អង្គការសង្គមស៊ីវិល និងសហជីព​ បន្តបារម្ភពីសុវត្ថិភាព និងកា​រប្រឈមរបស់​កម្មករ​និយោជិត ក្រោយ​មានករណីគ្រោះអគ្គិភ័យ​បានឆាបឆេះរោង​ចក្រ​ផលិត​ស្បែកជើង​ អ.ជី ហ៊្វូតវែរ។

កាលរសៀល​ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៤ មានករណីគ្រោះអគ្គិភ័យ​បានឆាបឆេះរោង​ចក្រ​ផលិត​ស្បែក​ជើង​ អ.ជី ហ៊្វូតវែរ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានកម្មករនិយោ​ជិត​​ចំនួន ២ ២០៥នាក់ កំពុងបំពេញការងារ។ សមត្ថកិច្ច​កំពុងបន្តស៊ើបអង្កេត​រកមូលហេតុដែលបង្ក​ឱ្យ​មាន​អគ្គិភ័យនេះ ខណៈហេតុការណ៍នេះមិនបង្កឱ្យ​មាន​គ្រោះថ្នាក់ដល់កម្មករនិយោជិត​ឡើយ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ។

ជុំវិញករណីនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បាន​លើកឡើង​នៅ​ថ្ងៃ​ទី​១៩ ខែមីនានេះ​ថា ករណី​ឆេះរោងចក្រ​ អ.ជី ហ៊្វូតវែរ នេះមិនមែនជាករណីទី១ទេ ដោយសារកន្លងមក ក៏​មាន​ករណីឆេះរោងចក្រ​បណ្តាលឱ្យមានកម្មករ​រង​គ្រោះ​ថ្នាក់ដល់អាយុជីវិតផងដែរ។ លោកបន្តថា នេះជា​ក្តីបារម្ភមួយរបស់សង្គមស៊ីវិល ដែល​ទាមទារឱ្យ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ​ បង្កើនការ​ពង្រឹង​បញ្ហា​សុវត្ថិ​ភាព ដូចជា​ ការចុះ​ធ្វីអធិការកិច្ចដោយមន្ត្រីជំនាញបច្ចេកទេសជាប្រចាំ ហើយត្រូវចូលរួមដោយភាគីពាក់ព័ន្ធព្រោះការសាងសង់អគារនិយាមសុវត្ថិ​ភាពជាកត្តាអទិភាព សម្រាប់កម្មករនិយោជិត។

លោកថា៖​ «សុវត្ថិ​ភាពនៅ​កន្លែង​ការ​ងារ​នេះ​សំខាន់​ណាស់ ព្រោះយើងដឹ​ង​ហើយ​ថា​រោង​ចក្រមួយចំនួន គឺមិន​បាន​គោរពទៅតាមនិយាមស្តង់ដាសុវត្ថិ​ភាពឱ្យបានត្រឹមត្រូវទេ ករណីនេះវាត្រូវតែមាននូវក្របខណ្ឌគោល​នយោបាយ ដើម្បីធានាឱ្យ​​មាននូវការតាមដានពិនិត្យជាប្រចាំក្នុងករណីដែលមានបញ្ហាហានិភ័យដែលអាចកើតមានឡើងឈានទៅដល់នៃការឆាបឆេះ ឬក៏មាននូវអស្ថេរភាពការងារ ឬក៏សុវត្ថិ​ភាព​ការ​ងារអីហ្នឹង»។

ប្រធានសហភាពការងារកម្ពុជា លោក អាត ធន់ ក៏បាន​បង្ហាញពីក្តីបារម្ភ​ទៅលើប្រព័ន្ធ​សុវត្ថិ​​ភាព​នៅក្នុងរោង​ចក្រនេះដែរ ដោយសារ​តែមានករណីគ្រោះអគ្គិភ័យឆេះរោង​ចក្រ​ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ ករណីនេះ លោក​​អំពាវនាវដល់​រោងចក្រនីមួយៗ គួរតែមានការត្រួតពិនិត្យប្រព័ន្ធស្តង់ដារសុវត្ថិភាពឱ្យ​​បានច្បាស់លាស់ និងត្រូវ​មានការ​​ធ្វើ​តេស្តសាកល្បង ដើម្បីធានាថាប្រព័ន្ធសុវត្ថិ​ភាព​អាចប្រើប្រាស់បានពេលមានបញ្ហា។

