លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី ទប់ស្កាត់សកម្មភាពដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​របស់យានយន្តគ្រប់ប្រភេទនៅ​លើផ្លូវជនបទ និងត្រូវអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទ ឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹក​នៅ​សងខាងផ្លូវ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់ដល់​​គុណភាពផ្លូវ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការ​​​រស់នៅរ​​បស់ប្រជាពលរដ្ឋនៅ​ជនបទ បច្ចុប្បន្ន គឺជាគន្លឹះសម្រាប់ធានានូវចីរភាព​ និង​​ភាព​ធន់​នៃ​ការអភិ​វឌ្ឍ​​សេដ្ឋកិច្ច​ និង​សង្គម ដូច្នេះ​បាន​ជា​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដាក់ចេញ​នូវ​វិធានការគន្លឹះមួយចំនួន​​ដើម្បី​ពង្រឹងនៅ​មូលដ្ឋាន ដោយធ្វើ​យ៉ាង​ណា​កាត់បន្ថយគម្លាត​​រវាងក្រុង និង​ជនបទ។

ចំណែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមូលដ្ឋានវិញ​ លោកថា ផ្លូវ​នៅមិនទាន់គ្របដណ្តប់​ទៅដោយ​បេតុង និងកៅស៊ូទាំងអស់នៅឡើយ ដោយសារនៅមានផ្លូវជាច្រើនជាផ្លូវលំដីក្រហមនៅឡើយ ដែល​ទាម​ទារ​ឱ្យ​មានការ​យកចិត្តទុកដាក់លើការអភិវឌ្ឍ និងពង្រឹងគុណភាពផ្លូវ​ជាដើម។

ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យ​ក្រសួងស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់​រថយន្តគ្រប់ប្រភេទ​ដែលដឹកជញ្ជូនលើសទម្ងន់កំណត់ ចរាចរណ៍នៅ​​លើផ្លូវជនបទ ដែលជាផ្នែកមួយនៃអនុសាសន៍​ក្នុងការអភិវឌ្ឍនៅថ្នាក់​មូលដ្ឋាន។

លោកមានប្រសាសន៍ថា៖ «យើងនឹងបន្តគ្របដណ្ដប់ ប្រែក្លាយពីមុនដែល​អត់មានអី គឺ​ជាភ្លឺស្រែ ទៅជាផ្លូវដីក្រហម ថ្ងៃក្រោយ​មាន​លទ្ធភាព​ពីដីក្រហមទៅជាផ្លូវ​កៅស៊ូ ឬ​ផ្លូវបេតុង ហើយកន្លែងខ្លះនៅផ្លូវជនបទ គាត់អត់​សុំ​ផ្លូវ​កៅស៊ូទេ សុំផ្លូវបេតុងតែម្តង ដោយសារ​អាហ្នឹងវាធន់ ហើយ[ប្រើប្រាស់បាន]យូរ [] ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ឱ្យបាននូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់យានយន្តគ្រប់ប្រភេទនៅលើផ្លូវជនបទ និងត្រូវសហការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសងខាងផ្លូវជនបទ ឱ្យបានបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ ដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ»។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំ​ឱ្យក្រសួងអភិវឌ្ឍន៍​ជនបទ រៀបចំធ្វើវិសោធនកម្ម អនុក្រឹត្យលេខ១៤១ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ក្នុងគោលដៅការពារផ្លូវថ្នល់​សម្រាប់សាធារណជនប្រើប្រាស់បានយូរអង្វែង និងធ្វើ​វិសោធនកម្មអនុក្រឹត្យលេខ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើងដោយបញ្ចូលបន្ថែម​នូវដីចំណីផ្លូវតាមបណ្តោយផ្លូវខេត្ត និងផ្លូវជនបទ ក្នុងគោលដៅរក្សាដីចំណីផ្លូវគ្រប់ប្រភេទសម្រាប់ការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ​នៅពេលអនាគត។

លោកថ្លែងបន្តថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍​ជនបទ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សា​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍​ការងារស្ថាបនា ជួលជុស និងកែលម្អផ្លូវជនបទតាមរយៈបច្ចេកវិទ្យាថ្មីៗ ជាពិសេសយកចិត្តទុក​ដាក់​លើ​ការ​ស្ថាបនា​ និងកែលម្អផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាពនៃការប្រើប្រាស់យូរអង្វែង»។

អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍​ជនបទ លោក ពិត ករុណា បានលើកឡើង​ថា បច្ចុប្បន្ន សេដ្ឋកិច្ចនៅកម្ពុជាមានការរីកចម្រើន ដែល​ធ្វើឱ្យ​ជនមួយចំនួន ឆ្លៀតឱកាស​ដឹកទំនិញលើសទំងន់កំណត់នៅតាម​ផ្លូវ​ជនបទ ស្រប​ពេល​ដែលផ្លូវ​ជាតិ​មានការ​រឹតបន្តឹង​ទៅករណីនេះ។ លោកបន្តថា តាមរយៈអនុសាសន៍របស់នាយករដ្ឋមន្ត្រីនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធររាជធានី-ខេត្ត នឹងពង្រឹងបន្ថែមទៀតនូវការ​ទប់ស្កាត់​ការដឹកទំនិញ​លើសកំណត់​ ដើម្បីថែរក្សាផ្លូវជនបទឱ្យ​ប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍ដល់​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន។​

