ក្រសួងធម្មការ និងសាសនាណែនាំគ្រប់វត្តអារាមទាំងអស់មិនឱ្យលេងល្បែងស៊ីសង និងល្បែងផ្សេងៗដែលងាយបង្កគ្រោះថ្នាក់ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងសេចក្ដីណែនាំរបស់ក្រសួងធម្មការស្ដីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចេញនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីខ្មែរខាងមុខនេះ នៅតាមបណ្ដាវត្តអារាមទាំងអស់មិនត្រូវលេងល្បែងណាដែលបង្កឱ្យមានគ្រោះថ្នាក់ គឺត្រូវងាកមកលេងល្បែងប្រជាប្រិយខ្មែរ។
ក្រសួងបន្ថែមថា៖ «គ្រប់វត្តអារាមមិនត្រូវឱ្យមានការលេងល្បែងដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ល្បែងស៊ីសង និងគ្រឿងផ្ទុះជាដើម»។
ក្រសួងបញ្ជាក់ទៀតថា៖ «គ្រប់វត្តអារាមរៀបចំលេងល្បែងប្រជាប្រិយនានាដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្ដើមស្លឹកឈើ […] និងរបាំប្រជាប្រិយខែ្មរដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ហើយរាល់ការលេងល្បែង និងរបាំប្រជាប្រិយឱ្យត្រឹមត្រូវតាមក្បួនខ្នាតលក្ខណៈប្រពៃណីជាតិខ្មែរ និងប្រកបដោយសុវត្ថិភាព»។
ក្រសួងបន្ថែមថា គ្រប់វត្តអារាមមានការសហការរៀបចំតុបតែងសម្អាត និងប្រារព្ធពិធីបុណ្យតាមប្រពៃណីជាតិខ្មែរ និងត្រូវដាក់តាំងព្រះឆាយាលក្ខណ៍ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស ផងដែរ។
ញូសន៍រូមខេមបូឌា (Newsroom Cambodia) មិនអាចទាក់ទងសុំការបន្ថែមពីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានទេ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅឆ្នាំនេះ នឹងប្រារព្ធឡើងរយៈបេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