគឺមិនបានទេ ព្រោះជាកម្មសិទ្ធិរបស់គេ បើចង់បានច្បាស់មានតែដី៤ម៉ែត្រកន្លះ គុណនឹង​១៨ម៉ែត្រ ធ្វើកម្មសិទ្ធិ​ស្របច្បាប់​ជូន​គាត់ ជូន​ថវិការ ១០ ០០០​ដុល្លាទៀត […] បងនៅតែសំណូម​ពរបើកជើង​មេឃ​ចំហ ទាំងពេលយប់ក៏បងនៅតែធ្វើការឱ្យគាត់ដែរ ឱ្យតែមកយកដីហ្នឹង នៅជិតតែម្តង នៅផ្លូវហ្នឹងតែម្តង បានរៀបចំហេដ្ឋារចនាសម្ព័ន្ធរួចហើយ ទឹក​ភ្លើង លូមានរួចអស់ហើយ»។

កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌព្រែកព្នៅ បាន​ចេញលិខិត​ជូនដំណឹង​មួយ ដោយប្រាប់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​អាស្រ័យផល​លើ​ដី​របស់​រដ្ឋ ស្ថិតក្នុងបឹងតាមោក ដូច​ជា ការចិញ្ចឹមត្រី ការសង់ រោង-តូបយាមចាំដី ឃ្លាំង ដាក់សម្ភារៈផ្សេងៗ និងសំណង់មិនរៀបរយនានា ហើយត្រូវ​បញ្ឈប់​ការ​ចិញ្ចឹមត្រី និង​រុះរើ​សំណង់​គ្រប់​ប្រភេទ ឱ្យ​​បានឆាប់បំផុត ដើម្បីរដ្ឋបាលខណ្ឌ​ចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍន៍ប្រឡាយ​មេរំដោះ​​ទឹក សម្រាប់ជាប្រយោជន៍សាធារណៈ។

សេចក្តីប្រកាសបន្ថែមថា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ រដ្ឋបាលខណ្ឌ នឹង​ដំណើរការ​​កាយ​ប្រឡាយបន្ត ដោយមិនទទួលខុសត្រូវ លើការខូចខាត-បាត់បង់ទ្រព្យសម្បត្តិ ឬសម្ភារៈរបស់​ពលរដ្ឋទាំងនោះឡើយ។

នាយក​ទទួល​បន្ទុក​កិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍​ថា បើ​យោងតាម​រដ្ឋ​ធម្មនុញ្ញ ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ពលរដ្ឋមានសិទ្ធិដាក់សំណើរទៅស្ថាប័នព្រះមហាក្សត្រ ស្ថាប័ន​រដ្ឋ និង​អាជ្ញាធរជាដើម​ ដើម្បីស្វែងរក​ព្រះរាជអន្តរាគមន៍ និងការអន្តរាគមន៍ឱ្យមានដំណោះស្រាយ​។​

លោក​យល់ថា អាជ្ញាធរ គួរពិនិត្យមើលលើការស្រាវជ្រាវ និងការវាយតម្លៃជាក់ស្តែង ហើយគួរដោះស្រាយដោយរៀបចំកាត់ដី និងផ្តល់កម្មសិទ្ធិជូនសហគមន៍ ដោយសារកន្លងមក រាជរដ្ឋាភិបាល​ ក៏បាន​កាត់​ផ្ទៃដីបឹង​តាមោក ផ្តល់ជាកម្មសិទ្ធិ​ឱ្យស្ថាប័នរដ្ឋ ឯកជន និងក្រុមហ៊ុនជាច្រើន​មកហើយដែរ។

លោកថ្លែងថា៖ «សហគមន៍ និងអាជ្ញាធរហាក់ដូចមិនមានទំនុកចិត្តនឹងគ្នា ដូច្នេះហើយកាលពីម្សិលមិញ ស្រាប់តែឃើញសហគមន៍យកញត្តិទៅដាក់ថ្វាយស្ថាប័នព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍សហគមន៍ដីធ្លីនៅសង្កាត់សំរោងក្រោម បឹងតាមោក ខណ្ឌព្រែកព្នៅ មានបញ្ហាដីធ្លីនេះ គឺចង់​ក្លាយ​ជា​បញ្ហារ៉ាំរ៉ៃ ដែលកន្លងមកយើង​​មើល​ឃើញថា មានតំណាងសហគមន៍ជាច្រើនរូបកំពុងជាប់បណ្តឹងនៅតុលាការ និងមានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរ និង​សហគមន៍ផងដែរ»។

កាល​ពី​ថ្ងៃ​ទី២៥ ​ខែ​មករា ​ឆ្នាំ​២០២៤ ​ក្រុម​សង្គម​ស៊ីវិល​ និង​សមាគម​អង្គការ​មិន​មែន​រដ្ឋាភិបាល ​និង​សហគមន៍​មូលដ្ឋាន​ចំនួន​ ៣៨​ស្ថាប័ន ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​ស្នើ​«បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ ​គំរាម​កំហែង​ និង​ផ្ដល់​ការ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​សហគមន៍​សំរោង​ត្បូង»។​ សេចក្តី​ថ្លែង​ការណ៍​រួម​នេះ​លើក​ឡើង​ថា​ សហគមន៍​សំរោង​ត្បូង ​មិន​ស្ថិត​នៅ​ក្នុង​អនុក្រឹត្យ​នៃ​ការ​កំណត់​ផ្ទៃ​បឹង​នេះ​ទេ​ ហើយ​ក៏​មិន​ប៉ះពាល់​ដល់​កា​រពង្រីក​ផ្លូវ​ទាំង​ស្រុង​នោះ​ដែរ។​

ប្រភពដដែល បន្តថា បច្ចុប្បន្ន​នេះ ​ប្រជា​ពល​រដ្ឋ​សំរោង​ត្បូង​ចំនួន ​១៨​នាក់ ​កំពុង​រង​បណ្តឹង​តុលាការ ​ក្រោម​បទ​ចោទ​ ហិង្សា​ដោយ​ចេតនា ​និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស ខណៈ​​ពលរដ្ឋ​ម្នាក់​បាន​រត់​គេច​ខ្លួន ​ដោយ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព។ ​ សង្គមស៊ីវិលទាំងនោះបន្តទៀតថា ចាប់​តាំង​ពី​ឆ្នាំ​២០១៩​ មក​ សហគមន៍​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​​ជាតិ​​នានា ​ដូច​ជា ​សាលា​សង្កាត់​សំរោង​ត្បូង ​សាលា​ខណ្ឌព្រែក​ព្នៅ ​សាលា​រាជធានី​ភ្នំពេញ ​ខុទ្ទកាល័យ​​នាយក​​រដ្ឋមន្ត្រី ​ព្រឹទ្ធ​សភា ​និង​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម ​និង​សំណង់​ជាដើម ប៉ុន្តែ​នៅ​មិនទាន់​​មាន​ដំណោះ​ស្រាយ​នៅ​​ឡើយ ​រហូត​មក​ដល់​ពេល​នេះ៕