ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននូវជនត្រូវចោទចំនួន ២នាក់បន្ថែមទៀត ដែលជាសមាជិករបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ពីបទ ឆបោក និងសម្អាតប្រាក់។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ២នាក់ រួមមាន ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ ៣២ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងបទ «សម្អាតប្រាក់» តាមមាត្រា៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញវត្ថុភេរវកម្ម។
ប្រភពដដែលបន្តថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់រួច ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ២រូប ជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប លោកស្រី សាត ធីតា មានប្រសាសន៍ថា ក្នុងសំណុំរឿងនេះ ក្រៅពីអតីតឧកញ៉ា ឡេង ចាន់ណា និងសមាជិកដែលត្រូវបានចាប់ខ្លួនកន្លងមក តុលាការក៏បានទទួលបណ្តឹងពីពលរដ្ឋរងគ្រោះ ដែលប្តឹងសមាជិកដទៃទៀតនៅក្នុងក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ នោះដែរ ហើយតុលាការកំពុងមានចំណាត់ការបន្តបន្ទាប់ទៀត។
លោកស្រីថា៖ «ពាក់ព័ន្ធនឹងបណ្តឹង [ទៅលើសមាជិកដទៃ] យើងបានទទួលហើយ តែចំណាត់ការបន្តលើអ្នកណាទៀត ខ្ញុំអត់ទាន់អាចឆ្លើយជូនបានទេ»។
លោកស្រីបន្តថា ចំពោះដំណោះស្រាយឱ្យប្រជាពលរដ្ឋយ៉ាងណានោះ ចៅក្រមស៊ើបសួរកំពុងធ្វើការ និងស៊ើបអង្កេត។
លោក នួន នឿត ដែលអះអាងថាជាជនរងគ្រោះ ដោយសារការចាញ់បោកការវិនិយោគរបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី បង្ហាញក្តីសង្ឃឹមថា សំណុំរឿងនេះ នឹងឆាប់ទទួលបានដំណោះស្រាយ ខណៈតុលាការ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងចាត់វិធានការជាបន្តបន្ទាប់ទៅលើអ្នកពាក់ព័ន្ធនឹងករណីឆបោកនេះ។
យ៉ាងណាក៏ដោយ លោកនៅតែទទូចដល់តុលាការបន្តចំណាត់ការឃាត់ខ្លួនអ្នកពាក់ព័ន្ធទាំងអស់ដែលលោកអះអាងថាមានចំនួនសរុប ២៥នាក់ មកសួរចម្លើយរកប្រភពទ្រព្យសម្បត្តិដែលបោកប្រាស់ពីប្រជាពលរដ្ឋ ដើម្បីយកមកលក់សងឱ្យពួកគាត់វិញ។
លោក នួន នឿត និយាយថា៖ «ប៉ុន្តែខ្ញុំចង់ឱ្យចាប់ទាំងមេ ២៥[នាក់] ទាំងអស់ហ្នឹងឃុំ ឃាត់ខ្លួនទុកសិនដើម្បីសួរនាំតើទ្រព្យសម្បត្តិ ឡេង ចាន់ណា [អគ្គនាយិកាក្រុមហ៊ុន]ហ្នឹងនៅកន្លែងណាខ្លះៗ […] តើគេមានទ្រព្យសម្បត្តិអីខ្លះដែលយើងអាចរំលោះខ្លះអ៊ីចឹង បើឱ្យទុកនៅក្រៅឃុំ វាអត់បានប្រយោជន៍[ព្រោះគ្មានដំណោះស្រាយ]»។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿងនេះដែរ នាយិកាក្រុមហ៊ុនប្រ៊ីលាន ស៊ីធី វើលដ៏ ឯ.ក អ្នកស្រី ឡេង ចាន់ណា ដែលជាអតីតឧកញ៉ាដែរនោះ រួមនិងអគ្គនាយករង ២នាក់ទៀត គឺលោក ចាន់ ឃីន និងលោក ផុន សាមាន ក៏ត្រូវបានសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស បទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ និងបទសម្អាតប្រាក់ កាលពីថ្ងៃទី១៣ ខែមីនា ផងដែរ ដោយបច្ចុប្បន្ន ជនត្រូវចោទទាំង ៣រូប កំពុងជាប់ឃុំនៅពន្ធនាគារខេត្តជាបណ្តោះអាសន្ន ដើម្បីឱ្យចៅក្រមបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