លោកថា៖ «កន្លងមក ក្រុមហ៊ុនខ្លះមាន [ប្រព័ន្ធការពារសុវត្តិភាព] តែដល់ពេលឆេះ អត់អាចប្រើបាន វាខូចឬក៏ប្រព័ន្ធវាអត់ល្អអញ្ចឹងទៅ វាធ្វើឱ្យមានបញ្ហាច្រើនណាស់ ទៅដល់កម្មករនិងក្រុមហ៊ុន»។

បើតាមលោក អាត់ ធន់ នៅពេលមានគ្រោះអគ្គិភ័យ​ឆេះរោង​ចក្រ​ម្តងៗ គឺ​​មិន​ត្រឹមតែផ្តល់ផលលំបាកដល់ក្រុមកម្មករទេ ខាងនិយោជកក៏ជួបបញ្ហាដែរ។

លោក​ថា៖«កម្មករគាត់ កាល​ណាឆេះ​អ៊ីចឹង​គាត់​អត់​មាន​ការ​ងារ​ធ្វើ គាត់​ប្រឈម​ហើយ​អាចមាន​គ្រោះថ្នាក់អីចឹងទៅ ហើយបើទោះបីជាច្បាប់តម្រូវ​ឱ្យក្រុមហ៊ុនត្រូវបង់លុយឱ្យគាត់ ប៉ុន្តែកន្លែង​ខ្លះ​ក៏​ក្រុម​ហ៊ុនមានភាពស្មុគស្មាញ អីមិនចង់បើកលុយឱ្យគាត់អីចឹងទៅ។ ចំណែកក្រុមហ៊ុន ពេលដែលឆេះអ៊ីចឹង ទី​១ គាត់បាត់បង់អត្ថប្រយោជន៍ និងប៉ះពាល់ដល់ក្រុមហ៊ុន ហើយ​ទី២ ក្រុមហ៊ុនត្រូវទទួលខុសត្រូវបង់​លុយឱ្យកម្មករកំឡុងពេលដែលកម្មករអត់ការងារធ្វើហ្នឹង»។

ប្រធានសហព័ន្ធ​សហជីព​សេរីឯករាជ្យ​ លោក សយ ចាន់ធូ​ មានប្រសាសន៍​ថា ក្រោយហេតុការណ៍គ្រោះអគ្គិភ័យនេះ ខាងភាគីសហជីព តំណាង​កម្មករ​ បានប្រជុំជាមួយតំណាង​រោងចក្រ​ដោយមានការចូលរួមពី​មន្ត្រី​ក្រសួង​​កា​រ​ងារ​ កាល​ពី​ថ្ងៃ​អង្គារម្សិលមិញ​ ជុំវិញ​គោលជំហ​របស់ខាងរោងចក្រ និងការ​រកដំណោះស្រាយជូនកម្មករ។ ​លោក​បន្តថា ក្នុងកិច្ចប្រជុំនេះ ភាគីរោងចក្រ មិនទាន់មានដំណោះស្រាយសម្រាប់កម្មករនៅ​ឡើយទេ ដោយ​ខាង​រោងចក្រ​កំពុងពិភាក្សាផ្ទៃក្នុង និងផ្តល់ដំណឹងដល់ក្រុមកម្មករក្នុងសប្តាហ៍នេះ។​​

