ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសពីការផ្តល់​ប្រាក់​ឈ្នួល និងប្រាក់បំណាច់​ផ្សេង​ៗជូនកម្មករនិយោជិត​នៃក្រុមហ៊ុន​វ៉ាយ&ដាប់បែលយូ (Y&W) ហ្គាមេន​ ស្រប​ពេល​​​កម្មករ​ផ្ទុះការតវ៉ាជាថ្មី នៅថ្ងៃនេះ ដោយបិទកំណាត់ផ្លូវនៅមុខរោងចក្រ ទាមទារឱ្យភាគីពាក់ព័ន្ធពន្លឿន​ការ​ដោះស្រាយ។

យោង​តាម​សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា​ យោងតាមដីការបស់​សាលាដំបូង ដែល​សម្រេចរឹបអូស​ជាបណ្តោះអាសន្ន​នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុនវ៉ាយ & ដាប់បែលយូ ហ្គាមេន និងដោយមានការតម្កល់ប្រាក់កក់របស់អ្នកដេញថ្លៃតាមនីតិវិធីដេញថ្លៃ ទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុននោះ ក្រសួង​មានថវិកាដែលអាច​បើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករ​បាន​។

សេចក្តីជូនដំណឹងបន្ថែមថា កម្មករនិយោជិត អាចទៅបើកប្រាក់ឈ្នួលបាននៅសាលាខណ្ឌ​ដង្កោ ចាប់ពីថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៤នេះតទៅ តាមបញ្ជីឈ្មោះ និងលេខរៀងដែលក្រសួង​នឹងបិតនៅទីនោះ មុនបើកផ្តល់។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារនេះ ធ្វើឡើង​ស្របពេល​ដែលកម្មករ​កម្មការិនី នៅរោង​ចក្រ​កាត់ដេរ Y&W ហ្គាមេន ប្រមាណ ១ ០០០នាក់ បាននាំគ្នាប្រមូលផ្តុំតវ៉ា​ជាថ្មី និងបានបិតកំណាត់ផ្លូវនៅមុខរោងចក្រ នៅព្រឹកថ្ងៃទី២០ ខែមីនានេះ។

លោក ស៊ុំ ឌីម ជាកម្មករ​ធ្វើការ​នៅ​​រោងចក្រ Y&W បានឱ្យដឹងថា ការដែលកម្មករ​តវ៉ា​​បិទផ្លូវនេះ គឺ​ដើម្បីទាមទារបើកប្រាក់ខែ ដែលក្រុមហ៊ុនមិនបើកឱ្យក្នុងខែកុម្ភៈ ខណៈបច្ចុប្បន្ន ​រូបលោក ក៏ដូចជាកម្មករ​មួយចំនួនទៀត កំពុងជួបការលំបាក​ក្នុងជីវភាពរស់នៅ។

លោក​ថា៖ «មានខ្លះ អត់ខ្លះ [អ្នកខ្លះរកបានការងារ អ្នកខ្លះមិនទាន់រកបាន] ណាមួយ​បង់​ផ្ទះ​ជួល​ផង បង់​អង្គ​ការផង​អីផង អញ្ចឹង​គាត់មកបាតុកម្ម ព្រោះអត់លុយបង់ផ្ទះជួលផ្ទះអី អ្នកខ្លះ គេដេញចេញអត់លុយបង់ផ្ទះជួល[…] ខ្ញុំសំណូមពរឱ្យសម្តេចពុក​ជួយមកដោះស្រាយឱ្យកម្មករផង»។

កម្មករ​រោង​ចក្រ Y&W ម្នាក់ទៀត អ្នកស្រី ម៉ិច សុខ បានត្អូញត្អែរដែរថា អ្នកស្រីកំពុងជួបបញ្ហាប្រ​ឈម​ជាច្រើនក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ ដោយសារ​គ្មានប្រាក់​បង់​ថ្លៃផ្ទះ​ជួល ការចំណាយ​ប្រចាំថ្ងៃ និង​សងបំណុល​ធនាគា​រ​។​

