លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត ណែនាំ​ទៅក្រសួង​សុខាភិបាល​ ឱ្យ​​ពង្រឹងគុណភាពថ្នាំ បរិមាណ​ថ្នាំ និង​​ឧបករណ៍​បរិក្ខារពេទ្យ​ឱ្យបានគ្រប់គ្រាន់​នៅតាមមណ្ឌល​សុខភាពនៅ​មូលដ្ឋាន ដើម្បីកុំឱ្យប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាលពិបាក​ធ្វើដំណើរឆ្ងាយក្នុងការ​​ស្វែងរកសេវាព្យាបាល​សុខភាព។​

ថ្លែង​​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ជំរុញឱ្យមានការគិតគូរអំពី បញ្ហា​​បរិមាណ និងគុណភាពថ្នាំសង្កូវ និងបរិក្ខារពេទ្យ ថ្នាំព្យាបាលដែលសំខាន់ៗ ឱ្យមានគ្រប់គ្រាន់ នៅ​តាម​មូល​ដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលប្រើប្រាស់។

លោកថ្លែងថា៖ «គិតគូរអំពីការពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យ ដែលខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ឈាង រ៉ា ដេញថ្លៃថ្នាំ ម៉េច​ក៏​ដោយ ធ្វើម៉េច​ឱ្យបានថ្នាំ​នេះ អ្នកដែល​ផ្គត់ផ្គង់​ធានា​នូវ​​គុណភាព បរិក្ខារ គុណភាព​ពេទ្យ និងតម្លៃសមរម្យ ធានាដើម្បីធ្វើយ៉ាងណាយើងជំរុញទៅដល់មូលដ្ឋានតែម្តង ហើយគិតគូរពីថ្នាំដែលសំខាន់ៗ ដូចជា ថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ដែលអាចត្រូវបង្កើនបរិមាណមួយចំនួន ទៅឱ្យប្រជាពលរដ្ឋ ជាពិសេសនៅតំបន់ដាច់ស្រយាល កុំឱ្យគាត់ពិបាកធ្វើដំណើរឡើងចុះទៅយក»។

លោកបន្តថា ក្រសួងត្រូវបន្តពង្រឹងការផ្តល់សេវាសុខភាព​នៅតាមមណ្ឌលសុខភាព តាំងពីថ្នាក់ក្រោមរហូតដល់​លើ ដើម្បីធានាថាពលរដ្ឋ​ទទួលបាន​សេវាព្យាបាល​សុខភាព​ប្រកបដោយ​គុណភាព។

លោកមានប្រសាសន៍ថា៖ «តាមរយៈការពង្រឹងអង្គភាពសុខាភិបាល​ពីមូលដ្ឋានកម្រិតទាបទៅខ្ពស់ ដែលទិសដៅវិធាន​ទី១ គឺពង្រឹងមណ្ឌលសុខភាព យើងអាចភ្ជាប់ជាមួយប៉ុស្តិ៍​សុខភាព ពីមណ្ឌលសុខភាពឡើងទៅ​មន្ទីរពេទ្យបង្អែកស្រុក ទិសដៅរបស់យើងនៅក្នុងការពង្រឹង​ គឺពង្រឹងពីរពេលជាមួយគ្នា ទី១ គឺ​យើង​ពង្រឹង​ដោយផ្តោតទៅលើសេវាមូលដ្ឋាន សេវាបឋមសុខាភិបាល ដែលយើងផ្តោតពង្រឹងពីក្រោម​ឡើងលើ»។

អ្នកនាំពាក្យក្រសួង​សុខាភិបាល លោក កុយ វ៉ាន់នី មានប្រសាសន៍នៅថ្ងៃទី២០ ខែមីនានេះ​ថា បញ្ហា​កង្វះខាតថ្នាំ​សង្កូវ​នៅតំបន់​ដាច់ស្រយាល​អាច​មាន ប៉ុន្តែក្រសួងសុខាភិបាល​បាន​ខិត​ខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះបន្ថែមទៀត។

លោកថ្លែង​ថា៖ «សេចក្ដីតម្រូវការគឺមានធំធេង កង្វះតែងតែមានកង្វះហើយ​ទៅតាមទីតាំង ទីកន្លែងមួយចំនួន ប៉ុន្តែបងប្អូនយើង​នៅមណ្ឌល នៅមន្ទីរពេទ្យនេះ​មិនដែលថាទុកឱ្យ​ខាងគាត់មានបញ្ហា គឺថាគាត់ផ្ទេរថ្នាំគ្នា គាត់ផ្ទេរគ្នា គាត់ជួយគ្នា យកថ្នាំបញ្ជូនឱ្យ​​គ្នាម្ដង​ម្នាក់ ហើយ​គាត់​ខិតខំ​បំពេញ​តាម​គ្នា​ក្រោយ​មក ចឹងទេតាមន័យកង្វះហ្នឹង យើងខិតខំ យើងពិតជាចង់ឱ្យ​​បានទូលំទូលាយ សល់សម្បូរ​សប្បាយជាង​ហ្នឹង ក៏ប៉ុន្តែនេះ​គឺធ្វើទៅតាមមធ្យោបាយដែលយើងធ្វើទៅបាន ដែលសំខាន់គឺថ្នាំមានគុណភាព​ដែរ តម្លៃនៃការរកជាវថ្នាំនោះជាតម្លៃដែលទាប មានគុណភាពខ្ពស់អាចពង្រីកសេវាបានធំទូលាយ»។

