ក្រសួងសាធារណការ និងដឹកជញ្ជូន ហាមឃាត់ការបំពាក់ស៊ីផ្លេ និងភ្លើងបំភ្លឺ ឬភ្លើងលម្អផ្សេងៗក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានយន្ត។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានយោងមាត្រា២៨ និង៣០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយបញ្ជាក់ថា ការប្រើប្រាស់ស៊ីផ្លេគឺក្នុងគោលបំណងទប់ស្កាត់អនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
សេចក្តីជូនដំណឹងដដែលបន្ថែមថា៖ «យានយន្តគ្រប់ប្រភេទប្រើប្រាស់ស៊ីផ្លេតែនៅពេលថ្ងៃដើម្បីឱ្យដំណឹងដល់អ្នកប្រើប្រាស់ដទៃទៀត និងជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ នៅពេលយប់ត្រូវជំនួសដោយការស៊ីផ្លេមកហ្វាកូតឆ្លាស់គ្នា សម្រាប់ឱ្យដំណឹងដើម្បីចៀសវាងគ្រោះថ្នាក់ និងសុំជែង។ ត្រូវប្រើរយៈពេលខ្លីក្នុងការស៊ីផ្លេគឺមិនយូរជាងការចាំបាច់ឡើយលើកលែងតែមានការប្រកាសអាសន្ន ហើយសំឡេងស៊ីផ្លេត្រូវកំណត់ពី៩០dB(A) ទៅ១០៥dB(A)។ ចំណែកស៊ីផ្លេខ្យល់ ត្រូវបានហាមឃាត់ដូចជានៅទីក្រុង ទីប្រជុំជន និងមន្ទីពេទ្យ«។
ក្រសួងសាធារណការបន្ថែមថា ការបំពាក់សញ្ញាសូរសព្ទ [សំឡេងរំខាន] ភ្លើងបំភ្លឺ ឬភ្លើងលម្អផ្សេងៗក្រៅពីការកំណត់របស់យានយន្តត្រូវបានហាមឃាត់»។
សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យត្រួតពិនិត្យពីលក្ខណៈបច្ចេកទេសស៊ីផ្លេរថយន្ត ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យតាមដងផ្លូវ និងហានិភ័យសម្រាប់ការធ្វើដំណើរ ក្រោយផ្ទុះសកម្មភាពយុវជន និងកុមាររាំលេងតាមដងផ្លូវទៅតាមចង្វាក់ស៊ីផ្លែបែបភ្លេងរបស់រថយន្តធំៗ៕