លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី ទប់ស្កាត់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កំណត់របស់យានយន្តគ្រប់ប្រភេទនៅលើផ្លូវជនបទ និងត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទ ឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពផ្លូវ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ បច្ចុប្បន្ន គឺជាគន្លឹះសម្រាប់ធានានូវចីរភាព និងភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដូច្នេះបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញនូវវិធានការគន្លឹះមួយចំនួនដើម្បីពង្រឹងនៅមូលដ្ឋាន ដោយធ្វើយ៉ាងណាកាត់បន្ថយគម្លាតរវាងក្រុង និងជនបទ។
ចំណែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមូលដ្ឋានវិញ លោកថា ផ្លូវនៅមិនទាន់គ្របដណ្តប់ទៅដោយបេតុង និងកៅស៊ូទាំងអស់នៅឡើយ ដោយសារនៅមានផ្លូវជាច្រើនជាផ្លូវលំដីក្រហមនៅឡើយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់លើការអភិវឌ្ឍ និងពង្រឹងគុណភាពផ្លូវជាដើម។
ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់រថយន្តគ្រប់ប្រភេទដែលដឹកជញ្ជូនលើសទម្ងន់កំណត់ ចរាចរណ៍នៅលើផ្លូវជនបទ ដែលជាផ្នែកមួយនៃអនុសាសន៍ក្នុងការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន។
លោកមានប្រសាសន៍ថា៖ «យើងនឹងបន្តគ្របដណ្ដប់ ប្រែក្លាយពីមុនដែលអត់មានអី គឺជាភ្លឺស្រែ ទៅជាផ្លូវដីក្រហម ថ្ងៃក្រោយមានលទ្ធភាពពីដីក្រហមទៅជាផ្លូវកៅស៊ូ ឬផ្លូវបេតុង ហើយកន្លែងខ្លះនៅផ្លូវជនបទ គាត់អត់សុំផ្លូវកៅស៊ូទេ សុំផ្លូវបេតុងតែម្តង ដោយសារអាហ្នឹងវាធន់ ហើយ[ប្រើប្រាស់បាន]យូរ […] ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទនៅលើផ្លូវជនបទ និងត្រូវសហការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសងខាងផ្លូវជនបទ ឱ្យបានបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ»។
ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំធ្វើវិសោធនកម្ម អនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ក្នុងគោលដៅការពារផ្លូវថ្នល់សម្រាប់សាធារណជនប្រើប្រាស់បានយូរអង្វែង និងធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើងដោយបញ្ចូលបន្ថែមនូវដីចំណីផ្លូវតាមបណ្តោយផ្លូវខេត្ត និងផ្លូវជនបទ ក្នុងគោលដៅរក្សាដីចំណីផ្លូវគ្រប់ប្រភេទសម្រាប់ការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅពេលអនាគត។
លោកថ្លែងបន្តថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ការងារស្ថាបនា ជួលជុស និងកែលម្អផ្លូវជនបទតាមរយៈបច្ចេកវិទ្យាថ្មីៗ ជាពិសេសយកចិត្តទុកដាក់លើការស្ថាបនា និងកែលម្អផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាពនៃការប្រើប្រាស់យូរអង្វែង»។
អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ពិត ករុណា បានលើកឡើងថា បច្ចុប្បន្ន សេដ្ឋកិច្ចនៅកម្ពុជាមានការរីកចម្រើន ដែលធ្វើឱ្យជនមួយចំនួន ឆ្លៀតឱកាសដឹកទំនិញលើសទំងន់កំណត់នៅតាមផ្លូវជនបទ ស្របពេលដែលផ្លូវជាតិមានការរឹតបន្តឹងទៅករណីនេះ។ លោកបន្តថា តាមរយៈអនុសាសន៍របស់នាយករដ្ឋមន្ត្រីនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធររាជធានី-ខេត្ត នឹងពង្រឹងបន្ថែមទៀតនូវការទប់ស្កាត់ការដឹកទំនិញលើសកំណត់ ដើម្បីថែរក្សាផ្លូវជនបទឱ្យប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកថ្លែងថា៖ «មានជនឆ្លៀតឱកាសដឹកលើសទម្ងន់ផ្ទុយពីច្បាប់កំណត់ ធ្វើឱ្យផ្លូវជនបទរបស់យើងរងខូចខាត ដូចជាការដាច់ និងបាក់ស្រុតផ្លូវជាដើម[…] អនុសាសន៍របស់សម្តេចមហាបវរធិបតីនាពេលនោះ គឺចង់ឱ្យផ្លូវជនបទមានភាពធន់ប្រើប្រាស់បានយូរ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ គឺអាចធ្វើឱ្យទឹកជន់លិចលើផ្លូវធ្វើឱ្យផ្លូវឆាប់រងការខូចខាត»។
អភិបាលស្រុកបរកែវ ខេត្តរតនគិរី លោក ហេង ប៊ុននី លើកឡើងថា នៅក្នុងមូលដ្ឋាននៃស្រុកនេះ មិនមានផ្លូវខូច ដោយសារការដឹកជញ្ជូនលើសទំងន់នោះទេ ព្រោះមានការត្រួតពិនិត្យទម្ងន់ត្រឹមត្រូវ។
លោកថា៖ «តាមខ្ញុំមើលទៅ មិនមានការដឹកលើសទម្ងន់ទេ ប្រសិនបើមានខ្ញុំក៏បានណែនាំកងសមត្ថកិច្ចយើងឃ្លាំមើល ត្រួតពិនិត្យតាមដានដើម្បីកុំឱ្យខូចផ្លូវ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា ផ្លូវនៅជនបទភាគច្រើន ឆាប់ខូចបណ្តាលមកពីមានការដឹកជញ្ជូនច្រើនលើសកំណត់ និងមិនមានទីតាំងថ្លឹងទម្ងន់ និងត្រួតពិនិត្យយានយន្តទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ដូចតាមបណ្តាផ្លូវជាតិមួយចំនួន។
លោកថ្លែងថា៖ «ផ្លូវជនបទភាគច្រើន គឺថាការដឹក គឺគ្មាននរណាថ្លឹងអីស្រួលបួលទេ ការដែលដឹកហ្នឹងគឺច្រើនលើសលុប ហើយផ្លូវជនបទ ជួនកាលធ្វើមិនដល់មួយឆ្នាំផងខូចអស់ហើយ ដូច្នេះហើយវាធ្វើឱ្យខាតបង់ការប្រើប្រាស់ធនធាន […] យើងដឹងហើយថាផ្លូវជនបទមិនជាផ្លូវរឹងមាំខ្លាំងជាងផ្លូវជាតិទេ ដូច្នេះវាមានកម្រិតធន់របស់វា អញ្ចឹងបើសិនជាមានការដឹកលើសចំណុះ លើសទម្ងន់ផ្ទុក វានឹងឆាប់ខូចខាតយ៉ាងលឿន យើងឈើញហើយថាផ្លូវជនបទកន្លែងណាស្អាតឆាប់ទៅហើយ ក្រឡិកក្រឡុក ខូចអស់ទៅវិញ ខ្ញុំថាត្រូវតែត្រួតពិនិត្យគុណភាពផ្លូវហ្នឹងដែរ ព្រោះថាគុណភាពរបស់វាមិនបានទៅតាមស្តង់ដារកំណត់»។
លោកជំរុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ត្រូវសហការគ្នា ទប់ស្កាត់កុំឱ្យមានការដឹកទំនិញលើសចំណុះ និងតាមដានការធ្វើផ្លូវតាំងពីដំណើរការដំបូងរហូតដល់បញ្ចប់។ បើតាមច្បាប់ស្តីពីផ្លូវថ្នល់ ដែលកម្ពុជាអនុម័តកាលពីឆ្នាំ២០១៤ គឺប្រភេទផ្លូវថ្នល់ត្រូវបានបែងចែងជា៦ប្រភេទ រួមមាន ផ្លូវល្បឿនលឿន, ផ្លូវជាតិ, ផ្លូវខេត្ត, ផ្លូវជនបទ, ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជន និងផ្លូវផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល។ ផ្លូវជាតិ សំដៅដល់ផ្លូវដែលចរាចរណ៍ច្រើន ពោលគឺផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តនីមួយៗនៅទូទាំងប្រទេស ខណៈផ្លូវខេត្ត សំដៅដល់ផ្លូវដែលមានចរាចរណ៍មធ្យម ដូចជា ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗជាដើម។ ចំណែក ផ្លូវជនបទ គឺសំដៅដល់ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំ សង្កាត់ និងភូមិ ឬជាផ្លូវដែលភ្ជាប់ ពីភូមិ ទៅភូមិ -ផ្លូវក្នុងភូមិ៕