លោកថ្លែងថា៖ «មានជនឆ្លៀតឱកាសដឹកលើសទម្ងន់​ផ្ទុយពីច្បាប់កំណត់  ធ្វើឱ្យផ្លូវជនបទរបស់យើងរងខូចខាត ដូចជាការដាច់ និងបាក់ស្រុតផ្លូវជាដើម[…] អនុសាសន៍របស់សម្តេចមហាបវរធិបតីនាពេលនោះ គឺចង់ឱ្យផ្លូវជនបទមានភាពធន់ប្រើប្រាស់បានយូរ ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវ គឺអាចធ្វើឱ្យទឹកជន់លិចលើផ្លូវធ្វើ​ឱ្យ​ផ្លូវឆាប់​រងការខូចខាត»។

អភិបាលស្រុកបរកែវ ខេត្តរតនគិរី លោក ហេង ប៊ុននី លើកឡើងថា នៅក្នុងមូលដ្ឋាននៃស្រុកនេះ មិន​មានផ្លូវខូច ដោយសារការដឹកជញ្ជូនលើសទំងន់នោះទេ ព្រោះមានការត្រួតពិនិត្យទម្ងន់​ត្រឹមត្រូវ។

លោក​ថា៖ «តាមខ្ញុំមើលទៅ មិនមានការដឹកលើសទម្ងន់​ទេ ប្រសិនបើមានខ្ញុំក៏បានណែនាំ​កងសមត្ថកិច្ចយើង​ឃ្លាំ​មើល ត្រួត​ពិនិត្យ​តាមដាន​ដើម្បី​កុំ​ឱ្យ​ខូច​ផ្លូវ»។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង យល់ថា ផ្លូវនៅជនបទភាគច្រើន ឆាប់ខូចបណ្តាលមកពីមានការដឹកជញ្ជូនច្រើនលើសកំណត់ និងមិនមានទីតាំង​​ថ្លឹងទម្ងន់ និងត្រួតពិនិត្យយានយន្ត​​ទៅតាមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ដូចតាមបណ្តាផ្លូវជាតិមួយចំនួន​។

លោកថ្លែងថា៖​ «ផ្លូវជនបទភាគច្រើន គឺថាការដឹក​ គឺគ្មាននរណាថ្លឹងអីស្រួលបួលទេ ការដែលដឹកហ្នឹងគឺច្រើនលើសលុប ហើយ​ផ្លូវជន​បទ ជួន​កាល​ធ្វើ​មិន​ដល់​មួយ​ឆ្នាំផងខូចអស់ហើយ ដូច្នេះហើយវាធ្វើឱ្យខាតបង់ការប្រើប្រាស់ធនធាន […] យើងដឹងហើយថាផ្លូវជនបទមិនជាផ្លូវរឹងមាំខ្លាំងជាងផ្លូវជាតិទេ ដូច្នេះវាមានកម្រិត​ធន់រ​បស់​វា អញ្ចឹង​បើសិ​ន​ជា​មាន​ការដឹកលើសចំណុះ លើសទម្ងន់​ផ្ទុក វានឹងឆាប់ខូចខាតយ៉ាងលឿន យើងឈើញហើយថាផ្លូវជនបទកន្លែងណាស្អាតឆាប់ទៅហើយ ក្រឡិក​ក្រឡុក ខូចអស់ទៅវិញ ខ្ញុំថាត្រូវតែត្រួតពិនិត្យគុណភាព​ផ្លូវ​ហ្នឹង​ដែរ ព្រោះថាគុណភាពរបស់វាមិនបានទៅតាមស្តង់ដារកំណត់»។

លោកជំរុញ​ឱ្យអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ ត្រូវសហការគ្នា ទប់ស្កាត់កុំឱ្យមានការដឹកទំនិញ​លើសចំណុះ និងតាមដានការធ្វើផ្លូវ​តាំងពី​ដំណើរការដំបូងរហូតដល់បញ្ចប់។ បើតាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដែលកម្ពុជាអនុម័តកាលពីឆ្នាំ២០១៤ គឺ​ប្រភេទ​ផ្លូវថ្នល់​ត្រូវ​​បាន​បែង​ចែង​ជា​៦​ប្រភេទ រួមមាន ផ្លូវ​ល្បឿន​លឿន,​ ផ្លូវជាតិ, ផ្លូវ​ខេត្ត, ផ្លូវ​ជនបទ, ផ្លូវ​រាជធានី ផ្លូវ​ក្រុង និង​ផ្លូវ​ទីប្រជុំជន​ និង​​​ផ្លូវ​ផ្សេងៗ​​ទៀត​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​។ ផ្លូវជាតិ សំដៅ​ដល់​ផ្លូវ​ដែល​ចរាចរណ៍​ច្រើន ពោលគឺ​ផ្លូវ​ត​ភ្ជាប់​​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ទី​រួម​ខេត្ត​នីមួយៗ​នៅ​ទូទាំងប្រទេស​ ខណៈ​​ផ្លូវ​ខេត្ត សំដៅ​ដល់​ផ្លូវ​ដែលមាន​ចរាចរណ៍​មធ្យម ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ ឆ្ពោះទៅកាន់​ទីរួមស្រុក ខណ្ឌ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅកាន់​តំបន់​សំខាន់ៗជាដើម។ ចំណែក​​ ផ្លូវ​ជនបទ គឺ​សំដៅ​ដល់​ផ្លូវ​ដែល​ភ្ជាប់​ពី​ផ្លូវជាតិ ផ្លូវ​ខេត្ត ឆ្ពោះទៅកាន់​ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជន​ឃុំ សង្កាត់ និង​ភូមិ ឬ​ជា​ផ្លូវ​ដែល​ភ្ជាប់ ពី​ភូមិ ទៅ​ភូមិ -​ផ្លូវ​ក្នុងភូមិ​៕