ចៅក្រមស៊ើបសួរនៃ​សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​​ឃុំខ្លួន​អនុប្រធាន​នាយកដ្ឋាន​​ពន្លត់​អគ្គិភ័យនៃក្រសួងមហាផ្ទៃមួយ​រូប ដាក់ពន្ធនាគារ​ PJ ជាបណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​បទ​ចោទ​ «ឆបោក» ​។

កាលពីរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បាន​ចាប់ឃាត់ខ្លួន​មន្ត្រីពាក់ផ្កាយ២ម្នាក់​ ឈ្មោះ អេង សាវឿន ជាអនុប្រធាន​នាយកដ្ឋាន​ពន្លត់អគ្គិភ័យ​នៃក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ថ្ងៃទី២២ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​របស់សាលាដំបូងរាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា មានប្រសាសន៍នៅថ្ងៃទី១៩ ខែមីនាថា ក្រោយការ​ចាប់ខ្លួន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួន លោក អេង សាវឿន ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ ហើយករណីនេះចៅក្រម​ស៊ើបសួរ ​បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ​រួចរាល់ហើយ។

លោកមានប្រសាសន៍ថា៖ «ចាប់ខ្លួនថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ចាប់នៅតាមផ្លូវ […] តុលាការសម្រេចឃុំខ្លួនហើយ»។

ចំណែក អ្នកនាំពាក្យអយ្យការអម​សាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បាន​បញ្ជាក់ថា សំណុំរឿង​នេះ បានបញ្ជូនទៅចៅក្រមរួចរាល់ហើយ ហើយ​ចៅក្រមស៊ើបសួរ បាន​​​សម្រេចឃុំខ្លួន លោក អេង សាវឿន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៨ ខែមីនា ក្រោយ​ពី​​សាកសួរ​ចប់​។

បើតាមប្រភព​​ពីសារព័ត៌មាន​​នានា លោក អេង សាវឿន អាយុ ៥៤ឆ្នាំ ដែលជាមន្ត្រីពាក់ផ្កាយ២រូបនេះ បាន​រងបណ្តឹង ពាក់ព័ន្ធនឹងករណីទទួលយកប្រាក់អ្នកដទៃជាង ៥ម៉ឺនដុល្លារអាមេរិក ដើម្បីយក​ទៅរត់ការចូលក្របខណ្ឌនគរបាលជាតិ តែ​រត់ការមិន​បាន​សម្រេច ហើយលោកបែរជាយកប្រាក់របស់ជនរងគ្រោះនោះ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា ការ​ចាប់ និង​ការ​ឃុំខ្លួន​លោកឧត្តមសេនីយ៍​ទោរូប​នេះ គឺជាការអនុវត្តច្បាប់ និងជាគំរូដូចដែលក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តចាត់វិធានការលើមន្រ្តីកងកម្លាំងនគរ​បាល​ដែល​ប្រើប្រាស់​សារធាតុញៀន ប្រព្រឹត្តអំពើពុករលួយ ប្រព្រឹត្តខុសច្បាប់ និងមិនគោរពវិន័យ។

លោកថា ចំណាត់ការតាមផ្លូវច្បាប់ទៅលើ​មន្ត្រីដែលប្រព្រឹត្ត​ខុសនេះ ត្រូវបន្តអនុវត្ត​ឱ្យ​បាន​ម៉ឹងម៉ាត់​បន្ថែម​ទៀត ដើម្បីប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ក្នុងសង្គម។ លោក​ថ្លែង​ថា៖ «ចំណាត់ការនេះ ជារឿងល្អ និងជាគំរូមួយ យើង​ជា​សង្គមស៊ីវិល​ដែល​ធ្វើការ​លើវិស័យ​សិទ្ធិមនុស្ស និងជំរុញ​ការអនុវត្តច្បាប់សូមលើកទឹកចិត្តនូវវិធានការនេះបន្តទៀត ដែលធ្វើឡើងដោយ តម្លាភាព និងយុត្តិធម៌ មន្រ្តីណាដែលធ្វើខុសត្រូវប្រឈមមុខចំពោះច្បាប់ ដូចប្រជាពលរដ្ឋដែរ ជាពិសេសត្រូវធ្វើជាគំរូសម្រាប់ពលរដ្ឋ»