គ្រូបង្រៀន និងសិស្សានុសិស្សប្រមាណ ៣០០នាក់ នៅ​វិទ្យាល័យជាស៊ីមឈូកវ៉ា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានផ្ទុះការ​តវ៉ា រយៈពេល​២ថ្ងៃមកហើយ ដោយ​​ទទូចស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា ដក​នាយក​ និង​នាយក​រង​វិទ្យាល័យ​នេះចេញពីអង្គភាព ដោយលើកមូលហេតុ​ថា ថ្នាក់ដឹកនាំ​ទាំង២រូបនេះ​ តែង​តែ​​គាបសង្កត់​​គ្រូ និងសិស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

អ្នកស្រី អ៊ុត សុផាន ជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ា មានប្រសាសន៍នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤​នេះថា គ្រូបង្រៀន និងសិស្សានុសិស្ស បាននាំគ្នា​​ធ្វើ​កូដកម្ម និងលើកបដា ចាប់តាំងពីថ្ងៃម្សិលមិញ មកដល់​ថ្ងៃសុក្រនេះ ដោយ​ទាមទារ​ឱ្យក្រសួង​អប់រំ ផ្លាស់ប្តូរនាយក​វិទ្យាល័យ ឈ្មោះ ​ប៊ុន មុនី និងនាយក​រង ឈ្មោះ​ យ៉ើ លាង ចេញពីវិទ្យាល័យនេះ ដោយសារ​តែពួកគេ​តែងតែ​ធ្វើសកម្មភាពគាបសង្កត់គ្រូបង្រៀន និង​គ្រប់គ្រងថវិកា​ក្នុងសាលាដោយពុំមានតម្លាភាព ព្រមទាំងប្រើពាក្យអសុរស​ទៅ​លើ​បុគ្គលិក​ផ្នែកអប់រំជាដើម​។

អ្នកស្រីថ្លែងថា៖ «គ្រូៗ គាត់ធ្វើកូដកម្មនេះដើម្បីទាមទារឱ្យ​ផ្លាស់ប្តូរ​នាយក ផ្លាស់ប្តូរអ្នកដឹកនាំថ្មី​ ពីព្រោះនាយកចាស់ គាត់ឃើញតែលុយ គាត់ស៊ី និយាយទៅគាត់ចាយលុយសាលាហ្នឹង អត់មានប្រាប់កូនចៅថាចំណាយប៉ុន្មាន? ចំណូលប៉ុន្មានអីទេ អត់មានប្រជុំប្រាប់បុគ្គលិកទេ[…] ហើយ​គាត់ប្រើពាក្យសម្តីមកលើបុគ្គលិក សុទ្ធតែគ្រូសំរាម គ្រូថោកទាប គ្រូកាពិ អត់ខួរអីចឹងៗ ដល់ពេលគេទ្រំាំយូរហើយ​ ចឹងទៅ​តាំងពីគាត់មកហ្នឹង គាត់អត់បានយកលុយសាលាមកអភិវឌ្ឍន៍​សាលាទេ សាលាដែលថ្មី សាលាដែលល្អ សុទ្ធតែជំនួយគេដែលធ្វើ​ហើយ​ស្រេចៗតែម្តង»។

គ្រូបង្រៀន​នៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយរូបទៀត​ លោក ប៉ោក សិទ្ធ បានលើកឡើង​ថា គ្រូ​បង្រៀន និង​សិស្ស​នៅទីនោះ ស្នើ​ឱ្យ​ដកគណៈគ្រប់គ្រង​សាលាទាំង២រូបនេះចេញ ដើម្បី​ឱ្យ​វិទ្យាល័យ​នេះ មាន​ស្ថាន​​ភាព​​ល្អប្រសើរ​ឡើងវិញ​​​ ព្រោះថ្នាក់ដឹកនាំបច្ចុប្បន្ន​ប្រព្រឹត្តអំពើពុករលួយ គ្រប់គ្រង​ថវិកា​​គ្មានតម្លាភាព និងមិនគោរពក្រម​សីលធម៌​របស់​ខ្លួន។

