អាជ្ញាធរ​ជាតិព្រះវិហារ​ ប្រកាសផ្អាក​ការឡើង​ទស្សនា​ប្រាសាទ​ប្រាង្គ ឬប្រាសាទធំ​​ក្នុង​តំបន់កោះកេរ ​សម្រាប់​​​ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីជួសជុលជណ្តើរឈើចាស់ទ្រុឌទ្រោម​​រយៈពេល​១៧ថ្ងៃ។

យោងតាម​សេចក្តី​ជូនដំណឹង​សី្តពី «​ការផ្អាក​ជា​បណ្តោះ​អាសន្ន​ការឡើង​ទស្សនា​ប្រាសាទប្រាង្គ​នៅក្នុងរមណី​យដ្ឋាន​ប្រាសាទ​កោះកេរ​» ចេញផ្សាយ​នៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា អាជ្ញាធរជាតិ​ព្រះវិហារ​​កំពុងជួសជុល​ជណ្តើរឈើ​ឡើងលើប្រាសាទប្រាង្គ ឬប្រាសាទធំ ដែលមាន​សភាព​ចាស់​ទ្រុឌ​ទ្រោម​ដើម្បីសុវត្ថិភាព​ភ្ញៀវ​ទេសចរមកទស្សនាលើ​ប្រាសាទ​។

សេចក្តីជូនដំណឹងដដែល​​បន្ថែមថា អាជ្ញាធរជាតិ​ព្រះវិហារ នឹងផ្អាកជាបណ្តោះអាសន្នការ​ឡើង​ទស្សនា​ប្រាសាទ​ប្រាង្គ​ ចាប់ពីថ្នាក់​ទី៥​ ដល់ថ្នាក់ទី​៧ ចាប់ពីថ្ងៃទី ២០ មីនា ដល់ថ្ងៃទី​៥​ ខែមេសា ឆ្នាំ​២០២៤ ខាងមុននេះ។

អាជ្ញាធរជាតិ​ព្រះវិហារ​បញ្ជាក់ក្នុង​សេចក្តីជូនដំណឹងនោះថា៖ «ក្រុម​ការងារ​បាន​ជួស​ជុល​ជជណ្តើរ​ថ្នាក់ទី​១ ដល់ថ្នាក់​ទី៤ រួច​រាល់​ ដោយ​ឡែក​ចាប់​​ពី​ថ្នាក់​ទី៥​ ដល់ថ្នាក់​ទី​៧​ ដោយទី​តាំង​មិន​អំណោយ​ផល​សម្រាប់​ការ​រៀប​ចំជណ្តើរ​ចល័ត​សម្រួល​ដល់ការ​ទស្សនា​ជូន​ភ្ញៀវ​​»។

ប្រាសាទប្រាង្គ មានរាងជាពីរ៉ាមីត​៧ជាន់ កម្ពស់៣៥ម៉ែត្រ​ស្ថិត​ក្នុង​ខេត្តព្រះវិហារ។ ប្រាសាទនេះ​​បានចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕​