ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម​ដូចជា Facebook,Tik Tok, Instagram, Whatsapp,Telegram និងកម្មវិធីជាច្រើនទៀត កំពុងមានការពេញនិយមចំពោះមនុស្សគ្រប់វ័យ ជាពិសេសកុមារក្រោយអាយុ១៨ឆ្នាំដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា។ បណ្តាញទំនាក់ទំនងសង្គម​ត្រូវបានទទួល​ស្គាល់​ថា​មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ។

Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋចំនួន​៦នាក់ ជុំវិញការ​យល់ឃើញ​​របស់ពួក​គេ​ទាក់ទង​នឹង​ការប្រើប្រាស់​បណ្ដាញទំនាក់ទំនងសង្គមរបស់កុមារក្រោមអាយុ១៨ឆ្នាំ៖​

លោក​​ ​វឿន ទិវា អាយុ២៥ ជាទាហាន យល់ឃើញថា ការប្រើប្រាស់បណ្ដាញសង្គមរបស់កុមារក្រោមអាយុ១៨ឆ្នាំ ធ្វើឲ្យពួកគេយល់ដឹង តាមទាន់បច្ចេកវិទ្យាសម័យថ្មី ប៉ុន្តែ​អាចធ្វើឱ្យប៉ះពាល់ដល់ការសិក្សា​របស់ពួកគេ​។

​លោកបន្តថា៖​ «ចំពោះផលវិជ្ជមានពួកគាត់ អាចយល់ដឹងច្រើនពីសង្គមជាក់ស្ដែង។ ផលអវិជ្ជមានពួកគាត់ អាចញៀនរបស់អស់នឹង នៅពេលដែលគាត់ញៀនច្រើន​ លេងច្រើន អាចប៉ះពាល់ដល់ការសិក្សារបស់ពួកគាត់»។

លោក​​ ​វឿន ទិវា អាយុ២៥ ជាទាហាន។ (រូបភាព៖ ឈួន ចាន់រស្មី)

លោក លីប សេងហួរ ជានិសិ្សតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើកឡើងថា បច្ចុប្បន្ននេះកុមារមួយចំនួនប្រើជំនាញរបស់ពួកគេ បង្កើតជាជំនួញ (លក់អនឡាញ) ស្របពេលដែលកុមារមួយចំនួនទៀតបង្កើតមាតិកាមិនសមរម្យ ។

លោកបន្តថា៖​ ​« គាត់អាចបង្កើតជា Page(ទំព័រលើបណ្តាញសង្គម)គាត់បង្កើតBusiness(ជំនួញ)ខ្លួនឯងក្មេងខ្លះគាត់ឆ្លាតគាត់ចំណាប់ខាងរកស៊ីប្រើពួកនឹងទៅល្អទម្រាំពួកគាត់ចូលសាកលទៀត​ ការវិវឌ្ឍន៍របស់ពួកគាត់កាន់តែល្អ»។

លោក លីប សេងហួរ និសិ្សតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ (រូបភាព៖ ឈួន ចាន់រស្មិ)

លោកបន្ថែមថា៖​ «​ក្មេងខ្លះទៀតគាត់ប្រើក្រោមរូបភាពមិនត្រឹមត្រូវ ឬ ​​Post (ផ្សព្វផ្សាយ) ប្រភេទរូបភាពមិនល្អ​ធ្វើសកម្មភាពឆ្គាំឆ្គង វាមិនល្អដល់សង្គម​ ​[…] មើលទៅមិនល្អសម្រាប់គាត់ នៅក្មេងថតរូបសិចស៊ីបង្ហាញលើ Social media(បណ្ដាញសង្គម)ដែលធ្វើឲ្យអាប់ឱនដល់មុខមាត់គាត់ ក៏ដូចជាប៉ាម៉ាក់គាត់»។

កញ្ញា ស៊ឹម ផាត់ទីយ៉ា ជាបុគ្គលិកសង្គមកិច្ច ក្នុងអង្គការមិនមែន​រដ្ឋាភិបាល យល់​ឃើញថា សព្វថ្ងៃនេះឪពុកម្ដាយមួយចំនួនធំមានលទ្ធភាពឲ្យកូនប្រើប្រាស់ទូរស័ព្ទទំនើប ធ្វើឲ្យ​កុមារងាយស្រួលក្នុងការប្រើបណ្ដាញទំនាក់​ទំនង​សង្គម ទង្វើទាំងនេះប្រៀបដូចអាវុធមុខពីរចំពោះកុមារស្ថិតក្នុងវ័យសិក្សា។