អ្នកស្រី​ថា៖ «ខ្ញុំតវ៉ាដោយសារថាថ្ងៃនេះក្រសួងថាទម្លាក់លុយឱ្យ តែដល់ថ្ងៃក្រសួងថាគាត់អត់មានលុយទម្លាក់ឱ្យទេ អញ្ចឹង​ពួកខ្ញុំនាំគ្នាតវ៉ា ចង់ឱ្យគាត់មកជួយដោះស្រាយឱ្យឆាប់ៗ ព្រោះអីខ្ញុំនៅផ្ទះជួល គេក៏ទារលុយដែរ តែខ្ញុំសុំពន្យារគេថ្ងៃទី២០នេះ ពេលឥឡូវថ្ងៃទី២០ គេថាអត់មានលុយទៀត ដឹងសុំគេថាម៉េចទៀត[…] ខ្ញុំសុំឱ្យមានដំណោះស្រាយ ព្រោះអីជិតចូលឆ្នាំ ចាំលុយគាត់ ពិបាកចិត្តរាល់ថ្ងៃឡើងនិយាយលែងចង់ចេញ»។

ចំណែក អ្នកស្រី ស៊ឹម សុម៉ាលី ដែលជាកម្មការានីនៅ​រោងចក្រ Y&W មួយ​រូបទៀត មាន​ប្រសាសន៍ថា ពួកគាត់តវ៉ានេះគ្រាន់តែចង់បានដំណោះស្រាយឆាប់ៗប៉ុណ្ណោះ។ ប៉ុន្តែក្រោយពី​ការតវ៉ារបស់កម្មករ ក្រសួងបានផ្តល់ដំណឹងពីការបើកប្រាក់វត្ស និងសំណង​ផ្សេង​ៗជូនកម្មករ នៅចុងសប្តាហ៍នេះ ដូច្នេះអ្នកស្រី​សាទរ​ចំពោះចំណាត់ការរបស់ក្រសួងនា​ពេល​នេះ។​

អ្នកស្រីថ្លែងថា៖ « ក្រសួងចេញសេចក្តីប្រកាសមកហើយ ឱ្យបើកប្រាក់ឈ្នួលនៅខណ្ឌដង្កោ តែកម្មករស្នើសុំបើកប្រាក់ឈ្នួលនៅរោងចក្រវិញ ព្រោះធ្វើការនៅរោងចក្រ ហើយអរគុណដល់ក្រសួងដែរ ដែលរកដំណោះស្រាយឱ្យលឿនៗ»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បាន​ស្នើ​ដល់កម្មករ​ទាំងអស់ រក្សាភាពអត់ធ្មត់ និងបញ្ឈប់ការតវ៉ា​ ខណៈក្រសួងបាន​និង​​កំពុងដោះស្រាយ​​បញ្ហានេះជូនកម្មករ​​។

លោកថ្លែងថា៖ «ខ្ញុំសូមអំពាវនាវ​ដល់បងប្អូនកម្មករនិយោជិត​ដែលកំពុងតវ៉ានៅថ្ងៃនេះ សូមមេត្តាកុំបំបែកទៅកាន់លំនៅដ្ឋានរៀងៗខ្លួន រង់ចាំដំណោះស្រាយដែលក្រសួងការងារ បានផ្តល់ជូនតាមអ្វីដែលបងប្អូនទាមទារ ដូច្នេះហើយ​ការញុះញង់ណាមួយ ឬបំភ្លើសណាមួយសូមកុំជឿ ហើយរង់ចាំនូវព័ត៌មានផ្លូវការដែលចេញដោយក្រសួងការងារដូចពេលនេះ»។

គួររំលឹក​​ថា កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ​​&ដាប់បែលយូ ហ្គាមេន បាន​នាំគ្នាធ្វើ​កូដកម្មចំនួន ២លើក​​រួចមកហើយ ដែលលើកទី១ ធ្វើឡើង​កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បី​ទាម​ទារ​ឱ្យ​ថៅកែ​បើកប្រាក់​ខែ​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំង​ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនេះ ក្រោយពីថៅកែជនជាតិ​ចិន បានរត់ចោលរោង​ចក្រ ដោយ​​មិនទទួល​ខុសត្រូវ​បើកប្រាក់ខែមួយ​​ខែចុងក្រោយ និង​ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករសរុបចំនួន ៤ ៨៤៩នាក់​​៕