ការទុកដាក់សំរាមនៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពប្រសើរជាងមុនដោយសារតាមទីសាធារណៈមួយចំនួនមានធុងសំរាមច្រើន ប៉ុន្តែគេឃើញថាប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួននៅបន្តបោះសំរាមចោលពាសវាលពាសកាលនៅឡើយ ចំណែកការទុកដាក់សំរាមក៏ហាក់នៅមានកម្រិត។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋជាអាជីវករ និងយុវជនចំនួន៦រូប ដែលរស់នៅរាជធានីភ្នំពេញ អំពីការយល់ឃើញរបស់ពួកគាត់លើការទុកដាក់សំរាមនៅរាជធានីភ្នំពេញ៖
កញ្ញា យាង សុខម៉េង មកពីខេត្តត្បូងឃ្មុំ ជានិស្សិតរៀនជំនាញគណនេយ្យ ឆ្នាំទី១ នៅវិទ្យាស្ថានវ៉ាន់ដាលើកឡើងថា នៅរាជធានីភ្នំពេញមានធុងសំរាមច្រើន ប៉ុន្តែធុងសំរាមខ្លះនៅមានសំរាមក្នុងធុងដែលប្រមូលមិនបានអស់ ចំណែកកន្លែងខ្លះទៀតដែលគ្មានការអនុញ្ញាតឱ្យមានការចោលសំរាមនៅទីនោះ តែមានសំរាមចោលរប៉ាត់រប៉ាយ។
កញ្ញាបញ្ជាក់ថា៖ «បើសិនយើងជាយុវជន ពេលធ្វើដំណើរទៅជួប ឬឃើញសំរាមកន្លែងហ្នឹងហើយ ទោះជាយើងមិនបានប្រមូលចេញ ក៏យើងមិនគួរយកសំរាមទៅដាក់ចោលកន្លែងហ្នឹងថែមទៀតដែរ ទោះបីឃើញមានសំរាមនៅហ្នឹងមានច្រើនហើយក្ដី បើសិនគេឃើញយើងនៅតែបន្តចោលសំរាមនៅទីនោះ អ្នកផ្សេងទៀតនឹងបន្តចោលតាមដែរ ដូច្នេះមានន័យថាធ្វើឱ្យបរិស្ថានស្អាតត្រូវមានការចាប់ផ្ដើមពីខ្លួនឯងផ្ទាល់»។
កញ្ញាបន្ថែមថា៖ «សូមឱ្យបងប្អូនឈប់បន្តចោលសំរាមពាសវាលពាសកាល និងត្រូវរក្សាទុកជាប់ខ្លួនរហូតទៅដល់កន្លែងដែលមានធុងសំរាមច្រើនសម្រាប់ចោល គឺមិនមានការខាតបង់អ្វីទេ ហើយណាមួយបើសិនជាបរិស្ថានស្អាតធ្វើឱ្យយើងមានសុខភាពល្អ ទីក្រុងមានការអភិវឌ្ឍ និងមានការទាក់ទាញភ្ញៀវទេសចរមានចំណាប់អារម្មណ៍មកដើរកំសាន្តនៅក្នុងប្រទេសស្អាត ធ្វើឱ្យប្រទេសជាតិរីកសុសសាយ»។
កញ្ញា អ៊ី កែវរស្មី អាយុ១៩ឆ្នាំ មកពីខេត្តកំពត ជានិស្សិតរៀនជំនាញគណិតវិទ្យា ឆ្នាំទី៣ នៅវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា ការទុកដាក់ ឬចោលសំរាមនៅរាជធានីភ្នំពេញ មានការរៀបចំ និងទុកដាក់បានល្អដោយកន្លែង។
កញ្ញាបញ្ជាក់ថា៖ «ដើម្បីមានបរិស្ថានល្អប្រសើរគឺអាស្រ័យលើយើងត្រូវចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់សំរាម។ ព្រោះធម្មតាក្នុងទីក្រុងភ្នំពេញយើងគឺមានក្រុមហ៊ុនខាងការប្រមូលសំរាម ដូច្នេះហើយមានការរៀបចំកន្លែងចោលសំរាមនីមួយៗ និងចង់ឱ្យពួកគាត់ដែលចោលសំរាមក្នុងទីកន្លែងពាសវាលពាសកាល ឬក្នុងលូទឹក ត្រូវមានការប្រមូលសំរាមដាក់ទុកក្នុងធុងដែលគេតម្រូវឱ្យចោលបាននោះវិញដូចជានៅមុខផ្ទះនីមួយៗគឺមានកន្លែងទុកដាក់សំរាមសម្រាប់ទុកឱ្យខាងអ្នកប្រមូលសំរាមមកធ្វើការប្រមូល បើតាមមើលឃើញពេលខ្លះ២ថ្ងៃ ឬ៣ថ្ងៃមកប្រមូលម្ដង»។
