អាជ្ញាធររាជធានីភ្នំពេញ ណែនាំដល់អាជីវករ និងម្ចាស់ទីតាំងលក់ និងយានដ្ឋាន​ដែលកែច្នៃ​ស៊ីផ្លេ និង​បំពង់ស៊ីម៉ាំង​យាន​យន្ត​​ខុសលក្ខណៈបច្ចេកទេស ត្រូវ​បញ្ឈប់​សកម្មភាពលក់ឬកែច្នៃជាបន្ទាន់ បើពុំនោះទេនឹងប្រឈមវិធានការផ្លូវច្បាប់។

សេចក្តីណែនាំរបស់​រដ្ឋបាល​រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បាន​លើកឡើង​ថា កន្លងមក មានយានយន្ត​មួយចំនួន បានកំពុងប្រើប្រាស់​ស៊ីផ្លេ និង​បំពង់​ស៊ី​ម៉ាំងខុស​លក្ខណៈបច្ចេកទេស​ ដែលសកម្មភាពនេះ បានបង្កជាសំឡេងរំខាន​ដល់​សាលា​រៀន មន្ទីរពេទ្យ វត្តអារ៉ាម និង​ធ្វើ​ឱ្យប៉ះពាល់ដល់សណ្តាប់​ធ្នាប់សាធារណៈនៅតាមដងផ្លូវ ក៏ដូចជា​បង្ក​ហានិភ័យដល់​អ្នកធ្វើដំណើរ​ ដែលអាចបណ្តាល​ឱ្យ​មានគ្រោះថ្នាក់ជាយថាហេតុ។

ដើម្បីលុបបំបាត់​ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ បាន​ណែនាំ​ដល់​អ្នកប្រើប្រាស់យាន​យន្ត​កំពុង​បំពាក់​ស៊ីផ្លេ និង​បំពង់ស៊ីម៉ាំង​ដែលបានកែច្នៃខុស​លក្ខណៈបច្ចេកទេស​ ត្រូវ​ដោះឧបករណ៍​​ទាំងនោះចេញ ដោយ​ត្រូវ​ផ្លាស់ប្តូរ​ឱ្យបានត្រឹមត្រូវ​ស្របតាមលក្ខណៈបច្ចេក​ទេស​យាន​យន្ត​​ដូចដើមវិញ។ ចំណែកអាជីវករ​ ពាណិជ្ជករ​ និង​ទីតាំងកែច្នៃ ដែលកំពុងធ្វើអាជីវកម្មប្រភេទនេះ ត្រូវ​បញ្ឈប់សកម្មភាពជាបន្ទាន់ ហើយ​បើសិន​នៅ​បន្ត​ការលក់ និង​កែច្នៃទៀត​នោះ អាជ្ញាធរ នឹងធ្វើការ​ដកហូត​នូវឧបករណ៍ទាំងនោះ និង​បិទទីតាំង​អាជីវកម្ម​តែម្តង។​

សេចក្តីណែនាំបានគូសបញ្ជាក់ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋដែល​បាននិងកំពុងប្រើប្រាស់​ អាជីវករ ពាណិជ្ជ​ករ និងម្ចាស់​យានដ្ឋាន និងម្ចាស់ទីតាំង​កែច្នៃ​នូវ​ឧបករណ៍​ខុស​លក្ខណៈបច្ចេក​ទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះ​ជាបន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ផុតរយៈពេលឱសានវាទនេះ អាជ្ញាធរ​មានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ»។

គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយ​បន្ថែម​ជុំវិញករណីនេះ ពី​អ្នកនាំពាក្យ​រដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បាន​នោះទេ​។

ការព្រមានរដ្ឋបាលរាជធានីភ្នំពេញ​នេះ បាន​ធ្វើឡើង​​ក្រោយពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២៤ បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ច​រាជធានី-ខេត្ត ត្រូវមានវិធានការ​ចំពោះយានយន្ត​ដែល​ដាក់ស៊ីផ្លេខុសលក្ខណៈ​បច្ចេកទេស ​និង​ទប់ស្កាត់​ភាពអនាធិបតេយ្យតាមរយៈការរាំតាមភ្លេងស៊ីផ្លេ​តាមដងផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់​ដល់​អាយុជីវិត។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ការណែនាំនេះ ដោយសារតែលោកនាយករដ្ឋមន្ត្រី សង្កេត​ឃើញថា ក្នុងរយៈពេលថ្មីៗ​នេះ មាន​ការបង្ហោះតាមបណ្តាញ​សង្គម​មួយចំនួន ពាក់ព័ន្ធនឹងសកម្មភាពរបស់ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ និង​​កុមារ ធើ្វ​សកម្មភាពរាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេង​របស់រថយន្តធំៗ។

ករណីនេះ លោក​បាន​​អំពាវនាវ​ដល់ប្រជាពលរដ្ឋ ជាពិសេសកុមារ​​ៗ ត្រូវ​បញ្ឈប់​សកម្មភាព​រាំលេងតាមដងផ្លូវតាមចង្វាក់ស៊ីផ្លេភ្លេងរបស់រថយន្តធំៗ ជៀស​វាងគ្រោះថ្នាក់ និង​បង្កភាពអនា​ធិប​តេយ្យតាមដងផ្លូវបែបនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា​ ក្រុម​ហ៊ុន​​​ផលិត​​រថយន្ត ម៉ូតូ និងយាន្តជំនិះ​ផ្សេងៗ គឺមាន​បំពាក់​ឧបករណ៍បច្ចេក​ទេស​គ្រប់​គ្រាន់​ហើយ ដែល​មិនចាំបាច់ត្រូវ​ការ​​បំពាក់បន្ថែមឧបករណ៍​ដែលនាំឱ្យខុសលក្ខណ:បច្ចេក​ទេស និង​បង្កការ​​រំខានដល់អ្នកដំណើរ ប្រជាពលរដ្ឋ និងអាចបង្កឱ្យមានគ្រោះថ្នាក់​នោះទេ។

លោកយល់ថា វិធានការរឹតបន្តឹងលើការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសនេះ អាជ្ញាធរ​គួរអនុវត្ត​ឱ្យបានជាប្រចាំ និងម៉ឹងម៉ាត់។

លោកថា៖ «វិធានការនេះ អាជ្ញារធរគួរអនុវត្តយូរមកហើយ មិនចាំបាច់ដល់ពេល​ថ្នាក់ដឹកនាំ​មើល​ឃើញ និង​ដាក់​បទបញ្ជា ទើ​ប​អនុវត្តនោះទេ វិធានការនេះ​ពេលថ្នាក់ដឹកនាំដាក់បញ្ជា អាជ្ញាធរពាក់ព័ន្ធពិតជាអនុវត្ត ប៉ុន្តែការអនុវត្តគួរតែជាប្រចាំ និងអនុវត្តតាមច្បាប់ កុំឱ្យបញ្ហានេះកើតមានមកវិញ»៕