លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ណែនាំទៅក្រសួងសុខាភិបាល ឱ្យពង្រឹងគុណភាពថ្នាំ បរិមាណថ្នាំ និងឧបករណ៍បរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់នៅតាមមណ្ឌលសុខភាពនៅមូលដ្ឋាន ដើម្បីកុំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលពិបាកធ្វើដំណើរឆ្ងាយក្នុងការស្វែងរកសេវាព្យាបាលសុខភាព។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យមានការគិតគូរអំពី បញ្ហាបរិមាណ និងគុណភាពថ្នាំសង្កូវ និងបរិក្ខារពេទ្យ ថ្នាំព្យាបាលដែលសំខាន់ៗ ឱ្យមានគ្រប់គ្រាន់ នៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់។
លោកថ្លែងថា៖ «គិតគូរអំពីការពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យ ដែលខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ឈាង រ៉ា ដេញថ្លៃថ្នាំ ម៉េចក៏ដោយ ធ្វើម៉េចឱ្យបានថ្នាំនេះ អ្នកដែលផ្គត់ផ្គង់ធានានូវគុណភាព បរិក្ខារ គុណភាពពេទ្យ និងតម្លៃសមរម្យ ធានាដើម្បីធ្វើយ៉ាងណាយើងជំរុញទៅដល់មូលដ្ឋានតែម្តង ហើយគិតគូរពីថ្នាំដែលសំខាន់ៗ ដូចជា ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដែលអាចត្រូវបង្កើនបរិមាណមួយចំនួន ទៅឱ្យប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល កុំឱ្យគាត់ពិបាកធ្វើដំណើរឡើងចុះទៅយក»។
លោកបន្តថា ក្រសួងត្រូវបន្តពង្រឹងការផ្តល់សេវាសុខភាពនៅតាមមណ្ឌលសុខភាព តាំងពីថ្នាក់ក្រោមរហូតដល់លើ ដើម្បីធានាថាពលរដ្ឋទទួលបានសេវាព្យាបាលសុខភាពប្រកបដោយគុណភាព។
លោកមានប្រសាសន៍ថា៖ «តាមរយៈការពង្រឹងអង្គភាពសុខាភិបាលពីមូលដ្ឋានកម្រិតទាបទៅខ្ពស់ ដែលទិសដៅវិធានទី១ គឺពង្រឹងមណ្ឌលសុខភាព យើងអាចភ្ជាប់ជាមួយប៉ុស្តិ៍សុខភាព ពីមណ្ឌលសុខភាពឡើងទៅមន្ទីរពេទ្យបង្អែកស្រុក ទិសដៅរបស់យើងនៅក្នុងការពង្រឹង គឺពង្រឹងពីរពេលជាមួយគ្នា ទី១ គឺយើងពង្រឹងដោយផ្តោតទៅលើសេវាមូលដ្ឋាន សេវាបឋមសុខាភិបាល ដែលយើងផ្តោតពង្រឹងពីក្រោមឡើងលើ»។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី២០ ខែមីនានេះថា បញ្ហាកង្វះខាតថ្នាំសង្កូវនៅតំបន់ដាច់ស្រយាលអាចមាន ប៉ុន្តែក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះបន្ថែមទៀត។
លោកថ្លែងថា៖ «សេចក្ដីតម្រូវការគឺមានធំធេង កង្វះតែងតែមានកង្វះហើយទៅតាមទីតាំង ទីកន្លែងមួយចំនួន ប៉ុន្តែបងប្អូនយើងនៅមណ្ឌល នៅមន្ទីរពេទ្យនេះមិនដែលថាទុកឱ្យខាងគាត់មានបញ្ហា គឺថាគាត់ផ្ទេរថ្នាំគ្នា គាត់ផ្ទេរគ្នា គាត់ជួយគ្នា យកថ្នាំបញ្ជូនឱ្យគ្នាម្ដងម្នាក់ ហើយគាត់ខិតខំបំពេញតាមគ្នាក្រោយមក ចឹងទេតាមន័យកង្វះហ្នឹង យើងខិតខំ យើងពិតជាចង់ឱ្យបានទូលំទូលាយ សល់សម្បូរសប្បាយជាងហ្នឹង ក៏ប៉ុន្តែនេះគឺធ្វើទៅតាមមធ្យោបាយដែលយើងធ្វើទៅបាន ដែលសំខាន់គឺថ្នាំមានគុណភាពដែរ តម្លៃនៃការរកជាវថ្នាំនោះជាតម្លៃដែលទាប មានគុណភាពខ្ពស់អាចពង្រីកសេវាបានធំទូលាយ»។
