ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេច​ឃុំខ្លួនជាបណ្តោះអាសន្ន​នូវ​​ជន​ត្រូវ​ចោទ​ចំនួន ​២នាក់បន្ថែម​​ទៀត ដែល​ជាស​មាជិក​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ពីបទ ឆបោក និង​សម្អាតប្រាក់​។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ​​សាលា​ដំបូងខេត្ត​សៀមរាប ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យ​នាំខ្លួន​​​ជនត្រូវចោទចំនួន​ ២នាក់ រួម​មាន ឈ្មោះ​ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ ៣២ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ដើម្បីសួរចម្លើយពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និង​បទ «សម្អាតប្រាក់» តាមមាត្រា​៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញវត្ថុភេរវកម្ម។

ប្រភពដដែលបន្តថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង​ក្នុងសំណុំរឿង​ ព្រមទាំងពិចារណា​អង្គហេតុ​ និងអង្គច្បាប់រួច ចៅក្រមស៊ើបសួរ​បានសម្រេចឃុំខ្លួន​ជនត្រូវចោទ​ទាំង ២រូប ជាបណ្តោះអាសន្ននៅពន្ធនាគារ​ខេត្តសៀមរាប ដើម្បីបន្តការ​ស៊ើបសួរ​តាមនីតិ​វិធី​ច្បាប់។

ព្រះរាជអាជ្ញារងអមសាលា​ដំបូង​​ខេត្តសៀមរាប លោកស្រី សាត ធីតា មានប្រសាសន៍ថា ក្នុងសំណុំរឿងនេះ ក្រៅពីអតីត​​ឧកញ៉ា ឡេង ចាន់ណា និង​សមាជិកដែលត្រូវបានចាប់ខ្លួន​កន្លងមក តុលាការក៏បានទទួលបណ្តឹងពីពលរដ្ឋរងគ្រោះ ដែលប្តឹង​សមាជិកដទៃទៀតនៅក្នុងក្រុមហ៊ុន​ ប្រ៊ីលាន ស៊ីធី វើលដ៍ នោះ​ដែរ ហើយ​តុលាការ​កំពុងមានចំណាត់ការបន្តបន្ទាប់ទៀត។

លោកស្រីថា៖ «ពាក់​ព័ន្ធ​នឹង​បណ្តឹង [ទៅលើសមាជិកដទៃ] យើងបានទទួលហើយ តែចំណាត់ការបន្តលើអ្នកណាទៀត ខ្ញុំអត់ទាន់អាចឆ្លើយជូនបានទេ» 

លោកស្រី​បន្ត​ថា ចំពោះ​ដំណោះ​ស្រាយ​ឱ្យ​​ប្រជាពលរដ្ឋយ៉ាងណានោះ ចៅក្រមស៊ើបសួរកំពុងធ្វើការ និង​ស៊ើប​អង្កេត។

លោក នួន នឿត ដែល​អះអាងថាជាជន​រងគ្រោះ ដោយសារ​ការចាញ់បោកការវិនិយោគរបស់ក្រុមហ៊ុន ប៊្រីលាន ស៊ីធី បង្ហាញ​ក្តីសង្ឃឹមថា សំណុំរឿងនេះ នឹង​ឆាប់​ទទួល​​បា​​ន​ដំណោះស្រាយ ខណៈ​តុលាការ និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងចាត់វិធានការ​ជាបន្តបន្ទាប់ទៅលើ​អ្នកពាក់ព័ន្ធនឹងករណីឆបោកនេះ។​​

យ៉ាងណា​ក៏​ដោយ លោកនៅតែទទូចដល់​តុលាការបន្តចំណាត់ការ​​ឃាត់ខ្លួនអ្នកពាក់ព័ន្ធ​ទាំង​​អស់​ដែល​លោកអះអាងថាមានចំនួន​​សរុប ២៥នាក់ មកសួរចម្លើយរកប្រភពទ្រព្យសម្បត្តិដែលបោក​ប្រាស់​ពីប្រជាពលរដ្ឋ ដើម្បីយកមកលក់សងឱ្យ​​ពួកគាត់វិញ។

លោក នួន នឿត និយាយ​ថា៖ «ប៉ុន្តែខ្ញុំចង់ឱ្យ​​ចាប់ទាំង​មេ​ ២៥[នាក់] ទាំង​អស់​ហ្នឹង​​ឃុំ ឃាត់ខ្លួនទុកសិន​ដើម្បីសួរ​នាំ​តើទ្រព្យសម្បត្តិ ឡេង ចាន់​ណា [អគ្គនាយិកាក្រុមហ៊ុន​]ហ្នឹងនៅកន្លែងណាខ្លះៗ […] តើគេមានទ្រព្យសម្បត្តិអីខ្លះដែលយើងអាចរំលោះ​ខ្លះអ៊ីចឹង បើឱ្យ​ទុកនៅក្រៅឃុំ វាអត់បានប្រយោជន៍[ព្រោះគ្មានដំណោះស្រាយ]»។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿងនេះដែរ​ នាយិកាក្រុមហ៊ុនប្រ៊ីលាន ស៊ីធី វើលដ៏ ឯ.ក អ្នក​ស្រី​ ឡេង ចាន់ណា ដែលជាអតីត​ឧកញ៉ាដែរនោះ រួម​និង​អគ្គនាយករង ២នាក់ទៀត គឺ​លោក ចាន់ ឃីន​ និង​លោក ផុន សាមាន​ ក៏​ត្រូវបាន​សាលាដំបូងខេត្តសៀម​រាប សម្រេច​​​ចោទ​ប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោស បទចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងបទសម្អាតប្រាក់ កាល​ពីថ្ងៃទី១៣ ខែមីនា ផងដែរ ដោយបច្ចុប្បន្ន ជនត្រូវចោទទាំង ៣រូប កំពុងជាប់ឃុំនៅពន្ធនាគារ​ខេត្តជាបណ្តោះអាសន្ន ដើម្បីឱ្យចៅក្រម​បន្ត​ការស៊ើបសួរ​តាមនីតិវិធីច្បាប់៕