លោក​ថា៖ «រយៈពេលដែលគាត់កាន់តំណែងជានាយក​តាំងពីឆ្នាំ​២០១១មកដល់ពេល​នេះ ការអភិវឌ្ឍ​មិនមាន​រីក​ចំរើន ឃុបឃិតជាប្រព័ន្ធ គាត់​បក្សពួកនិយម មិត្តភ័ក្រនិយម គ្រួសារនិយម លុយកាក់​មិនមាន​តម្លា​ភាព អត់​មានផ្សាយ​ឱ្យ​ពួកយើងដឹងទេ ហើយសម្តី សីលធម៌របស់គាត់មិនសមជាគណៈ​គ្រប់​គ្រង​ទេ គាត់​ប្រើពាក្យគ្រូអាចម៍ គ្រូសូន្យ គ្រូកាពិ គឺគ្មានការលើកទឹកចិត្តទេ»។

ចំណែក គ្រូបង្រៀននៅវិទ្យាល័យជាស៊ីមឈូកវ៉ាមួយ​រូប​ទៀត សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងដែរ​ថា នៅពេល​ប្រជុំ​ម្តងៗ នាយកវិទ្យាល័យរូប​នេះ ​តែងតែលើករឿង​បញ្ហាលុយមកនិយាយ​​​ ក្នុងនោះ​​តម្រូវឱ្យ​សិស្ស​បង់​ថ្លៃទឹកភ្លើង ធ្វើវិក័យបត្រ​ចំណាយបំប៉ោងតួលេខ និងយកតារាងបាល់និងតូបក្នុងសាលាទៅជួលឱ្យឯក​ជន ដោយមិនមានការ​ពិភាក្សា​ជាមួយ​បុគ្គលិក​ជាដើម។​

អ្នកស្រី​​​ថ្លែង​​ថា៖ «សម្រាប់ខ្ញុំ សុំឱ្យផ្លាស់ប្តូរ[នាយកសាលា]តែម្តង ដើម្បីឱ្យសាលាយើងមានតម្លាភាព ទុកឱ្យកូនចៅជំនាន់ក្រោយបានល្អ»។

ចំណែក សិស្ស​នៅវិទ្យាល័យ​ជាស៊ីមឈូកវ៉ា​មួយ​រូប សុំមិនបញ្ចេញឈ្មោះ បាននិយាយថា ថ្នាក់ដឹកនាំសាលា​ បាន​តម្រូវ​ឱ្យសិស្ស​បង់លុយ​ថ្លៃទឹកភ្លើង ប្រើប្រាស់ App ដើម្បីតាមដានការសិក្សារបស់សិស្ស​ក្នុងមួយឆ្នាំ​ចំនួន  ៣០ ០០០រៀល ទាំងដែលនៅក្នុងសាលាមិនមានទឹក និងភ្លើងប្រើប្រាស់គ្រប់គ្រាន់។

កញ្ញាបន្ថែមថា៖ «គាត់[នាយកសាលា]អត់បានបើកភ្លើងឱ្យ តែសិស្សបានបង់ប្រាក់ឱ្យរួចហើយ ហើយគាត់បង្ខំឱ្យអាណាព្យាបាលមកសាលាប​ង់លុ​យមួយឆ្នាំ ៣ម៉ឺនរៀល ដើម្បីចូលមើលព័ត៌មាន(ការសិក្សា)»

Newsroom Cambodia មិន​អាចសុំការអត្ថាធិប្បាយពី​​លោក ប៊ុន មុនី នាយក​វិទ្យាល័យជាស៊ីមឈូកវ៉ា ដែលរង​ការ​ចោទប្រកាន់បាននោះទេ។​

ចំណែក ​នាយករង​វិទ្យាល័យជាស៊ីមឈូកវ៉ា លោក យ៉ើ លាង បានច្រាន​ចោល​ការចោទ​ប្រកាន់របស់​គ្រូបង្រៀន និង​សិស្សមួយចំនួន ទៅលើថ្នាក់ដឹកនាំសាលា។ លោកថា​ បើសិន​ក្នុង​សាលាមា​ន​អំពើពុករលួយ ក៏មិនមានការរីកចម្រើន​ដូចសព្វថ្ងៃនេះ​ដែរ។ លោកបន្ថែម​ថា ជាធម្មតា នៅក្នុង​​ការ​ដឹកនាំ​នៅ​​​អង្គភាពមួយ តែងតែ​មាន​អ្នកខ្លះ​​ពេញ​ចិត្ត និង​​អ្នកខ្លះទៀត​​មិនពេញចិត្តបែបនេះហើយ។

