អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់អាជីវករ និងម្ចាស់ទីតាំងលក់ និងយានដ្ឋានដែលកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងយានយន្តខុសលក្ខណៈបច្ចេកទេស ត្រូវបញ្ឈប់សកម្មភាពលក់ឬកែច្នៃជាបន្ទាន់ បើពុំនោះទេនឹងប្រឈមវិធានការផ្លូវច្បាប់។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា កន្លងមក មានយានយន្តមួយចំនួន បានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែលសកម្មភាពនេះ បានបង្កជាសំឡេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ដើម្បីលុបបំបាត់ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អ្នកប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវដោះឧបករណ៍ទាំងនោះចេញ ដោយត្រូវផ្លាស់ប្តូរឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសយានយន្តដូចដើមវិញ។ ចំណែកអាជីវករ ពាណិជ្ជករ និងទីតាំងកែច្នៃ ដែលកំពុងធ្វើអាជីវកម្មប្រភេទនេះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយបើសិននៅបន្តការលក់ និងកែច្នៃទៀតនោះ អាជ្ញាធរ នឹងធ្វើការដកហូតនូវឧបករណ៍ទាំងនោះ និងបិទទីតាំងអាជីវកម្មតែម្តង។
សេចក្តីណែនាំបានគូសបញ្ជាក់ថា៖ «សូមបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងម្ចាស់យានដ្ឋាន និងម្ចាស់ទីតាំងកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ផុតរយៈពេលឱសានវាទនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាននោះទេ។
ការព្រមានរដ្ឋបាលរាជធានីភ្នំពេញនេះ បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ចរាជធានី-ខេត្ត ត្រូវមានវិធានការចំពោះយានយន្តដែលដាក់ស៊ីផ្លេខុសលក្ខណៈបច្ចេកទេស និងទប់ស្កាត់ភាពអនាធិបតេយ្យតាមរយៈការរាំតាមភ្លេងស៊ីផ្លេតាមដងផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ការណែនាំនេះ ដោយសារតែលោកនាយករដ្ឋមន្ត្រី សង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការបង្ហោះតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងកុមារ ធើ្វសកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ។
ករណីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកុមារៗ ត្រូវបញ្ឈប់សកម្មភាពរាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀសវាងគ្រោះថ្នាក់ និងបង្កភាពអនាធិបតេយ្យតាមដងផ្លូវបែបនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រុមហ៊ុនផលិតរថយន្ត ម៉ូតូ និងយាន្តជំនិះផ្សេងៗ គឺមានបំពាក់ឧបករណ៍បច្ចេកទេសគ្រប់គ្រាន់ហើយ ដែលមិនចាំបាច់ត្រូវការបំពាក់បន្ថែមឧបករណ៍ដែលនាំឱ្យខុសលក្ខណ:បច្ចេកទេស និងបង្កការរំខានដល់អ្នកដំណើរ ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានគ្រោះថ្នាក់នោះទេ។
លោកយល់ថា វិធានការរឹតបន្តឹងលើការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសនេះ អាជ្ញាធរគួរអនុវត្តឱ្យបានជាប្រចាំ និងម៉ឹងម៉ាត់។
លោកថា៖ «វិធានការនេះ អាជ្ញារធរគួរអនុវត្តយូរមកហើយ មិនចាំបាច់ដល់ពេលថ្នាក់ដឹកនាំមើលឃើញ និងដាក់បទបញ្ជា ទើបអនុវត្តនោះទេ វិធានការនេះពេលថ្នាក់ដឹកនាំដាក់បញ្ជា អាជ្ញាធរពាក់ព័ន្ធពិតជាអនុវត្ត ប៉ុន្តែការអនុវត្តគួរតែជាប្រចាំ និងអនុវត្តតាមច្បាប់ កុំឱ្យបញ្ហានេះកើតមានមកវិញ»៕