លោកថា៖ «​ក្នុងនាមថ្នាក់ដឹកនាំ ក៏ដូចជាកម្មករ ទី១ គាត់ចង់ឱ្យ​រោងចក្រដំណើរការបន្ត គាត់​អត់ចង់ឱ្យ​​រោង​ចក្រ​បិទ​ទេ ប៉ុន្តែបន្តឬមិនបន្ត​នៅលើថៅកែ ហើយទី២ ក្នុងករណីគាត់បិទគាត់អី កម្មករក៏ស្នើ​សុំឱ្យ​​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​តាម​ផ្លូវ​ច្បាប់»។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បាន​លើកឡើង​ថា ក្រសួង​កំពុងយកចិត្តទុកដាក់​ចំពោះសុខទុក្ខរបស់កម្មករ​និយោជិត​នៃរោង​ចក្រ​ អ.ជី ហ៊្វូត​វែរ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។ ដើម្បីជួយសម្រាលទុក្ខលំបាក ក្រសួងថា កម្មករ​និយោជិត​នៃរោង​ចក្រនេះ នៅតែ​ទទួលបាន​អត្ថប្រយោជន៍​ និងការប្រើ​ប្រាស់​ប័ណ្ណ​ ប.ស.ស (បេឡាជាតិរបបសន្តិសុខ​សង្គម)ជាធម្មតាដដែល ហើយ​ក្រសួងនឹង​បន្តចុះផ្សព្វផ្សាយពីឱកាស​ការ​ងារ និងមានមន្ត្រីរងចាំចុះឈ្មោះ​ស្វែងរកការងារ​ធ្វើ​ភ្លាមៗជូនកម្មករ​នៅម្តុំរោង​ចក្រ​ស្បែក​ជើង​នេះ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក៏ធ្លាប់មាន​ករណីគ្រោះអគ្គិភ័យមួយ​ ឆាបឆេះឃ្លាំង​ស្តុកទុក និង​ចែកចាយសារធាតុគីមីសម្រាប់បោកគក់ ​នៅរោងចក្រកាត់ដេរយីដា ស្ថិត​នៅ​​ស្រុកកៀនស្វាយ ខេត្តកណ្តាល ផងដែរ ដោយ​បណ្តាលឱ្យកម្មការិនីម្នាក់ឈ្មោះ សុខ ឆវី អាយុ ៣៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងមនុស្ស​ ២០នាក់ទៀត​បាន​រង​របួស។

ក្រោយហេតុការណ៍នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋាភិបាល ជាបន្តបន្ទាប់ បានដាក់​ចេញនូវ​​វិធានការមួយចំនួន ដើម្បី​បង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាព និងសុខភាព​ការងាររបស់កម្មករនិយោជិត​នៅតាមសហគ្រាស និង​គ្រឹះស្ថាន​។ ក្នុងសេចក្ដីណែនាំរបស់ក្រសួងការ​ងារ ចុះថ្ងៃទី១៩ ខែមករា​ ក្រសួង​បានណែនាំឱ្យ​បង្កើន​​ការ​ត្រួត​ពិនិត្យ​ជាប្រចាំនូវបណ្ដាញផ្ដល់អគ្គីសនី បណ្ដុះបណ្ដាលកម្មករ​ពីសញ្ញាសុវត្ថិភាព និងការជម្លៀសខ្លួន ព្រមទាំងការ​ត្រួតពិនិត្យមធ្យោបាយសង្គ្រោះបឋម និងពិនិត្យច្រកចេញអាសន្នជាដើម។

ពាក់ព័ន្ធនឹងករណីគ្រោះអគ្គិភ័យ​ឆេះរោង​ចក្រផលិត​ស្បែកជើង​នេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី​១៩ ខែមីនាម្សិលមិញ បានអំពាវនាវ​ឱ្យ​​មានការប្រុងប្រយ័ត្នខ្ពស់ ដោយ​សារ​គ្រោះអគ្គិភ័យ​​អាចកើតមានគ្រប់ទីកន្លែង ទាំងនៅ​ក្នុង​ផ្ទះ ផ្សារ រោង​ចក្រ សហគ្រាស​អាជីវកម្ម ទីតាំងសាធារណៈផ្សេងៗ ស្រែចំការ និងព្រៃជាដើម ជាពិសេស​ក្នុងអំឡុងពេលរដូវក្តៅនេះ៕