លោកបន្ថែមថា៖ «រឿងនោះផ្ដើមចេញពីរឿងតូចៗ មានការជេរបញ្ចោរ​ពួកលួចម៉ាស៊ីនត្រជាក់ គ្រាន់តែជួលជាងដាក់ម៉ាស៊ីនត្រជាក់ដាក់​យប់​ហ្នឹង ចោរលួចខ្សែភ្លើងអស់ទៀត ចឹងលោកនាយកគាត់ថា មានតែចាត់វេនយាមទេ ដើម្បីរកដំណោះស្រាយកុំឱ្យបាត់ទៀត ហើយក៏​ចេះតែមានរឿងហូរហែ ហើយក៏កោះប្រជុំថ្ងៃទី​១៣ តែលោកនាយកថា មិនបាច់ប្រជុំទេថ្ងៃ១៣ហ្នឹង សម្រុះសម្រួលគ្នាត្រូវហើយ»

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា លោកស្រី​ ឃួន​ វិច្ឆិកា មានប្រសាសន៍ថា ជុំវិញការ​តវ៉ារបស់គ្រូបង្រៀន និងសិស្ស​នៅវិទ្យាល័យ​នេះ ក្រសួងអប់រំ បានរៀបចំយន្តការក្នុងការដោះស្រាយរួចរាល់ហើយ តែលទ្ធផលយ៉ាងណានោះ លោកស្រីនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។

លោក​​ស្រី​ថា៖ «ក្រសួងបានរៀបចំក្រុមការងារ ដើម្បីពិនិត្យតាមដាន និងស្រាវជ្រាវរួចហើយ»

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ[អបព] លោក សយ ច័ន្ទវិចិត្ត ថ្លែងប្រាប់ថា​៖ «មន្រ្តី អបព នឹងប្រមូលព័ត៌មានបន្ថែមទៀត ក្នុងករណីបើពិនិត្យឃើញថាមានតម្រុយនៃអំពើពុករលួយ អបព នឹងមានចំណាត់ការបន្តបន្ទាប់តាមនីតិវិធី»

នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា ការកឹបកេញទ្រព្យសម្បត្តិរបស់រដ្ឋ គឺជាក្តីព្រួយបារម្ភសម្រាប់ពលរដ្ឋទូទៅ ហើយ​​បញ្ហាដែលកើតឡើងនេះ តែងតែមាននៅក្នុង​​គ្រប់​វិស័យ​ទាំង​អស់។ ករណីនេះ លោក​បានជំរុញឱ្យ​ក្រសួង​និងស្ថាប័នពាក់ព័ន្ធ ធ្វើការ​​ស៊ើបអង្កេតឱ្យ​បាន​ត្រឹម​ត្រូវតាម​យន្តការ​ច្បាប់។

លោកថ្លែងថា៖​ «បើសិនជាមានការសង្ស័យដូច្នេះ​ គួរតែមានការត្រួតពិនិត្យ ស៊ើបអង្កេត ទៅលើករណីហ្នឹង យើងមិនទាន់ចោទថាគាត់មានការប្រព្រឹត្តទេ ប៉ុន្តែគួរមានការត្រួតពិនិត្យពីសាមីក្រសួង ពីស្ថាប័នផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងការស៊ើបអង្កេតហ្នឹង ហើយប្រសិន​បើ​រក​ឃើញ​ភស្តុតាង​ដាក់​បន្ទុក​ថា​គាត់ប្រព្រឹត្តមែន យើងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដែលមានជាធរមាន»។

លោកបន្តថា ក្រសួងអប់រំគួរតែរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការចាយវាយថវិការដ្ឋ​ ពីសំណាក់​ស្ថាប័ន​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន ហើយ​​​និងមិនត្រូវលើកលែងចំពោះការប្រព្រឹត្តអំពើពុករលួយ និងការកេង​ប្រវ័ញ្ចណាមួយ​នោះឡើយ៕