អង្គការសង្គមស៊ីវិល និងសហជីព បន្តបារម្ភពីសុវត្ថិភាព និងការប្រឈមរបស់កម្មករនិយោជិត ក្រោយមានករណីគ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ។
កាលរសៀលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គិភ័យបានឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោជិតចំនួន ២ ២០៥នាក់ កំពុងបំពេញការងារ។ សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតរកមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ ខណៈហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់កម្មករនិយោជិតឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ។
ជុំវិញករណីនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានលើកឡើងនៅថ្ងៃទី១៩ ខែមីនានេះថា ករណីឆេះរោងចក្រ អ.ជី ហ៊្វូតវែរ នេះមិនមែនជាករណីទី១ទេ ដោយសារកន្លងមក ក៏មានករណីឆេះរោងចក្របណ្តាលឱ្យមានកម្មកររងគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ។ លោកបន្តថា នេះជាក្តីបារម្ភមួយរបស់សង្គមស៊ីវិល ដែលទាមទារឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើនការពង្រឹងបញ្ហាសុវត្ថិភាព ដូចជា ការចុះធ្វីអធិការកិច្ចដោយមន្ត្រីជំនាញបច្ចេកទេសជាប្រចាំ ហើយត្រូវចូលរួមដោយភាគីពាក់ព័ន្ធព្រោះការសាងសង់អគារនិយាមសុវត្ថិភាពជាកត្តាអទិភាព សម្រាប់កម្មករនិយោជិត។
លោកថា៖ «សុវត្ថិភាពនៅកន្លែងការងារនេះសំខាន់ណាស់ ព្រោះយើងដឹងហើយថារោងចក្រមួយចំនួន គឺមិនបានគោរពទៅតាមនិយាមស្តង់ដាសុវត្ថិភាពឱ្យបានត្រឹមត្រូវទេ ករណីនេះវាត្រូវតែមាននូវក្របខណ្ឌគោលនយោបាយ ដើម្បីធានាឱ្យមាននូវការតាមដានពិនិត្យជាប្រចាំក្នុងករណីដែលមានបញ្ហាហានិភ័យដែលអាចកើតមានឡើងឈានទៅដល់នៃការឆាបឆេះ ឬក៏មាននូវអស្ថេរភាពការងារ ឬក៏សុវត្ថិភាពការងារអីហ្នឹង»។
ប្រធានសហភាពការងារកម្ពុជា លោក អាត ធន់ ក៏បានបង្ហាញពីក្តីបារម្ភទៅលើប្រព័ន្ធសុវត្ថិភាពនៅក្នុងរោងចក្រនេះដែរ ដោយសារតែមានករណីគ្រោះអគ្គិភ័យឆេះរោងចក្រ បានកើតឡើងជាបន្តបន្ទាប់។ ករណីនេះ លោកអំពាវនាវដល់រោងចក្រនីមួយៗ គួរតែមានការត្រួតពិនិត្យប្រព័ន្ធស្តង់ដារសុវត្ថិភាពឱ្យបានច្បាស់លាស់ និងត្រូវមានការធ្វើតេស្តសាកល្បង ដើម្បីធានាថាប្រព័ន្ធសុវត្ថិភាពអាចប្រើប្រាស់បានពេលមានបញ្ហា។
លោកថា៖ «កន្លងមក ក្រុមហ៊ុនខ្លះមាន [ប្រព័ន្ធការពារសុវត្តិភាព] តែដល់ពេលឆេះ អត់អាចប្រើបាន វាខូចឬក៏ប្រព័ន្ធវាអត់ល្អអញ្ចឹងទៅ វាធ្វើឱ្យមានបញ្ហាច្រើនណាស់ ទៅដល់កម្មករនិងក្រុមហ៊ុន»។
បើតាមលោក អាត់ ធន់ នៅពេលមានគ្រោះអគ្គិភ័យឆេះរោងចក្រម្តងៗ គឺមិនត្រឹមតែផ្តល់ផលលំបាកដល់ក្រុមកម្មករទេ ខាងនិយោជកក៏ជួបបញ្ហាដែរ។
លោកថា៖«កម្មករគាត់ កាលណាឆេះអ៊ីចឹងគាត់អត់មានការងារធ្វើ គាត់ប្រឈមហើយអាចមានគ្រោះថ្នាក់អីចឹងទៅ ហើយបើទោះបីជាច្បាប់តម្រូវឱ្យក្រុមហ៊ុនត្រូវបង់លុយឱ្យគាត់ ប៉ុន្តែកន្លែងខ្លះក៏ក្រុមហ៊ុនមានភាពស្មុគស្មាញ អីមិនចង់បើកលុយឱ្យគាត់អីចឹងទៅ។ ចំណែកក្រុមហ៊ុន ពេលដែលឆេះអ៊ីចឹង ទី១ គាត់បាត់បង់អត្ថប្រយោជន៍ និងប៉ះពាល់ដល់ក្រុមហ៊ុន ហើយទី២ ក្រុមហ៊ុនត្រូវទទួលខុសត្រូវបង់លុយឱ្យកម្មករកំឡុងពេលដែលកម្មករអត់ការងារធ្វើហ្នឹង»។
ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ លោក សយ ចាន់ធូ មានប្រសាសន៍ថា ក្រោយហេតុការណ៍គ្រោះអគ្គិភ័យនេះ ខាងភាគីសហជីព តំណាងកម្មករ បានប្រជុំជាមួយតំណាងរោងចក្រដោយមានការចូលរួមពីមន្ត្រីក្រសួងការងារ កាលពីថ្ងៃអង្គារម្សិលមិញ ជុំវិញគោលជំហរបស់ខាងរោងចក្រ និងការរកដំណោះស្រាយជូនកម្មករ។ លោកបន្តថា ក្នុងកិច្ចប្រជុំនេះ ភាគីរោងចក្រ មិនទាន់មានដំណោះស្រាយសម្រាប់កម្មករនៅឡើយទេ ដោយខាងរោងចក្រកំពុងពិភាក្សាផ្ទៃក្នុង និងផ្តល់ដំណឹងដល់ក្រុមកម្មករក្នុងសប្តាហ៍នេះ។
លោកថា៖ «ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកម្មករ ទី១ គាត់ចង់ឱ្យរោងចក្រដំណើរការបន្ត គាត់អត់ចង់ឱ្យរោងចក្របិទទេ ប៉ុន្តែបន្តឬមិនបន្តនៅលើថៅកែ ហើយទី២ ក្នុងករណីគាត់បិទគាត់អី កម្មករក៏ស្នើសុំឱ្យទូទាត់ប្រាក់អត្ថប្រយោជន៍តាមផ្លូវច្បាប់»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងកំពុងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករនិយោជិតនៃរោងចក្រ អ.ជី ហ៊្វូតវែរ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ដើម្បីជួយសម្រាលទុក្ខលំបាក ក្រសួងថា កម្មករនិយោជិតនៃរោងចក្រនេះ នៅតែទទួលបានអត្ថប្រយោជន៍ និងការប្រើប្រាស់ប័ណ្ណ ប.ស.ស (បេឡាជាតិរបបសន្តិសុខសង្គម)ជាធម្មតាដដែល ហើយក្រសួងនឹងបន្តចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរងចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនកម្មករនៅម្តុំរោងចក្រស្បែកជើងនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក៏ធ្លាប់មានករណីគ្រោះអគ្គិភ័យមួយ ឆាបឆេះឃ្លាំងស្តុកទុក និងចែកចាយសារធាតុគីមីសម្រាប់បោកគក់ នៅរោងចក្រកាត់ដេរយីដា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ផងដែរ ដោយបណ្តាលឱ្យកម្មការិនីម្នាក់ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងមនុស្ស ២០នាក់ទៀតបានរងរបួស។
ក្រោយហេតុការណ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាល ជាបន្តបន្ទាប់ បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅតាមសហគ្រាស និងគ្រឹះស្ថាន។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងការងារ ចុះថ្ងៃទី១៩ ខែមករា ក្រសួងបានណែនាំឱ្យបង្កើនការត្រួតពិនិត្យជាប្រចាំនូវបណ្ដាញផ្ដល់អគ្គីសនី បណ្ដុះបណ្ដាលកម្មករពីសញ្ញាសុវត្ថិភាព និងការជម្លៀសខ្លួន ព្រមទាំងការត្រួតពិនិត្យមធ្យោបាយសង្គ្រោះបឋម និងពិនិត្យច្រកចេញអាសន្នជាដើម។
ពាក់ព័ន្ធនឹងករណីគ្រោះអគ្គិភ័យឆេះរោងចក្រផលិតស្បែកជើងនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី១៩ ខែមីនាម្សិលមិញ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារគ្រោះអគ្គិភ័យអាចកើតមានគ្រប់ទីកន្លែង ទាំងនៅក្នុងផ្ទះ ផ្សារ រោងចក្រ សហគ្រាសអាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេសក្នុងអំឡុងពេលរដូវក្តៅនេះ៕