ក្រសួងធម្មការ និងសាសនាណែនាំ​គ្រប់​វត្តអារាម​ទាំងអស់​មិ​ន​ឱ្យលេងល្បែងស៊ីសង និង​ល្បែង​​ផ្សេងៗ​ដែល​ងាយបង្កគ្រោះថ្នាក់ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​។​

​ក្នុង​សេចក្ដីណែនាំរបស់ក្រសួង​ធម្មការ​​ស្ដីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចេញ​នៅថ្ងៃទី២០​ ខែ​មីនា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងអំឡុង​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ខ្មែរ​​​ខាងមុខនេះ នៅ​តា​​ម​បណ្ដា​វត្តអារាម​ទាំងអស់​មិនត្រូវ​លេង​ល្បែង​ណាដែ​លប​ង្កឱ្យមានគ្រោះថ្នាក់​  គឺ​ត្រូវ​ងាក​មក​លេង​​ល្បែងប្រជាប្រិយខ្មែរ។

ក្រសួងបន្ថែមថា៖ ​«គ្រប់វត្ត​អារាម​មិនត្រូវ​ឱ្យ​មានការ​លេង​ល្បែង​ដែលអាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដូច​ជា​ បាញ់ទឹក​ ជះ​ទឹក​ ប៉ាត​ម្សៅ​ ល្បែង​ស៊ីសង​ និងគ្រឿង​ផ្ទុះ​ជាដើម​»​។

ក្រសួង​បញ្ជាក់ទៀត​ថា​៖ «គ្រប់វត្តអារាម​រៀបចំ​លេង​ល្បែង​ប្រជា​ប្រិយ​នានា​ដូចជា​ ចោលឈូង បោះ​អង្គញ់​ ទាញ​ព្រ័ត្រ លាក់កន្សែង​ ដណ្ដើមស្លឹកឈើ […] និងរបាំប្រជាប្រិយខែ្មរដូចជា រាំវង់ រាំក្បាច់​ សារ៉ាវ៉ាន់ ឡាំលាវ​ ឆៃយ៉ាំ ត្រុដិ​ជាដើម ហើយរាល់ការលេងល្បែង ​និង​របាំប្រជាប្រិយ​ឱ្យត្រឹមត្រូវ​តាមក្បួនខ្នាត​លក្ខណៈ​ប្រពៃណីជាតិខ្មែរ និង​ប្រកបដោយ​សុវត្ថិភាព»។

ក្រសួង​បន្ថែម​ថា គ្រប់វត្តអារាមមានការសហការរៀបចំតុបតែង​សម្អាត និងប្រារព្ធពិធីបុណ្យ​តាមប្រពៃណីជាតិខ្មែរ និង​ត្រូវដាក់​តាំងព្រះឆាយាលក្ខណ៍ សម្ដេច​ព្រះមហា​សង្ឃ​រាជ ទេព វង្ស ផងដែរ។

ញូសន៍រូមខេមបូឌា (Newsroom Cambodia) ​មិនអាចទាក់ទង​សុំការ​បន្ថែម​ពី​លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ ​និង​សាសនា​បានទេ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ​នៅ​ឆ្នាំ​នេះ នឹង​ប្រារព្ធឡើង​រយៈបេល​បួន​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៤៕