កញ្ញាបន្តថា៖​ «ឧទាហរណ៍ពាក់ព័ន្ធជាមួយកម្មវិធី Tik Tok (ទិកតុក) មួយចុះ ជាកម្មវិធីដែលយើង Post (ផ្សព្វផ្សាយ) រូប​ ឬវីដេអូ ហើយវាទាក់ទង​ការ Post (ផ្សព្វផ្សាយ) វីដេអូរាំ អ្វី​ដែល​អត់​ល្អ​ចំពោះ​ក្មេង អ៊ីចឹងទៅនឹងធ្វើឲ្យប៉ះពាល់ការគិតរបស់ក្មេងហើយជះឥទ្ធិពលដល់ពួកគាត់​​ ឲ្យគាត់ធ្វើតាមរឿងអស់នឹង​ដែរ គាត់វក់លេងវាច្រើន លែងចង់រៀន ​ហើយរបៀបរៀបចំខ្លួនរបស់ពួកគាត់មើលទៅខុសពីក្មេងដទៃ»។

កញ្ញា ស៊ឹម ផាត់ទីយ៉ា ជាបុគ្គលិកសង្គមកិច្ច ក្នុងអង្គការមិនមែន​រដ្ឋាភិបាល។ (រូបភាព៖ ផ្តល់ដោយ ស៊ឹម ផាត់ទីយ៉ា)

កញ្ញាបន្ថែមថា៖​ «ទន្ទឹមនឹងនោះក៏មានផលវិជ្ជមានដែរ បើសិនជាក្មេងក្នុងវ័យនឹងគាត់អាចប្រើជាប្រយោជន៍មើល Youtube (យូធូប) មើលមេរៀន»។

កញ្ញា កែវ សុធា ជានិស្សិតនៅវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថាមានផលប៉ះពាល់ខ្លាំងប្រសិនបើកុមារធ្វើត្រាប់តាមមាតិកាមិនសមរម្យ ដែលផ្សព្វផ្សាយលើបណ្តាយសង្គម ស្របគ្នានេះធ្វើឲ្យកុមារស្គាល់ពីសង្គមខាងក្រៅកាន់តែច្បាស់។

កញ្ញាសំណូមពរថា៖ ​​«អ្នកម្តាយ ឬលោកឪពុកគ្រប់រូប ពេលទំនេរនាំកូនដើរលេងកម្សាន្តកុំឲ្យគាត់ [កុមារ] លេង​ទូរសព្ទច្រើន»។

កញ្ញា កែវ សុធា ជានិស្សិតនៅវិទ្យាស្ថានវ៉ាន់ដា។ (រូបភាព៖ ឈួន ចាន់រស្មី)

កញ្ញា ប៉ិច​​ សៀមលី​​​ ជាបុគ្គលិកធនាគារ យល់ឃើញថាកុមារចំណាយពេលលើបណ្តាញសង្គមច្រើនខ្លាំងពេក​ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់កុមារជាមួយក្រុមគ្រួសារ។

កញ្ញាបន្តថា៖​​ ​​«ផលប៉ះពាល់ទី១គឺជះឥទ្ធិពលខ្លាំងលើContent(មាតិកា)មិនសូវសរម្យធ្វើឲ្យគាត់យកគំរូតាម ទី២គឺប៉ះពាល់លើការសិក្សារបស់ពួកគាត់ព្រោះវ័យនឹង ជាវ័យដែលកំពុងក្រេបយកចំណេះវិជ្ជា​»​។

កញ្ញា ប៉ិច​​ សៀមលី​​​ ជាបុគ្គលិកធនាគារ។ (រូបភាព៖ ឈួន ចាន់រស្មី)

កញ្ញាបន្ថែមថា៖ ​«ប្រសិនបើគាត់ប្រើលើផ្លូវត្រូវគឺគាត់ទទួលបានចំណេះដឹងច្រើន គាត់ទទួលបាន Video(វីដេអូ)ល្អគាត់យកគំរូតាម​​​​»។ 

លោក កែវ សំណាង ជានិស្សិតសាកលវិទ្យាល័យវេស្ទើន លើកឡើងថាមានផលល្អបើកុមារប្រើបណ្តាញ​ទំនាក់ទំនងសង្គមជាប្រយោជន៍សម្រាប់ស្រាវជ្រាវឯកសារមេរៀន។

លោក កែវ សំណាង ជានិស្សិតសាកលវិទ្យាល័យវេស្ទើន។ (រូបភាព៖ ឈួន ចាន់រស្មី)

លោកបន្តថា៖​ ​«គុណវិបត្តិធ្វើឲ្យកុមារមួយចំនួនវក់​នឹងការប្រើបណ្តាញសង្គម មិនថាYoutube(យូធូប) ឬកម្មវិធីផ្សេងៗ»៕