លោកបន្ត​ថា ក្រសួងសុខាភិបាលបានខិតខំរកក្រុមហ៊ុនដែលផ្គត់ផ្គង់ថ្នាំ និង​សម្ភារៈ​បរិក្ខារពេទ្យនេះ ឱ្យកាន់​តែគ​ត់​ម៉ត់​ថែមទៀត ទាំងតម្លៃ និងគុណភាព ព្រមទាំងបង្កើនការ​ចុះទៅពិនិត្យ​គ្រប់ទីតាំង​មណ្ឌលសុខភាព ដើម្បី​ពង្រីក​សេវាព្យាបាល និងផ្តល់ថ្នាំ​​​ទឹកនោមផ្អែម និងលើសឈាម​ឱ្យបានគ្រប់មណ្ឌល ដែលជាការឆ្លើយ​តបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។​

លោកថា៖ «ក្រសួងសុខាភិបាលយើង ឥលូវទទួលបានអនុសាសន៍ពីសម្តេចធិបតី[ហ៊ុន ម៉ាណែត​​]ថែមទៀតនេះ គឺជាការសំខាន់ ហើយថ្នាំពេទ្យនេះ​ ផ្តោតសំខាន់ទៅលើជំងឺមិនឆ្លង ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម គឺជាអាទិភាពចម្បង»។

លោក យុន នឿន ជា​ប្រធានមណ្ឌលសុខភាពទឹកថ្លា ស្ថិតនៅ​ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សាទរ​ចំពោះការណែនាំរបស់នាយករដ្ឋមន្ត្រី ដោយលោកថា នៅមណ្ឌល​សុខ​ភាពនេះ នៅមិនទាន់មានថ្នាំសម្រាប់​​ព្យាបាល​​​ជំងឺឈើសឈាម និងទឹកនោមផ្អែមគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​នៅឡើយ។

លោកថា៖ «មិនទាន់មាន ប៉ុន្តែបានបណ្តុះបណ្តាលរួចហើយ ប៉ុន្តែមិនទាន់បានឱសថព្យាបាលទេ​ […] ចង់បានប្រើ ប៉ុន្តែលឺថាដោះស្រាយពីក្រសួងមិនទាន់ចេញ ប្រធានការិយាល័យថាចាំមើលសិន ប៉ុន្តែយើងមិនទាន់បាន»

ចំណែក លោក ស៊ីន សុវណ្ណឌី ជាប្រធានមណ្ឌលសុខភាពនៅ​ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង លើកឡើងថា នៅមណ្ឌលសុខភាព មិនមានការ​ខ្វះខាតថ្នាំ​នោះទេ ហើយ​ក្នុងករណីមាន​ការ​ខ្វះខាតតិចតួច មណ្ឌលនេះគឺអាចដោះស្រាយបាន។

លោកបន្តថា៖ « ពីមុននៅថ្នាក់មូលដ្ឋានយើង មិនទាន់ពង្រឹងស៊ីជម្រៅទៅខាងទឹកនោមផ្អែម លើសឈាមទេ ទើបតែមួយរយៈក្រោយនេះ រាជរដ្ឋាភិបាលលោកគិតគូរខ្លាំង ជំរុញ​រហូតមានវគ្គបណ្តុះបណ្តាល​ជំនាញពីជំងឺទឹកនោមផ្អែម លើសឈាម ក្នុងរយៈចុងក្រោយនេះ។ ពីមុន​​មានដែរ​តែគ្រាន់ថា មិនទាន់បានទទួលនូវការបណ្តុះបណ្តាលទូលំទូលាយ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា ការគិត​គូរពី​ការសេវា​ព្យាបាល​​ជំងឺមិនឆ្លងនេះ គឺជារឿងសំខាន់ ព្រោះជាបញ្ហាដែលកម្ពុជាកំពុងប្រឈម ប៉ុន្តែបើគិតតែរឿងសេវា​​ព្យាបាល ដោយមិនមានវិធានការបង្ការទេ នោះនឹង​មិនមានប្រសិទ្ធភាពឡើយ។

លោកថ្លែងថា៖ «សម្តេចនាយករដ្ឋមន្ត្រី​លោកជំរុញបែបនេះ ជារឿងត្រឹមត្រូវ តែត្រូវគិតដល់កា​រ​ប្រយុទ្ធប្រឆាំង​ផង​ដែរ ធ្វើយ៉ាងណាកាត់បន្ថយ​គ្រោះថ្នាក់ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹង ការប្រើប្រាស់ភេសជ្ជៈផ្អែមខ្លាំង ដែលអង្គការសុខភាពពិភព លោកថាមាន​ផលប៉ះពាល់ខ្លាំងចំនួនច្រើនទៅលើ​ជំងឺទឹកនោមផ្អែម លើសឈាមនេះ ប្រសិនបើយើងគិតតែព្យាបាល តែយើងអត់បង្ការទេ គឺយុទ្ធសាស្រ្តមិនជោគជ័យទេ»។

លោកបន្ថែម​ថា ក្រសួងសុខាភិបាល គួរតែពិនិត្យបន្ថែមចំពោះការផ្តល់ថ្នាំ​ទៅដល់គ្រប់មណ្ឌលសុខភាពឱ្យបានគ្រប់គ្រាន់៕