ព្រះតេជគុណ អួន សូនី អាយុ២៤ឆ្នាំ មកពីខេត្តកំពត ជានិស្សិតរៀនជំនាញអក្សរសាស្ត្រខ្មែរ ឆ្នាំទី១ នៅវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា សំរាមតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ មានការរៀបចំទុកដាក់បានល្អ ខណៈប្រជាពលរដ្ឋភាគច្រើនយកចិត្តទុកដាក់ចោលសំរាមក្នុងធុងសំរាមមានសណ្ដាប់ធ្នាប់ត្រឹមត្រូវ។
ព្រះតេជគុណបន្ថែមថា៖ «សម្រាប់និយមន័យរួមប្រពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ គឺយើងត្រូវធ្វើយ៉ាងណាទម្លាប់ខ្លួនឱ្យជាមនុស្សដែលស្រលាញ់សំរាម មានន័យថា ពេលឃើញសំរាមគឺយើងចង់កាន់វាយកទៅដាក់នៅក្នុងធុងសំរាម ដើម្បីឱ្យរាជធានីភ្នំពេញរបស់យើងមានសោភ័ណភាពល្អ ហើយជាពិសេសសម្រាប់ទាក់ទាញ និងបង្ហាញភ្ញៀវបរទេសឱ្យគាត់បានឃើញពីទិដ្ឋភាពថា ប្រជាជនខ្មែរគឺមានរបៀបរបប និងមានវិន័យត្រឹមត្រូវ គឺពេលឃើញសំរាមអីគឺពួកគាត់ចង់ប្រមូលចោលក្នុងធុងសំរាម»។
អ្នកនាង វ៉េង ស្រីមាស អាយុ៣៣ឆ្នាំ ជាអ្នកលក់ភេសជ្ជៈតាមដងផ្លូវនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីលើកឡើងថា ការទុកដាក់សំរាមនៅរាជធានីភ្នំពេញនៅមានការខ្វះចន្លោះ ដោយសារការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ។
អ្នកនាង វ៉េង ស្រីមាស បានបន្ថែមថា៖ «ការផ្សព្វផ្សាយជូនដំណឹងក្នុងការទុកដាក់សំរាមជូនដល់ប្រជាពលរដ្ឋ ច្រើន តែបងប្អូនប្រជាពលរដ្ឋភាគច្រើនមិនមានចំណាប់អារម្មណ៍តាមដានស្ដាប់ មើលពីរបៀបរបបល្អៗក្នុងការទុកដាក់សំរាម ដូច្នេះហើយសូមសំណូមពរឱ្យប្រជាពលរដ្ឋយកចិត្តដាក់មើល និងធ្វើតាមសកម្មភាពល្អៗ ព្រោះបើមិនទុកដាក់ឱ្យបានត្រឹមត្រូវទេនោះ សំរាមជះផលប៉ះពាល់មកយើងវិញ»។
អ្នកនាង អ៊ាម ស្រីតូច អាយុ៣៣ឆ្នាំ ជាអាជីវករលក់បន្លែនៅផ្សារសិនជូរីផ្លាហ្សាលើកឡើងថា ការទុកដាក់សំរាមនៅរាជធានីភ្នំពេញ មានភាពល្អប្រសើរដោយកន្លែង។ អ្នកនាងបន្ថែមថា៖
អ្នកនាង អ៊ាម ស្រីតូច បានបន្ថែមថា៖ «ចង់បានបរិស្ថាន និងទីលំនៅយើងស្អាតគឺមានការចាប់ផ្ដើមពីយើងត្រូវមានការទុកដាក់សំរាមដោយមានការវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ព្រោះសំរាមមានក្លិនមិនល្អដល់បរិស្ថាន ធ្វើខូចសុខភាពផងដែរ»។
អ្នកស្រី យ៉ែម សុផា អាយុ៤៤ឆ្នាំ ជាអ្នកប្រកបមុខរបរលក់ត្រី នៅផ្សារសិនជូរីផ្លាហ្សា លើកឡើងថា ការទុកដាក់ ឬចោលសំរាមនៅរាជធានីភ្នំពេញគឺកន្លែងខ្លះមានសណ្ដាប់ធ្នាប់ក្នុងការទុកដាក់សំរាមដោយមានការវេចខ្ចប់ក្នុងថង់ និងយកទៅចោលក្នុងធុងសំរាម និងកន្លែងខ្លះទៀតមានការចោលពាសវាលពាសកាល ដោយគ្មានសណ្ដាប់ធ្នាប់។
អ្នកស្រីបន្ថែមថា៖ «ចំពោះកន្លែងដែលមានការចោលសំរាមពាសវាលពាសកាលគ្មានសណ្ដាប់ធ្នាប់ សូមឱ្យបងប្អូនជាពិសេសអាជីវករលក់ដូរទាំងអស់ជួយប្រមូលដោយមានការវេចខ្ចប់ដាក់ក្នុងថង់ចោលក្នុងធុងសំរាម កុំមានការពង្រាយក្នុងទីធ្លាសាធារណៈ ព្រោះសំរាមប៉ះពាល់ដល់បរិស្ថាន និងបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព»៕