លោកបន្តថា ក្រសួងសុខាភិបាលបានខិតខំរកក្រុមហ៊ុនដែលផ្គត់ផ្គង់ថ្នាំ និងសម្ភារៈបរិក្ខារពេទ្យនេះ ឱ្យកាន់តែគត់ម៉ត់ថែមទៀត ទាំងតម្លៃ និងគុណភាព ព្រមទាំងបង្កើនការចុះទៅពិនិត្យគ្រប់ទីតាំងមណ្ឌលសុខភាព ដើម្បីពង្រីកសេវាព្យាបាល និងផ្តល់ថ្នាំទឹកនោមផ្អែម និងលើសឈាមឱ្យបានគ្រប់មណ្ឌល ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកថា៖ «ក្រសួងសុខាភិបាលយើង ឥលូវទទួលបានអនុសាសន៍ពីសម្តេចធិបតី[ហ៊ុន ម៉ាណែត]ថែមទៀតនេះ គឺជាការសំខាន់ ហើយថ្នាំពេទ្យនេះ ផ្តោតសំខាន់ទៅលើជំងឺមិនឆ្លង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម គឺជាអាទិភាពចម្បង»។
លោក យុន នឿន ជាប្រធានមណ្ឌលសុខភាពទឹកថ្លា ស្ថិតនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សាទរចំពោះការណែនាំរបស់នាយករដ្ឋមន្ត្រី ដោយលោកថា នៅមណ្ឌលសុខភាពនេះ នៅមិនទាន់មានថ្នាំសម្រាប់ព្យាបាលជំងឺឈើសឈាម និងទឹកនោមផ្អែមគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅឡើយ។
លោកថា៖ «មិនទាន់មាន ប៉ុន្តែបានបណ្តុះបណ្តាលរួចហើយ ប៉ុន្តែមិនទាន់បានឱសថព្យាបាលទេ […] ចង់បានប្រើ ប៉ុន្តែលឺថាដោះស្រាយពីក្រសួងមិនទាន់ចេញ ប្រធានការិយាល័យថាចាំមើលសិន ប៉ុន្តែយើងមិនទាន់បាន»។
ចំណែក លោក ស៊ីន សុវណ្ណឌី ជាប្រធានមណ្ឌលសុខភាពនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង លើកឡើងថា នៅមណ្ឌលសុខភាព មិនមានការខ្វះខាតថ្នាំនោះទេ ហើយក្នុងករណីមានការខ្វះខាតតិចតួច មណ្ឌលនេះគឺអាចដោះស្រាយបាន។
លោកបន្តថា៖ « ពីមុននៅថ្នាក់មូលដ្ឋានយើង មិនទាន់ពង្រឹងស៊ីជម្រៅទៅខាងទឹកនោមផ្អែម លើសឈាមទេ ទើបតែមួយរយៈក្រោយនេះ រាជរដ្ឋាភិបាលលោកគិតគូរខ្លាំង ជំរុញរហូតមានវគ្គបណ្តុះបណ្តាលជំនាញពីជំងឺទឹកនោមផ្អែម លើសឈាម ក្នុងរយៈចុងក្រោយនេះ។ ពីមុនមានដែរតែគ្រាន់ថា មិនទាន់បានទទួលនូវការបណ្តុះបណ្តាលទូលំទូលាយ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា ការគិតគូរពីការសេវាព្យាបាលជំងឺមិនឆ្លងនេះ គឺជារឿងសំខាន់ ព្រោះជាបញ្ហាដែលកម្ពុជាកំពុងប្រឈម ប៉ុន្តែបើគិតតែរឿងសេវាព្យាបាល ដោយមិនមានវិធានការបង្ការទេ នោះនឹងមិនមានប្រសិទ្ធភាពឡើយ។
លោកថ្លែងថា៖ «សម្តេចនាយករដ្ឋមន្ត្រីលោកជំរុញបែបនេះ ជារឿងត្រឹមត្រូវ តែត្រូវគិតដល់ការប្រយុទ្ធប្រឆាំងផងដែរ ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ការប្រើប្រាស់ភេសជ្ជៈផ្អែមខ្លាំង ដែលអង្គការសុខភាពពិភព លោកថាមានផលប៉ះពាល់ខ្លាំងចំនួនច្រើនទៅលើជំងឺទឹកនោមផ្អែម លើសឈាមនេះ ប្រសិនបើយើងគិតតែព្យាបាល តែយើងអត់បង្ការទេ គឺយុទ្ធសាស្រ្តមិនជោគជ័យទេ»។
លោកបន្ថែមថា ក្រសួងសុខាភិបាល គួរតែពិនិត្យបន្ថែមចំពោះការផ្តល់ថ្នាំទៅដល់គ្រប់មណ្ឌលសុខភាពឱ្យបានគ្រប់គ្រាន់៕