ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសពីការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតនៃក្រុមហ៊ុនវ៉ាយ&ដាប់បែលយូ (Y&W) ហ្គាមេន ស្របពេលកម្មករផ្ទុះការតវ៉ាជាថ្មី នៅថ្ងៃនេះ ដោយបិទកំណាត់ផ្លូវនៅមុខរោងចក្រ ទាមទារឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា យោងតាមដីការបស់សាលាដំបូង ដែលសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន និងដោយមានការតម្កល់ប្រាក់កក់របស់អ្នកដេញថ្លៃតាមនីតិវិធីដេញថ្លៃ ទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុននោះ ក្រសួងមានថវិកាដែលអាចបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករបាន។
សេចក្តីជូនដំណឹងបន្ថែមថា កម្មករនិយោជិត អាចទៅបើកប្រាក់ឈ្នួលបាននៅសាលាខណ្ឌដង្កោ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះតទៅ តាមបញ្ជីឈ្មោះ និងលេខរៀងដែលក្រសួងនឹងបិតនៅទីនោះ មុនបើកផ្តល់។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះ ធ្វើឡើងស្របពេលដែលកម្មករកម្មការិនី នៅរោងចក្រកាត់ដេរ Y&W ហ្គាមេន ប្រមាណ ១ ០០០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ាជាថ្មី និងបានបិតកំណាត់ផ្លូវនៅមុខរោងចក្រ នៅព្រឹកថ្ងៃទី២០ ខែមីនានេះ។
លោក ស៊ុំ ឌីម ជាកម្មករធ្វើការនៅរោងចក្រ Y&W បានឱ្យដឹងថា ការដែលកម្មករតវ៉ាបិទផ្លូវនេះ គឺដើម្បីទាមទារបើកប្រាក់ខែ ដែលក្រុមហ៊ុនមិនបើកឱ្យក្នុងខែកុម្ភៈ ខណៈបច្ចុប្បន្ន រូបលោក ក៏ដូចជាកម្មករមួយចំនួនទៀត កំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។
លោកថា៖ «មានខ្លះ អត់ខ្លះ [អ្នកខ្លះរកបានការងារ អ្នកខ្លះមិនទាន់រកបាន] ណាមួយបង់ផ្ទះជួលផង បង់អង្គការផងអីផង អញ្ចឹងគាត់មកបាតុកម្ម ព្រោះអត់លុយបង់ផ្ទះជួលផ្ទះអី អ្នកខ្លះ គេដេញចេញអត់លុយបង់ផ្ទះជួល[…] ខ្ញុំសំណូមពរឱ្យសម្តេចពុកជួយមកដោះស្រាយឱ្យកម្មករផង»។
កម្មកររោងចក្រ Y&W ម្នាក់ទៀត អ្នកស្រី ម៉ិច សុខ បានត្អូញត្អែរដែរថា អ្នកស្រីកំពុងជួបបញ្ហាប្រឈមជាច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារគ្មានប្រាក់បង់ថ្លៃផ្ទះជួល ការចំណាយប្រចាំថ្ងៃ និងសងបំណុលធនាគារ។
អ្នកស្រីថា៖ «ខ្ញុំតវ៉ាដោយសារថាថ្ងៃនេះក្រសួងថាទម្លាក់លុយឱ្យ តែដល់ថ្ងៃក្រសួងថាគាត់អត់មានលុយទម្លាក់ឱ្យទេ អញ្ចឹងពួកខ្ញុំនាំគ្នាតវ៉ា ចង់ឱ្យគាត់មកជួយដោះស្រាយឱ្យឆាប់ៗ ព្រោះអីខ្ញុំនៅផ្ទះជួល គេក៏ទារលុយដែរ តែខ្ញុំសុំពន្យារគេថ្ងៃទី២០នេះ ពេលឥឡូវថ្ងៃទី២០ គេថាអត់មានលុយទៀត ដឹងសុំគេថាម៉េចទៀត[…] ខ្ញុំសុំឱ្យមានដំណោះស្រាយ ព្រោះអីជិតចូលឆ្នាំ ចាំលុយគាត់ ពិបាកចិត្តរាល់ថ្ងៃឡើងនិយាយលែងចង់ចេញ»។
ចំណែក អ្នកស្រី ស៊ឹម សុម៉ាលី ដែលជាកម្មការានីនៅរោងចក្រ Y&W មួយរូបទៀត មានប្រសាសន៍ថា ពួកគាត់តវ៉ានេះគ្រាន់តែចង់បានដំណោះស្រាយឆាប់ៗប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីការតវ៉ារបស់កម្មករ ក្រសួងបានផ្តល់ដំណឹងពីការបើកប្រាក់វត្ស និងសំណងផ្សេងៗជូនកម្មករ នៅចុងសប្តាហ៍នេះ ដូច្នេះអ្នកស្រីសាទរចំពោះចំណាត់ការរបស់ក្រសួងនាពេលនេះ។
អ្នកស្រីថ្លែងថា៖ « ក្រសួងចេញសេចក្តីប្រកាសមកហើយ ឱ្យបើកប្រាក់ឈ្នួលនៅខណ្ឌដង្កោ តែកម្មករស្នើសុំបើកប្រាក់ឈ្នួលនៅរោងចក្រវិញ ព្រោះធ្វើការនៅរោងចក្រ ហើយអរគុណដល់ក្រសួងដែរ ដែលរកដំណោះស្រាយឱ្យលឿនៗ»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានស្នើដល់កម្មករទាំងអស់ រក្សាភាពអត់ធ្មត់ និងបញ្ឈប់ការតវ៉ា ខណៈក្រសួងបាននិងកំពុងដោះស្រាយបញ្ហានេះជូនកម្មករ។
លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលកំពុងតវ៉ានៅថ្ងៃនេះ សូមមេត្តាកុំបំបែកទៅកាន់លំនៅដ្ឋានរៀងៗខ្លួន រង់ចាំដំណោះស្រាយដែលក្រសួងការងារ បានផ្តល់ជូនតាមអ្វីដែលបងប្អូនទាមទារ ដូច្នេះហើយការញុះញង់ណាមួយ ឬបំភ្លើសណាមួយសូមកុំជឿ ហើយរង់ចាំនូវព័ត៌មានផ្លូវការដែលចេញដោយក្រសួងការងារដូចពេលនេះ»។
គួររំលឹកថា កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ&ដាប់បែលយូ ហ្គាមេន បាននាំគ្នាធ្វើកូដកម្មចំនួន ២លើករួចមកហើយ ដែលលើកទី១ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនេះ ក្រោយពីថៅកែជនជាតិចិន បានរត់ចោលរោងចក្រ ដោយមិនទទួលខុសត្រូវបើកប្រាក់ខែមួយខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករសរុបចំនួន ៤ ៨៤៩នាក់៕