ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃមួយរូប ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទចោទ «ឆបោក» ។
កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនមន្ត្រីពាក់ផ្កាយ២ម្នាក់ ឈ្មោះ អេង សាវឿន ជាអនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ថ្ងៃទី២២ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍នៅថ្ងៃទី១៩ ខែមីនាថា ក្រោយការចាប់ខ្លួន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួន លោក អេង សាវឿន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយករណីនេះចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគាររួចរាល់ហើយ។
លោកមានប្រសាសន៍ថា៖ «ចាប់ខ្លួនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ចាប់នៅតាមផ្លូវ […] តុលាការសម្រេចឃុំខ្លួនហើយ»។
ចំណែក អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បានបញ្ជាក់ថា សំណុំរឿងនេះ បានបញ្ជូនទៅចៅក្រមរួចរាល់ហើយ ហើយចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួន លោក អេង សាវឿន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៨ ខែមីនា ក្រោយពីសាកសួរចប់។
បើតាមប្រភពពីសារព័ត៌មាននានា លោក អេង សាវឿន អាយុ ៥៤ឆ្នាំ ដែលជាមន្ត្រីពាក់ផ្កាយ២រូបនេះ បានរងបណ្តឹង ពាក់ព័ន្ធនឹងករណីទទួលយកប្រាក់អ្នកដទៃជាង ៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅរត់ការចូលក្របខណ្ឌនគរបាលជាតិ តែរត់ការមិនបានសម្រេច ហើយលោកបែរជាយកប្រាក់របស់ជនរងគ្រោះនោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ និងការឃុំខ្លួនលោកឧត្តមសេនីយ៍ទោរូបនេះ គឺជាការអនុវត្តច្បាប់ និងជាគំរូដូចដែលក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តចាត់វិធានការលើមន្រ្តីកងកម្លាំងនគរបាលដែលប្រើប្រាស់សារធាតុញៀន ប្រព្រឹត្តអំពើពុករលួយ ប្រព្រឹត្តខុសច្បាប់ និងមិនគោរពវិន័យ។
លោកថា ចំណាត់ការតាមផ្លូវច្បាប់ទៅលើមន្ត្រីដែលប្រព្រឹត្តខុសនេះ ត្រូវបន្តអនុវត្តឱ្យបានម៉ឹងម៉ាត់បន្ថែមទៀត ដើម្បីប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ក្នុងសង្គម។ លោកថ្លែងថា៖ «ចំណាត់ការនេះ ជារឿងល្អ និងជាគំរូមួយ យើងជាសង្គមស៊ីវិលដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងជំរុញការអនុវត្តច្បាប់សូមលើកទឹកចិត្តនូវវិធានការនេះបន្តទៀត ដែលធ្វើឡើងដោយ តម្លាភាព និងយុត្តិធម៌ មន្រ្តីណាដែលធ្វើខុសត្រូវប្រឈមមុខចំពោះច្បាប់ ដូចប្រជាពលរដ្ឋដែរ ជាពិសេសត្រូវធ្វើជាគំរូសម្រាប់ពលរដ្ឋ»៕