ការនាំចូលបន្លែសាច់ពីក្រៅប្រទេស ជាពិសេសពីប្រទេសជិតខាងដូចជាវៀតណាម និងថៃ នៅតែមានចំនួនច្រើន។ ការណ៍នេះ នៅតែជាកង្វល់សម្រាប់កសិករខ្មែរដែលធ្វើកសិកម្មក្នុងស្រុក។
Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋ និងនិស្សិតចំនួន៥នាក់ អំពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងការនាំចូលផលិតផលកសិកម្មក្រៅស្រុក៖
អ្នកស្រី ជា ដាវី មានអាយុ៥២ឆ្នាំ សព្វថ្ងៃរស់នៅសង្កាត់ដេប៉ូ២ ខណ្ខទួលគោក រាជធានីភ្នំពេញប្រកបរបរជាអ្នកបោសសម្អាតនៅកន្លែងឯកជនមួយ និយាយថា ការនាំចូលផលិតផលកសិកម្មពីក្រៅប្រទេស អាចធ្វើឲ្យគាំង ឬងាប់សេដ្ឋកិច្ចក្នុងស្រុក។
អ្នកស្រីបានថ្លែងថា៖ «ការនាំចូលផលិតផលក្រៅស្រុកគឺមិនល្អទេ បើយើងប្រើក្នុងស្រុកល្អជាង រួមដៃគ្នាដាំដុះ លក់ចែកចាយ កែច្នៃរបស់មានស្រាប់ឲ្យសេដ្ឋកិច្ចយើងរស់។ ក្នុងនោះដែរត្រូវមានការគាំទ្រពីរាជរដ្ឋាភិបាល ព្យាយាមរកទីផ្សារ កុំអីតិចតួចក៏នាំចូល។ ក្នុងនាមយើងជាប្រជាពលរដ្ឋក៏ដូចគ្នា ត្រូវចេះជួយទិញកសិករគ្នាឯង ហើយដំណាំដែលដាំខ្លួនឯងគឺវាគ្មានជាតិគីមី មិនត្រឹមតែប៉ុណ្ណោះជួយឱ្យសេដ្ឋកិច្ចរីកចម្រើនផងដែរ។ ប្រើរបស់ក្នុងស្រុកឱ្យអស់លទ្ធភាពសិន បើខ្វះខាតចាំឆក់កណ្តៀតពីប្រទេសជិតខាង»។

កញ្ញា ណៃ សំណាង មានអាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច លើកឡើងថា ការនាំចូលទំនិញកសិកម្មពីក្រៅប្រទេសមានគុណវិបត្តិច្រើន គិតទាំងពន្ធ ហើយមានតែចំណាយគ្មានចំណូលសម្រាប់ប្រជាពលរដ្ឋ។
កញ្ញាបានថ្លែងថា៖ «ការនាំចូលទំនិញកសិកម្មគឺធ្វើឱ្យប្រជាជនបាត់បង់ការងារ ដោយសារប្រទេសយើងប្រជាជនភាគច្រើនជាកសិករ ពួកគាត់ពឹងផ្អែកលើវិស័យកសិកម្មហើយបើនាំចូលវាមានតម្លៃថ្លៃដែលពួកគាត់មិនអាចមានលទ្ធភាពទិញ»។

លោក គឹម ភា អាយុ២៤ឆ្នាំ ជាជនជាតិដើមកួយ បច្ចុប្បន្នសិក្សានៅសាកលវិទ្យាល័យឯកជនមួយក្នុងរាជធានីភ្នំពេញ យល់ថា ការនាំចូលទំនិញកសិកម្មធ្វើឱ្យប្រជាជនបាត់បង់ការងារ និងមិនមានទំនុកចិត្តក្នុងការដាំដុះបន្ត។
លោកបានបន្ថែមថា៖ «ការនាំចូលទំនិញកសិកម្មធ្វើឱ្យកសិករនៅកម្ពុជារងគ្រោះព្រោះតែកសិករកម្ពុជាយើងប្រើជីធម្មជាតិភាគច្រើន ចំណែកដើមទុនក៏ចំណាយក្រែល ដូច្នេះត្រូវលក់ចេញក្នុងតម្លៃសមរម្យប៉ុន្តែបើយើងនាំចូលពីខាងក្រៅគឺច្រើនប្រើជីគីមីដែលមានតម្លៃថោកហើយធ្វើច្រើនដងក្នុងមួយឆ្នាំ លក់ចេញនូវតម្លៃថោកធ្វើឱ្យកសិករនៅកម្ពុជាអាចដួលរលំ ឬក៏បោះបង់ចោលនូវការធ្វើកសិកម្ម ដាំដុះ ដំណាំផ្សេងៗនិងការចិញ្ចឹមសត្វជាដើម»។

អ្នកស្រី អៀង ដានី មានអាយុ២៨ឆ្នាំ ជាបុគ្គលិកក្នុងក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ និយាយថា ទំនិញកសិកម្មមិនថានាំចូល ឬជារបស់ក្នុងស្រុកមានទាំងល្អ និងមិនល្អ។
អ្នកស្រីបន្ថែមថា៖ «ទំនិញដែលនាំចូលគឺគុណភាពល្អ ហើយមានរសជាតិឆ្ងាញ់ និងមានទំនុកចិត្តក្នុងការទទួលទាន មិនដូចទំនិញរបស់ខ្មែរខ្លះនិយាយថាល្អៗតែការពិតប្រើសុទ្ធតែជីគីមី ធ្វើឱ្យគ្មានទំនុកចិត្តចំពោះទំនិញទាំងនោះ»។

អ្នកស្រីបន្តថា៖ «ខ្ញុំទទួលស្គាល់ទំនិញខ្មែរភាគច្រើនល្អមែនបើធ្វើតាមបែបប្រពៃណី តែឥឡូវគឺប្រើសុទ្ធតែគីមី មិនគិតដល់ខ្មែរគ្នាឯង»។
កញ្ញា ហៀល ម៉ាល់ អាយុ២២ឆ្នាំ ជាអ្នកលក់ដូរនៅផ្សារមួយក្នុងរាជធានីភ្នំពេញលើកឡើងថា ប្រទេសកម្ពុជាមានផលិតផលកសិកម្មទាំងអស់នោះស្រាប់ មិនបាច់នាំចូលពីក្រៅប្រទេសនោះទេ។

កញ្ញាបន្ថែមថា៖ «ទំនិញក្នុងស្រុកដាំដុះខ្លួនឯងវាល្អចំពោះសុខភាព ហើយយើងអាចដឹងប្រភពថាមកពីតំបន់ណា មួយទៀតជួយឱ្យកសិករយើងមានការងារធ្វើ ប៉ុន្តែបើរបស់នាំចូលយើងមិនដឹងថាប៉ុន្មានថ្ងៃបានមកដល់ហើយដាក់ថ្នាំគីមីអីខ្លះទេចគ្មានប្រភពច្បាស់លាស់»៕